សមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិនៅស្ថានទូត និងស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីអន្តរាគមន៍ឱ្យវៀតណាម ដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១៦អង្គ/នាក់ ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជំនឿសាសនា និងការអភិរក្សវប្បធម៌ដោយសន្តិវិធី។
នៅព្រឹកថ្ងៃទី២៩ ខែមេសា សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រមូលផ្ដុំគ្នាប្រមាណ១០០នាក់ នៅទីស្នាក់ការសមាគមដែលស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏បន្តដាក់ញត្តិតាមស្ថានទូត និងស្ថាប័នអន្តរជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សលើខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំ។
តែយ៉ាងណា ញត្តិដែលគ្រោងដាក់នៅស្ថានទូត និងស្ថាប័នអន្តរជាតិចំនួន៥ រួមមាន ស្ថានទូតសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី វៀតណាម និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យដាក់ញត្តិនៅក្រសួងការបរទេសជំនួសវិញ ហើយក្រសួងនឹងបញ្ជូនបន្តទៅស្ថានទូតវៀតណាម រួមទាំងស្ថានទូតផ្សេងៗទៀត។
បើតាមញត្តិដែលដាក់ទៅកាន់ស្ថានទូតបរទេស តាមរយៈក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា វៀតណាម ត្រូវតែដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង១៦អង្គ/នាក់ ដែលកំពុងជាប់ឃុំជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយអាជ្ញាធរវៀតណាមត្រូវអនុញ្ញាត និងទទួលស្គាល់ព្រះសង្ឃឡើងវិញ ចំពោះព្រះតេជគុណ គឹម សំរិន ថែមទាំងទាមទារឱ្យរដ្ឋាភិបាលវៀតណាម ពិចារណាធ្វើវិសោធនកម្មមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌ ដើម្បីធានាថា ខ្លឹមសាររបស់វាស្របតាមគោលការណ៍សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ខ្លឹមសារក្នុងញត្តិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានចាប់ខ្លួនសកម្មជន និងព្រះសង្ឃខ្មែរក្រោមចំនួន១៦អង្គ/នាក់ ដោយពួកគេ បានចាត់ទុកថា ការចាប់ខ្លួននេះ ជាការបង្ហាញថា រដ្ឋាភិបាលវៀតណាម នៅតែបន្តគាបសង្កត់មកលើសហគមន៍ខ្មែរក្រោម ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើម សេរីភាពខាងសាសនា និងការអភិរក្សវប្បធម៌ដោយសន្តិវិធី។
ញត្តិដដែរ បន្តថា ក្នុងចំណោម១៦អង្គ/នាក់ មានព្រះតេជគុណ គឹម សំរិន ដែលបានតស៊ូមតិដើម្បីសិទ្ធិសាសនា និងជនជាតិដើមរបស់ខ្មែរក្រោមជាយូរមកហើយ និងសកម្មជនលេចធ្លោពីររូប គឺ លោក ថាច់ ង៉ា និងលោក ថាច់ ស្វឹងដុង។ អ្នកទាំងនោះភាគច្រើនរងបទចោទ «រំលោភលើសេរីភាពប្រជាធិបតេយ្យ» តាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម។
សមាគមខ្មែរកម្ពុជាក្រោម បានបន្តចាត់ទុកថា ការចាប់ផ្សឹក ការឃុំខ្លួន ការបណ្ដេញព្រះសង្ឃចេញពីវត្ត និងការរុះរើសំណង់សាលាឈទានខ្មែរក្រោម គឺជាអំពើដ៏ធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស ជាពិសេសការរំលោភលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំដោយសន្តិវិធី សេរីភាពក្នុងការអនុវត្តជំនឿសាសនា ដែលជាសេរីភាពមូលដ្ឋានរបស់ជនជាតិដើម និងសិទ្ធិមនុស្សទូទៅ ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមភាគតិច ដែលវៀតណាមជាភាគីហត្ថលេខីផងដែរ។
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ សង្ឃឹមថា ការដាក់ញត្តិនេះ នឹងទទួលបាននូវលទ្ធផលវិជ្ជមានមួយចំនួន ដែលធ្លាប់ទទួលបានពីមុនមក ដោយសារសហគមន៍អឺរ៉ុប បានអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម។
លោកបានអះអាងថា អាជ្ញាធរវៀតណាមតែងតែស្នើកម្ពុជាឱ្យយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្លួនដែលរស់នៅកម្ពុជា ហេតុដូច្នេះហើយលោករំពឹងថា រដ្ឋាភិបាលកម្ពុជា នឹងនាំយកបញ្ហាដែលខ្មែរក្រោមជួបប្រទះ ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាមផងដែរ។
លោកនិយាយថា៖ « «រដ្ឋាភិបាលវៀតណាមគេមកកម្ពុជាម្តងៗ គេស្នើឱ្យមានការយកចិត្តទុកដាក់ ផ្តាំសួរសុខទុក្ខ មើលសុខទុក្ខរបស់ពលរដ្ឋគេនៅកម្ពុជារាប់សែននាក់ មិនមែនរាប់ពាន់នាក់ទេ រាប់សែននាក់ យ៉ាងណាមិញ យើងនៅកម្ពុជាក្រោមរាប់លាននាក់ អីចឹងរដ្ឋាភិបាលកម្ពុជា ក៏មានក្តីសង្ឃឹម និងមានសុទិដ្ឋិនិយមថា រដ្ឋាភិបាលនឹងពាំនាំបញ្ហានេះ ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម ដូចគ្នាយ៉ាងអីចឹងដែរ»។
ព្រះតេជគុណ គង់នៅវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ព្រះនាម សិរី វឌ្ឍនៈ មានសង្ឃដីកានៅកន្លែងជួបជុំគ្នាថា ព្រះសង្ឃខ្មែរក្រោម និងសកម្មជនខ្មែរក្រោម ពេលខ្លះគ្រាន់តែធ្វើសកម្មភាពសាសនា និងរៀនសូត្រអំពីសៀវភៅសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីបង្រៀនខ្មែរក្រោមនៅទីនោះ ក៏អាជ្ញាធរវៀតណាម ចោទប្រកាន់ និងចាប់ផ្សឹកដែរ។
ព្រះតេជគុណ មានសង្ឃដីកាថា៖ «តាមការសង្កេតរបស់អាត្មាកន្លងមក ឃើញថា ព្រះសង្ឃខ្មែរក្រោមនៅទីនោះ ពេលខ្លះទៅគ្រាន់តែសកម្មភាពសាសនា សកម្មភាពអប់រំ ការពង្រឹងទំនៀមទម្លាប់ប្រពៃណី ឬក៏សកម្មជនខ្មែរក្រោមនៅទីនោះ គ្រាន់តែកាន់សៀវភៅអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីស្វះស្វែង ដើម្បីបង្រៀនទៅដល់បងប្អូនខ្មែរកម្ពុជាក្រោមនៅទីនោះ គ្រាន់តែប៉ុណ្ណឹងសោះ ក៏រដ្ឋាភិបាលមានការចោទប្រកាន់ ចាប់ផ្សឹក និងចាប់ខ្លួន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការដាក់ញត្តិតាមទូតរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីស្វែងរកកិច្ចគាំពារដល់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម គឺស្របតាមច្បាប់។
លោក សំអាត ក៏បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៣៣ កថាខណ្ឌ២ ចែងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ ខណៈច្បាប់ស្តីពីសញ្ជាតិ មាត្រា៨ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យាបាយការទូត និងមិនមានបាត់បង់សញ្ជាតិដោយខ្លួនឯងឡើយ។
លោកបន្តថា៖ «ដូច្នេះក្រសួងការបរទេសកម្ពុជាអាចពិនិត្យលទ្ធភាពតាមផ្លូវការទូត ដើម្បីជួយគាំពារប្រជាពលរដ្ឋកម្ពុជាក្រោម»។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ពុំអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៩ ខែមេសានេះ។
នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ពោលគឺបាំងតែជាងមួយខែទៀត គឺជាខួប៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលត្រូវបានបារាំងដាក់បញ្ចូលក្នុងទឹកដីវៀតណាម កាលពីឆ្នាំ១៩៤៩ នៅពេលដែលបារាំងដាក់អាណានិគមលើកម្ពុជា ដែលមានមានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ ឱ្យដឹងថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ទទូចឱ្យអាជ្ញាធរវៀតណាម ធ្វើការដោះលែងសកម្មជនខ្មែរកម្ពុជាក្រោម ទាំង១៦អង្គ/នាក់ ប្រសិនបើពួកគេគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពដែលស្របតាមគោលការណ៍របស់សិទ្ធិមនុស្សអន្តរជាតិ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា ក៏ត្រូវមានវិធានការនិងអន្តរាគមន៍ផងដែរ ដើម្បីឱ្យខ្មែរក្រោមអាចអនុវត្តសិទ្ធិសេរីភាពដូចខ្មែរកណ្ដាល ដោយសារតែកន្លងមករដ្ឋាភិបាលកម្ពុជា តាំងពីសម័យសង្គមរាស្រ្តនិយមបានចាត់ទុកខ្មែរក្រោមជាពលរដ្ឋខ្មែរដែរ។
លោកបញ្ជាក់ថា៖ «យើងទទូចឱ្យប្រទេសវៀតណាម ធ្វើការដោះលែងសកម្មជនខ្មែរកម្ពុជាក្រោមដែលមានការចាប់ខ្លួនកន្លងទៅ ធ្វើយ៉ាងណាឱ្យគេមានសេរីភាពនៅក្នុងការអនុវត្តសិទ្ធិរបស់គេ បើគ្រាន់តែគេប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមពលរដ្ឋ គោរពតាមគោលការណ៍សិទ្ធិមនុស្ស»៕
…………………………….
អត្ថបទដោយ៖ វ៉ា សុភានុត