កម្ពុជា និងថៃ ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន តាមរយៈការដោះស្រាយបញ្ហារាយបន្លាលួស និងការសម្រួលដល់ការវិលត្រលប់មកផ្ទះសម្បែងវិញរបស់ពលរដ្ឋ។
ការបង្ហាញពីការប្តេជ្ញាចិត្តនេះ ធ្វើឡើងអំឡុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងយោធភូមិភាគទី១របស់ថៃ ក្នុងខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃសុក្រថា ក្នុងកិច្ចប្រជុំ កម្ពុជានិងថៃបានឯកភាពក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងគ្រប់កម្រិតតាមបណ្ដោយព្រំដែន ហើយក៏ពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហារាយបន្លាលួស កាត់បន្ថយការលំបាកដល់ពលរដ្ឋនៅមូលដ្ឋាន និងសម្រួលដល់ការវិលត្រលប់មកផ្ទះសម្បែងវិញរបស់ពលរដ្ឋ ដោយសុវត្ថិភាពឱ្យបានឆាប់បំផុត។
លោកស្រី និយាយថា៖ «នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានពិភាក្សាគ្នា ក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានូវការរាយលួសបន្លា និងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗ ក្នុងការកាត់បន្ថយការលំបាក ដល់សហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេសថៃ ដោយជំទាស់នឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលបានពង្រាយបន្លាលួស សំណាញ់ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជា ដោយទាមទារឱ្យកងកម្លាំងថៃដកសម្ភារៈ ទាំងអស់ចេញវិញ។
ពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់រងការហ៊ុមព័ទ្ធផ្ទះសម្បែងដោយបន្លាលួសពីកងកម្លាំងថៃ លោក ទូច មេត អាយុ៦៥ឆ្នាំ និយាយថា សព្វថ្ងៃគ្រួសាររបស់លោក បានទៅរស់នៅក្នុងតង់ខៀវ ដោយសារផ្ទះរបស់លោកនៅក្បែរនឹងទីតាំងរបស់ថៃដែលវាតទីយកខ្លាំងពេក បើទោះបីជាផ្ទះរបស់លោកនៅពេលនេះមិនទាន់មានបញ្ហាអ្វីក៏ដោយ។
ពលរដ្ឋប្រកបរបរស្រែចំការរូបនេះ សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងថៃ នឹងមានភាពល្អប្រសើរឡើងវិញ ដើម្បីលោកអាចត្រលប់ទៅរស់នៅនិងប្រកបរបរសារជាថ្មី។
លោកនិយាយថា៖ «ចង់ឱ្យដូចដើម ពិបាករកស៊ីណាស់ អត់មានអីរកផង ខ្ញុំមកដេកអត់ សព្វថ្ងៃមិនហ៊ានធ្វើអីទេ។ ផ្អាក [នៅផ្ទះ] សិនចាំមើលសភាពការណ៍សិន»។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយ កត់សម្គាល់ថា ទាំងរដ្ឋាភិបាលនិងយោធាថៃ ឯកភាពតែលើក្រដាសប៉ុណ្ណោះ ដោយមិនផ្ដល់តម្លៃលើការឯកភាពជាមួយកម្ពុជាឡើយ។ ជាក់ស្ដែង លោកថា ការយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប កាលពីកិច្ចប្រជុំនៅថ្ងៃទី០៧ ខែសីហា ក៏យោធាថៃមិនទាន់អនុវត្តតាមផងដែរ។
លោកបន្តថា៖ «ខ្ញុំគិតថា ជំរុញឱ្យភាគីថៃទាំងមូលតែម្ដង រដ្ឋាភិបាលថៃ ក៏ដូចជាយោធាថៃហ្នឹង កុំឱ្យឯកភាពតែលើក្រដាស ត្រូវបង្ហាញសកម្មភាព ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាស់ឱ្យបានទៀងទាត់ បើមិនចឹងទេ ការចរចាក្នុងក្របខណ្ឌភូមិភាគ វាមិនមានប្រសិទ្ធិភាព»។
កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)នេះ កើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ហើយក៏មានចែងឱ្យកោះប្រជុំ(RBC) ក្នុងរយៈពេលពីរសបា្តហ៍បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងកិច្ចប្រជុំនឹងត្រូវកំណត់ស្របទៅតាមការធ្វើជាម្ចាស់ផ្ទះប្តូរវេនជាទៀងទាត់។
ត្រលប់ទៅកិច្ចប្រជុំ RBC ភាគីកម្ពុជា-ថៃ ក៏បានបញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច។ តាមការឯកភាពគ្នាចំនួន១៣ចំណុចនោះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តតាមគោលការណ៍ចម្បងជាច្រើន ដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ និងបន្ថយស្ថានភាពតានតឹងតាមបណ្តោយព្រំដែនខ្មែរ ថៃ។
គោលការណ៍ទាំងនោះ រួមមាន ការឈប់បាញ់ ដែលរាប់បញ្ចូលអាវុធគ្រប់ប្រភេទ និងមិនវាយប្រហារលើជនស៊ីវិល និងគោលដៅយោធារបស់ភាគីណាមួយ ក្នុងគ្រប់ករណីនិងគ្រប់តំបន់។ ភាគីទាំងពីរ ក៏ព្រមព្រៀង រក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤:០០នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត៕