សង្គមស៊ីវិលជំរុញឱ្យ​​​រឹតបន្តឹង​ការ​ចេញ​​ចូល​​របស់​ជនជាតិ​ចិន​និង​វៀត​ណាម ខណៈរបាយ​ការណ៍​​ថា​​ជន​​ជាតិ​ពីរនេះ​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​ករណី​​ខុស​​ច្បាប់​​ច្រើន

អង្គការសង្គមស៊ីវិល ជំរុញដល់ក្រសួងពាក់ព័ន្ធ បង្កើនការ​​រឹងបន្តឹងការអនុវត្តច្បាប់ និងត្រួតពិនិត្យការចេញចូលរបស់​​ជនបរទេស ជាពិសេស ជនជាតិចិន និងវៀតណាម ខណៈរបាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញ​ថា ក្នុងរយៈពេល៧ខែមកនេះ មានជនបរទេសជាង ៦ពាន់នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា ក្នុងនោះ គឺមានជនជាតិចិន និងវៀតណាមច្រើនជាងគេ។

បើតាមសម្រង់សម្ដី លោក សុខ សុមនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ ដែលបានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដែលចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឱ្យ​ដឹងថា ក្នុង​រយៈពេល​​៧ខែមក​នេះ មានជនបរទេស​ចំនួន ៦ ៦០៨នាក់ ដែលមាន ៤៥សញ្ជាតិ ត្រូវ​បានក​ម្លាំង​សមត្ថ​កិច្ច​បណ្តេញ​ចេញ​ពី​កម្ពុជា​ ដែ​ល​ភាគ​ច្រើនជា​ជន​ជាតិ​ចិន និង​វៀត​ណាម។

ប្រភពដដែល បន្ត​ថា ជន​បរទេស​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​​ទឹ​កដី​​កម្ពុជា​ទាំង​នេះ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បើក​ល្បែង​ស៊ីស​ង​ខុស​ច្បាប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ការ​ប្រើប្រាស់​សារ​ធាតុ​ញៀន និង​ជួញ​​​ដូរ​មនុស្ស​ខុស​ច្បាប់។ ជនបរទេស​ទាំង​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ លួច​ស្នាក់​នៅក​ម្ពុជា​​ដោយ​ខុស​ច្បាប់ និង​ធ្វើកា​រ​ងារ​នៅ​កម្ពុជា​ខុស​ច្បាប់​ជាដើម។

ជុំវិញបញ្ហានេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​​​កិច្ចការ​ទូទៅនៃ​​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មានប្រសាសន៍​​​នៅថ្ងៃទី​២៩ ខែសីហាថា អត្រានៃ​ការ​បណ្តេញជន​បរទេស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ចេញពីកម្ពុជា ដែលមានចំនួន​ច្រើននេះ បង្ហាញ​ពីភាព​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ ដែល​រដ្ឋាភិបាល ជាពិសេស​ក្រសួង​សាម៉ី ត្រូវ​​បង្កើន​វិធានការ​ក្នុង​ការ​ទប់ស្កាត់ និង​រឹតបន្តឹង​ច្បាប់​ ឱ្យ​បាន​កាន់តែ​ម៉ឺង​ម៉ាត់​បន្ថែម​​ទៀត។

លោកថា៖ «យើង​ដឹង​ហើយ​ថា លំហូរចូល(នៃជនបរទេស) ជា​ការ​ទទួល​បន្ទុក​របស់​អាជ្ញាធរ​នៅតាមព្រំដែន ហើយអាច​មានភាពមិនប្រក្រតី បានគេចូលមកដោយខុសច្បាប់ អ៊ីចឹងត្រូវរឹតបន្តឹង​ទៅ​លើ​មន្ត្រី ក្នុង​ការ​អនុវត្ត​ច្បាប់ ទាក់​ទង​អំពើ​ពុក​រលួយ ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​នាំ​ឱ្យមា​ន​លំហូរ​ជន​បរទេស​ខុស​ច្បាប់ គឺ​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»។

លោក អំ សំអាត បន្តថា ការបណ្ដែតបណ្ដោយឱ្យមានវត្តមាន​ជនអន្តោប្រវេសន៍ បានចូលមករស់​នៅ​កម្ពុជា តាមរយៈរូបភាពមិន​ប្រក្រតីណាមួយក៏ដោយ បាននាំមក​នូវ​បញ្ហាស្មុគស្មាញ និង​​ធ្វើ​ឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា បង្កអសន្តិសុខសង្គម សេដ្ឋកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុក។

អ្នកធ្វើកា​រផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​ សង្កេត​​​ឃើញ​​ថា​ កន្លង​​មក មាន​ក្រុម​​ជន​ជាតិ​ចិនមួយ​ចំនួន​​ បាន​​បង្ក​​បទ​ល្មើស​​​​ជាច្រើន ជាពិសេស​បទ​ល្មើស​ឧក្រិដ្ឋ ដែល​បង្ក​ឱ្យ​មាន​ការ​រិះ​គន់ និ​ង​ការ​ភ័យខ្លាចសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​​​ ដែលការណ៍​នេះ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ធ្វើ​ការ​​​ស៊ើប​អង្កេត នាំ​យក​បណ្ដាញ​អ្នក​ព័ន្ធ​ពាក់ ក៏​ដូច​ជា​មន្ត្រី​ខិល​ខូច មក​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ក៏​ដូច​ជា​រឹតប​ណ្ដឹង​ការ​អនុវត្ត​ច្បាប់​តាម​ច្រក​ព្រំដែន មិន​ថា ផ្លូវ​គោក ផ្លូវ​អាកាស ឬផ្លូវ​ទឹក នោះទើប​អាច​ទប់ស្កាត់​បញ្ហា​នេះមានប្រសិទ្ធភាព។

ស្រដៀងនេះដែរ លោក សន ជ័យ នាយកប្រតិបត្តិ​​​អង្គ​ការ​សម្ព័ន្ធ​គណនេយ្យ​ភាពសង្គមកម្ពុជា យល់​ថា​ ជន​​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​​​​មាន​គ្នា​ជា​ក្រុមៗ ជាពិសេស​ជនជាតិចិន ​​ដែល​ពួក​គេ​អាច​​​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ និង​ប្រព្រឹត្តបទ​ល្មើស​ផ្សេង​ៗបាន ​អាច​បណ្ដាល​មក​ពីមាន​អំពើពុករលួយ និងភាពមិនប្រក្រតីណាមួយ​។

លោក​បន្តថា បញ្ហា​ជន​បរទេសចូលមក​ស្នាក់នៅ​កម្ពុជា​ដោយ​​ខុស​ច្បាប់ និ​ងប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ មិនត្រឹម​តែនាំ​ឱ្យ​​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​លើ​ឆាក​អន្តរ​ជាតិ​ និង​ប៉ះពាល់ដល់សន្តិ​សុខ​សង្គម​ប៉ុណ្ណោះទេ តែ​ក៏​អាច​ជា​កត្តា​មួយ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​​កម្ពុជា ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស​ និង​ក្លាយ​ជាជ​ន​រង​គ្រោះ នៃ​អំពើ​ឆបោក​​ផ្សេងៗ​ពី​ក្រុម​ឧក្រិដ្ឋ​កម្ម​ផង​ដែរ។ លើស​ពី​នោះ លោកថា អា​ចប៉ះ​ពា​ល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន និង​បង្ក​ការ​ភ័យ​ខ្លាច​សម្រាប់​វិនិយោគិ​ន​ជាដើម។

ករណីនេះ ​លោក សន ជ័យ ជំរុញ​​ឱ្យ​​​មាន​​ការ​​ពង្រឹង​​​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​លើការ​រស់​នៅ​របស់​ជនបរទេសទាំងអស់បន្ថែមទៀត និងពង្រឹង​ការ​អនុវត្ត​ច្បាប់ ហើយ​រក​ឱ្យ​ឃើញ​ឬសគល់​ ឬអ្នក​នៅ​ពី​ក្រោយនៃ​បញ្ហា​នេះ​ ដើម្បី​ទប់ស្កាត់​លំហូរចូល​ជន​បរទេស​​ខុសច្បាប់ និងយក​ទឹក​ដី​កម្ពុជាប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ។

លោក​ថ្លែងបន្ត​​​ថា៖ «សម្រាប់​ខ្ញុំ មុន​នឹង​បញ្ជូនទៅជារឿងមួយ តែមុននឹងបញ្ជូនជនបរទេស​ខុសច្បាប់ទៅ​វិញ សួរចម្លើយ​ឱ្យអស់ថាមកតាមឆ្លងណា ហើយអ្នកអនុវត្ត ត្រូវទៅដកតំណែងតួនាទីអ្នកដែលឱ្យដៃ។ ស្រាវជ្រាវមើល អ្នកណាអនុញ្ញាតឱ្យចូលពេលនោះ​។ លិច​ត្រ​​ង់​ណា បិទ​ត្រង់​នោះ បើ​មិន​ដូច្នោះ​ទេ រឿ​ង​ដដែលៗ​នៅ​តែកើ​ត​ឡើង​នៅ​កម្ពុជាដដែល​ជា​ដដែល»។

Press Start Cambodia ពុំអាចសុំការ​ឆ្លើយ​តប​ជុំវិញ​បញ្ហានេះ ពី​អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ​និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បាន​ទេគិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​កញ្ញានេះ។​

យ៉ាងណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃ លោក សុខ វាសនា ​ត្រូវ​​​បានទំព័រ​​ហ្វេសប៊ុក​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ស្រង់សម្តី​មក​ផ្សព្វផ្សាយ បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​បង្កើន​ការ​រឹត​​បន្តឹង​ច្បាប់​អន្តោ​ប្រវេសន៍​ ដោយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ លើ​ករណី​ជាអា​ទិ៍ ដូចជា ការ​ឆ្លង​ដែន​ចូល​មក​ដោយ​​ខុស​ច្បាប់ ការ​ស្នាក់​នៅ​ហួស​សុពល​ភាព ការ​លួច​ធ្វើ​ការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​ប្រើ​ប្រាស់​​ឯកសារ​រដ្ឋបាល​ដោយ​ក្លែង​បន្លំ​ជាដើម។

លោកបន្ត​​ថា ដូច​ទៅ​នឹ​ងបណ្តា​​ប្រ​ទេ​ស​នានា​ដែរ រាល់​ជន​បរទេស​ប្រព្រឹត្ត​បទ​ល្មើស កម្ពុជាបាន​អនុវ​ត្ត​នីតិ​វិធី​បណ្ដេញ​ចេញ និង​ខ្លះទៀតដាក់ចូលបញ្ជីខ្មៅ មិនឱ្យមកជាន់ដី​កម្ពុជាតែម្ដង។

អ្នកស្រី ស៊ឹម បូរី  អាយុ៤៣ឆ្នាំ ជាប្រជាពលរដ្ឋ​រស់​នៅ​តំបន់​​ជ្រៃធំ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល បាន​ឱ្យដឹ​ង​ថា វត្តមា​ន​ជន​ជាតិ​ចិន​ក្នុង​តំបន់​ដែល​អ្នកស្រីរស់នៅ​ បាន​បង្ក​ការ​​​ភ័យ​ខ្លាច​ដល់ក្រុម​គ្រួសារ​​​អ្នកស្រី និង​​ពលរដ្ឋ​ក្នុងភូមិ ដែល​ធ្វើ​ឱ្យ​ពួកគា​ត់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។

អ្នកស្រីថា៖ «មិន​ទាន់​ឃើញ​ផ្ទាល់​ទេ តែ​ឮ​គេថា​កន្លែង​​ចិន​​​នៅ ដូច​ថា គេ​ចាប់​ជម្រិត គេ​ធ្វើ​បាប​តែ​គ្នា​គេ​នោះ​ទេ តែ​យើង​វា​ខ្លាច​ដែរ ដល់​អ៊ីចឹង​ភ័យ​ដែរ ចេះ​តែ​ប្រាប់​កូន​ចៅ​ឱ្យ​ប្រយ័ត្ន កុំ​ឱ្យ​ជួប»។

យ៉ាងណា ​អ្នកស្រីរំពឹង​ថា អាជ្ញាធរមាន​សមត្ថកិច្ច​​ ក៏ដូ​ច​ជា​ក្រសួង​ស្ថាប័ន​​ពាក់​ព័ន្ធ នឹង​អាច​ដោះ​​ស្រាយ​​បញ្ហា​​​ជន​ជាតិ​ចិន​ ក៏​ដូច​ជា​ជ​ន​ជាតិ​​​ផ្សេង​ទៀត ដែលបានមក​ស្នាក់នៅដោយខុសច្បាប់ និង​​ប្រព្រឹត្តបទ​ល្មើស​ផ្សេង​ៗ ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សុវត្ថិភាពជូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន។

បើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​​​អចិន្ត្រៃយ៍គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​​ គឺ​នៅ​​​​ឆ្នាំ២០២៤ សមត្ថ​កិច្ចកម្ពុជា បានបណ្ដេញជនបរទេស​ល្មើសច្បាប់​ចំនួន ៥ ៨៥២នាក់ មានចំនួន ៤៦សញ្ជាតិ ចេញពីកម្ពុជា ​ក្នុងនោះមានជន​ជាតិ​​ចិន​ចំនួន ២ ៦៩៥​នាក់ ​ជន​ជាតិ​​វៀត​ណាមចំនួន​ ១ ១៩៨​នាក់ ឥណ្ឌូនេស៊ី​ចំនួន ៨៦១នាក់។ នេះ​បើតាមការ​ថ្លែង​របស់លោកស្រី នៅ​​ក្នុង​កិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ​ដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៥ កាលពីថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២៥។

ប្រភពដដែលបន្តថា អត្រា​​​​នៃ​ការ​បណ្តេញជនបរទេស​ល្មើស​ច្បាប់​​​ ​ក្នុង​ឆ្នាំ​២០២៤ មាន​​ការ​​​កើន​ឡើង​​​​ជា​​​​ឆ្នាំ​២០២៣ ដែល​​មានត្រឹម​​ ២ ១៥៩នាក់៕

អត្ថបទគួរឱ្យចាប់អារម្មណ៍