ពលរដ្ឋសហគមន៍​១៩៧​​ នៅ​​​ខេត្តកោះកុង ជំរុញ​ក្រសួង​​រៀបចំ​ដែន​ដី​​ពន្លឿន​​ការ​​​ដោះស្រាយ​​​​បញ្ហា​​​​​ដីធ្លី

ប្រជាសហគមន៍១៩៧ប្រមាណ ៤០នាក់ រស់​នៅឃុំជីខលើ ស្រុកស្រែអំបិល ​ខេត្តកោះកុង បាន​នាំគ្នា​​ឡើង​មក​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​០១ ខែ​កញ្ញានេះ ដើម្បីតាមដានញ្ញតិដែលបានដាក់​នៅ​ក្រសួង​រៀបចំដែនដី និង​​ជំរុញ​ឱ្យក្រសួង​ពន្លឿន​​ការ​​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដែលបាន​កើត​ឡើង​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ។

តំណាងប្រជាសហគមន៍១៩៧ ​អ្នកស្រី កើត នៅ និយាយ​ថា ប្រជាពលរដ្ឋ​សម្រេច​ឡើង​មកប្រមូល​ផ្តុំ​នៅ​មុខ​​ក្រសួង​​រៀប​​​ចំ​ដែន​ដី​ដោយ​ផ្ទាល់​នេះ​ ក្នុង​គោល​បំណង​សួរ​នាំ​ពី​ការ​អនុវត្តការ​ងារ​របស់​មន្រ្តី ទាក់​ទិន​នឹង​ញត្តិ​របស់​ពួក​គេ​ដែល​បានដាក់​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៥ ដែលក្នុងញត្តិ​នោះ​​ស្នើ​ឱ្យ​ក្រសួង​ជួយ​​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់ពួកគាត់​ជាមួយក្រុម​ហ៊ុន​ចំនួន​២​​​។

អ្នកស្រីបន្តថា ​កាលពីពេលដាក់ញត្តិនៅចុង​ខែឧសភានោះ​ ក្រសួងរៀបចំ​ដែន​ដី​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​​បង្វែរ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី ទៅ​ជា​ការ​ស្នើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​វិញ ហើយ​ពួក​គាត់​ក៏បា​ន​យល់​​ព្រម​​ចំពោះ​​សំណើរ​​នេះ ដោយ​ដាក់​លក្ខ​ខណ្ឌ​មួយ​ចំនួន ដូចជា សហគមន៍​មិនឆ្លងកាត់​ការសម្ភាសន៍​ឬ​សួរ​នាំ ដោយត្រូ​វ​ផ្ដល់​សំណង​ជា​កញ្ចប់ ហើយប្រសិន​បើ​បាន​សំណង​ប៉ុន្មាន​ក្នុង​មួយ​គ្រួសារ គឺ​ត្រូវ​បាន​ស្មើៗ​គ្នា​ទាំង​ ១៩៧​គ្រួសារ។

អ្នកស្រីនិយាយថា៖ «ដាក់ញត្តិជំរុញឱ្យក្រសួងដែនដី ជំរុញការដោះស្រាយផ្ដល់ដីសម្បទានឱ្យ​ពួក​​យើង មិនឆ្លងកាត់ការសម្ភាសន៍​ ដោយជាកញ្ចប់ បើឆ្លងការសម្ភាសន៍​ពួកយើងមិនព្រមទទួលយកទេ នៅតែទាមទារដំណោះស្រាយ»។

ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន​​។ ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតា ជាមួយក្រុមហ៊ុ​​​នឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគ​ម​​ន៍​ នៅមិន​ទា​ន់​​​​​​​​​​​អាចរកច្រកចេញបាននៅឡើយ។ ក្រៅពីការដាក់ញត្តិទៅក្រសួងដែនដី ប្រជាសហគមន៍ក៏បានដាក់ញត្តិស្វែងរកដំណោះ​ស្រាយ​ពីអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ផងដែរ។

ប្រជាសហគមន៍មួយរូបដែលបានឡើងមកតាមដានញត្តិផងដែរ លោក ប៉ែន ផែង​វណ្ណៈ អាយុ៥៩​ឆ្នាំ សង្ឃឹម​ថា ក្រសួងនឹងមានដំណោះស្រាយចំពោះករណីនេះ ដោយសារជម្លោះបានកើតឡើងជាយូរឆ្នាំមកហើយ។ លោកបន្តថា ស្រែចំការ​ និងដំណាំចន្ទីរបស់លោក បានខ្ទេចខ្ទីនៅពេល​​ដែលក្រុម​ហ៊ុន​​បាន​ចាប់​ផ្ដើម​ចូល​ទៅ​ឈូស​ឆាយ​មក​ដល់​តំបន់​របស់​លោកធ្លាប់អាស្រ័យផល​។

លោក​បន្តថា បច្ចុប្បន្នលោកនៅមានកូនចំនួនពីរនាក់នៅក្នុងបន្ទុក ដែលពួកគេកំពុងរៀនថ្នាក់ទី៥​និងទី៧ ខណៈលោកមានការងារនៅក្រុមហ៊ុនឯកជន និងមានសល់ដីស្រែខ្លះសម្រាប់បង្កបង្កើនផលផ្សំគ្នា។

ប្រជាសហគមន៍​​​​រូបនេះ ស្នើឱ្យក្រសួង​ផ្ដល់ដីសង្គមកិច្ចទំហំ ៣ហិកតា និង​សំណង​៧ពាន់​ដុល្លារ​។

លោកនិយាយថា៖ «ដំណោះស្រាយចង់បានដីនិងសំណងខ្លះ ព្រោះកាលគាត់ [ក្រុមហ៊ុន] រំលោភយកទៅ គាត់បានឆូសបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋជាច្រើន​ ដូចជាដំណាំស្វាយចន្ទី ដីស្រែ ដើមដូង អី»។

អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត មិនអាចសុំ​ការអត្ថាធិប្បាយបាន ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។

ស្របពេលប្រជាសហគមន៍​ កំពុង​​​ប្រមូលផ្តុំ​នៅ​មុខ​ក្រសួងរៀបចំដែនដី​នេះ គេ​សង្កេត​ឃើញ​មាន​មន្ត្រី​ក្រសួង​ បានចេញមក​ជួបសួរនាំពួកគាត់ផងដែរ ប៉ុន្តែលទ្ធផលឬការ​ឆ្លើយតប​​យ៉ាងណា​​នោះ នៅ​មិន​ទាន់​ដឹងនៅ​ឡើយ គិត​ត្រឹម​​ម៉ោង​​ជាង​៤រសៀល​ថ្ងៃ​ចន្ទនេះ។  

ចំណែក អភិបាលរងខេត្តកោះកុង លោក ឈេង សុវណ្ណដា មានប្រសាសន៍យ៉ាងខ្លីជុំវិញបញ្ហាដីធ្លីនេះ​​ថា ៖ «យើងបានធ្វើរបាយការណ៍ជូនក្រសួងអស់ហើយ ការងារហ្នឹង។ យើងរាយការណ៍​ជូនក្រសួងហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធ​ខ្មែរ​ជំរឿននិង​ការពារសិទ្ធិមនុស្ស (លីកាដូ)​​លោក អំ សំអាត មាន​ប្រសាសន៍​​ថា ជម្លោះដីធ្លីដ៏រាំរ៉ៃនៅសហគមន៍១៩៧ រួមទាំងសហគមន៍ដីធ្លីផ្សេងទៀតក្នុងខេត្តកោះកុង ល្មមដល់ពេលដែលស្ថាប័នពាក់ព័ន្ធពន្លឿនក្នុងការដោះស្រាយ ដើម្បីចៀសវាងប៉ះពាល់ជីវភាពរបស់​​ប្រជាពលរដ្ឋ ​ខណៈពលរដ្ឋមួយ​ចំនួន​ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់​ និង​ឃុំខ្លួនក្នុង​ពន្ធនាគារ ដែលជាបន្ទុកដល់គ្រួសារគេបន្ថែមទៀត។

លោកបញ្ជាក់ថា៖ «ករណីនេះ នាំឱ្យប៉ះពាល់ជីវភាពរស់នៅរបស់សហគមន៍​ដែលរង់ចាំនូវដំណោះ​ស្រាយ។ ម្យ៉ាងទៀតកន្លងមក មានតំណាងសហគមន៍ជាច្រើននាក់ នៅ​ក្នុងខេត្តកោះ​កុង​នេះ​ត្រូវបាន​ចាប់​ខ្លួន ចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ដែលជាបន្ទុកមួយបន្ថែមទៀតសម្រាប់គ្រួសារ និងពួកគាត់។ ដូច្នេះ​ករណីដីធ្លីនេះគឺល្មមដល់ពេលដែលក្រសួង និងស្ថាប័នពាក់ព័ន្ធពន្លឿនដំណោះស្រាយសម្រាប់ពួកគាត់ឱ្យបានឆាប់»

អត្ថបទគួរឱ្យចាប់អារម្មណ៍