គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេសថៃ ដោយជំទាស់នឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលបានពង្រាយបន្លាលួស សំណាញ់ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជា ដោយទាមទារឱ្យកងកម្លាំងថៃដកសម្ភារៈ ទាំងអស់ចេញវិញ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងថា កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មការព្រំដែនចម្រុះកម្ពុជា តាមរយៈក្រសួងការបរទេស បានដាក់លិខិតតវ៉ាទៅប្រទេសថៃ ចំពោះសកម្មភាពកងកម្លាំងថៃដែលបានរំលោភបំពានក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។
លោកបន្តថា ក្នុងលិខិតតវ៉ានោះ គណៈកម្មការ JBC កម្ពុជា បានស្នើឱ្យភាគីថៃ ដកសម្ភារៈទាំងអស់របស់ខ្លួនដែលបានពង្រាយក្នុងដែនអធិបតេយ្យភាពកម្ពុជាចេញ ហើយបានចាត់ទុកសកម្មភាពរបស់កងកម្លាំងថៃនេះថា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ។
លោកបានបញ្ជាក់ថា៖ «JBC កម្ពុជា បានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ ចេញពីតំបន់ទាំងឡាយដែលបានរំលោភ យើងយល់ថា ស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់»។
អ្នកនាំពាក្យរងក្រសួងការបរទេស លោក ហុក សុភា ថ្លែងបញ្ជាក់ប្រាប់ Press Start Cambodia យ៉ាងខ្លីថា៖ «គណៈកម្មការJBC ដាក់ពាក្យតវ៉ាតែត្រូវដាក់តាមក្រសួងការបរទេស ហើយដាក់តវ៉ានេះ គឺដាក់ទៅភាគីថៃ មិនមែនទៅភាគីទី៣ណានោះទេ»។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ ក្នុងអំឡុងចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដែលជាទីកន្លែងយោធាថៃរាយបន្លាលួសរំលោភយកទឹកដីកម្ពុជា នៅតាមច្រកព្រំដែន នៅថ្ងៃទី១៥ ខែសីហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១២គ្រួសារ ស្មើនឹង៥៩នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន ដោយការរុលចូលទឹកដីកម្ពុជាពីសំណាក់យោធាថៃ។
លោកបន្តថា ប្រជាពលរដ្ឋទាំងនោះ មាននៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយក្នុងពេលយកបន្លាលួសមកទន្ទ្រានយកទឹកដីកម្ពុជានេះ ក៏មានការវាយរបងផ្ទះរបស់ប្រជាពលរដ្ឋកម្ទេចចោលផងដែរ។
ពលរដ្ឋមួយរូបដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ អ្នកស្រី ហ៊ូល ម្លិះ អាយុ៥២ឆ្នាំ និយាយថា ជារៀងរាល់ថ្ងៃ អ្នកស្រីដេកពីក្រោយផ្ទះរបស់អ្នកស្រី ដែលត្រូវបានបង្ខាំងដោយបន្លាលួស និងសំណាញ់ខ្មៅរបស់កងកម្លាំងថៃ។
អ្នកស្រី និយាយថា៖ «មានអារម្មណ៍ថាឈឺចាប់ មានផ្ទះតែមិនបាននៅ។ ខ្ញុំសង្ឃឹមថា ១០០ភាគរយ ខាងថ្នាក់លើ ខាងពុក [លោក ហ៊ុន សែន] ខាងម៉ែខ្ញុំ គាត់ជួយខ្ញុំទាល់តែបាន តាមមើល ខ្ញុំជឿជាក់គាត់ហ្មង»។
អ្នកស្រី បានរំលឹកថា កាលពីថ្ងៃទី១៣ ខែសីហា កងកម្លាំងថៃ បានប្រាប់ឱ្យអ្នកស្រីចាកចេញពីផ្ទះ ដោយទុកពេល២០នាទីសម្រាប់យកសម្ភារៈ ខណៈអ្នកស្រីយកបានតែខោអាវនិងចាន ឆ្នាំងប៉ុណ្ណោះ។
អ្នកស្រីអះអាងថា ក្នុងភូមិរបស់គាត់ មានពលរដ្ឋ៦គ្រួសារ ត្រូវបានកងកម្លាំងថៃហ៊ុមព័ទ្ធផ្ទះ ខណៈអ្នកស្រីបានរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយរដ្ឋបានចែកដីជូន ហើយក្រោយមកអ្នកស្រី បានទិញដីពង្រីកបន្ថែម។ អ្នកស្រីបន្តអះអាងទៀតថា ពីផ្ទះរបស់អ្នកស្រីទៅកាន់ព្រំដែន ឬប៉ុស្តិ៍តម្រួតថៃ មានចម្ងាយប្រមាណ ៨០០ម៉ែត្រ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ថៃនឹងមិនយល់ព្រមតាមការស្នើរបស់កម្ពុជាក្នុងការដកបន្លាលួស ដោយគ្រាន់តែការដាក់លិខិតតវ៉ាទៅថៃនោះទេ។ លោកយល់ថា រដ្ឋាភិបាលកម្ពុជា គួរមានវិធីសាស្រ្តផ្សេង ដើម្បីទប់ស្កាត់សកម្មភាពរបស់កងកម្លាំងថៃ ដូចជាប្រើប្រាស់ច្បាប់អន្តរជាតិ ឬលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថៃជាប្រទេសហត្ថលេខីផងដែរ ទៅកាន់អង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍។
លោកថា៖ «ប្រសិនបើកម្ពុជាប្រើយន្តការច្បាប់អន្តរជាតិ ឬកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាធ្លាប់ចុះហត្ថលេខា ហើយថៃជាហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹង ទៅអង្គការសហប្រជាជាតិ ជួយអន្តរគមន៍ទើបមានប្រសិទ្ធភាព»។
កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួស និងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះថ្ងៃទី១៤ ខែសីហា រដ្ឋាភិបាលកម្ពុជា ក៏បានទាមទារឱ្យភាគីថៃ ដកបន្លាលួស និងកង់ឡានដែលបានដាក់ពង្រាយចេញ ហើយទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (JBC)៕