សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងអង្គការ​សង្គមស៊ីវិល ស្នើតុលាការ​កំពូល​​​ដោះលែង​​​​សកម្មជន​ចលនា​មាតាធម្មជាតិចំនួន ៥នាក់ ​ឱ្យ​​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ​ដោយពួកគេយល់ថា សកម្មជនទាំងនោះ គ្រាន់តែធ្វើការងារដើម្បីថែរក្សា​​ធនធានធម្មជាតិ និងពុំបានប្រព្រឹត្តកំហុសដូចការ​ចោទ។​

ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពី​តុលាការកំពូល នាព្រឹកថ្ងៃទី២៣ ខែមេសានេះ បានបើកសវនាការជំនុំជម្រះ​​​​លើ​សំណើរសុំ​នៅក្រៅឃុំរបស់​សកម្មជន​ចលនាមាតាធម្មជាតិទាំង៥នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ក្រោយពីសំណើរសុំនៅក្រៅឃុំរបស់ពួកគេត្រូវបានសាលាឧទ្ធរណ៍ ច្រានចោលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៥។

អ្នក​ស្រី​ ប៉ាត់​ រស្មី ជា​ភរិយា​របស់​លោក​ ថុន រដ្ឋា បាន​លើក​ឡើង​​ថា ​សកម្មភាព​​របស់​សកម្មជន​បរិស្ថាន​​​ទាំង​​​៥​រូប មិនបាន​បំផ្លាញជាតិនោះទេ ​គឺ​មានតែ​ការ​ការពារ​ធនធានធម្មជាតិ និងលាត​ត្រដាងនូវ​ភាពអសកម្ម​​​របស់​មន្ត្រី​មួយចំនួននៅ​មូល​ដ្ឋានប៉ុណ្ណោះ ដែលការណ៍នេះ អ្នកស្រី​ស្នើ​ដល់​តុលាការ​កំពូល ពិចារណា​​ក្នុងកា​រដោះលែងពួកគាត់ឱ្យក្រៅឃុំ និង​ទម្លាក់ចោលបទចោទ​ប្រកាន់។

អ្នក​ស្រី​ថ្លែង​​ថា​៖ «ពួក​គាត់​ធ្វើ​ការងារ​ដើម្បី​តែ​បរិស្ថាន​ បែរ​ជា​ចោទ​ប្រកាន់​ពួក​គាត់​ ដល់​ថ្នាក់​រួម​គំនិត​ក្បត់​ហ្នឹង​ គឺ​ជា​រឿង​អយុត្តធម៌​មែន​ទែន​ ហើយ​ការកាត់​ទោស​គាត់​ដល់​ទៅ​ ៦ឆ្នាំ​គឺ​យូរ​មែន​ទែន​។ ពួក​គាត់​គឺ​ជា​​សកម្មជន​ស្រឡាញ់​បរិស្ថាន​ ដែល​ហ៊ាន​និយាយ​ពី​ការ​បំផ្លិច​បំផ្លាញ​របស់​អ្នក​មាន​អំណាច​មួយចំនួន​[…] អ្នកពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល គួរមើលឡើង​វិញ ហើយ​គួរតែដោះលែងពួកគាត់ឱ្យ​មានសេរីភាពឡើង​វិញ ដើម្បីឱ្យ​ពួកគាត់​​បានការ​ពារ​ធនធាន​ធម្មជាតិ ក៏ដូចជា​លាតត្រដាង​នូវ​​មន្ត្រីមួយចំនួន​ដែលពុករលួយ​ អីចឹង​យើងអត់មាន​អីទេ មានតែ​​ស្នើសុំឱ្យ​តុលាការ​ច្រាន​ចោលបទ​ចោទប្រកាន់ទាំង​អស់​ទៅលើ​គាត់ ហើយឱ្យគាត់​មានសេរីភាពឡើង​វិញ ដើម្បីជួបជុំគ្រួសារ ដើម្បីផ្តល់ភាពកក់ក្តៅ​ឱ្យ​ប្រ​ពន្ធ​និង​កូន»។

អ្នក​ស្រី​បន្ថែម​ទៀត​ថា ​បើ​សិន​ជា​ប្តី​របស់​គាត់​នៅ​តែ​បន្ត​ជាប់​ឃុំ អ្នកស្រី​​និង​កូនៗ​គឺ​ពុំ​មាន​ប្រាក់​ចំណូល​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ដោយ​អ្នក​ស្រី​មាន​កូន​ក្នុងប​ន្ទុក​ចំនួន​បី​នាក់​។

រីឯម្តាយរបស់លោក លី ​ចាន់តារ៉ាវុត ដែលសុំមិនបញ្ចេញឈ្មោះ មាន​ប្រសាសន៍ដែរថា កូនប្រុសរបស់អ្នកស្រី មិនសមនឹងទទួលបានការចោទប្រកាន់នោះទេ ព្រោះអ្វីដែលគាត់​​​បានធ្វើ គឺគ្រាន់តែដើម្បី​ថែ​រក្សាធន​ធាន​ធម្មជាតិ​ប៉ុណ្ណោះ។

អ្នក​ស្រីថា៖ «សម្រាប់មីង មីងអត់ទទួលយកបានទេ ព្រោះអីពួកគាត់ត្រឹមតែអ្នកការពារបរិស្ថាន មិនមាន​​អីល្មើសច្បាប់ ធម្មតាពលរដ្ឋទាំងអស់មានសិទ្ធិការពារធនធានធម្មជាតិ និងបរិស្ថានរបស់ខ្លួន ដើម្បីប្រទេស​ខ្លួន ចឹងមីងពិបាកទទួលយកនឹងលទ្ធផលកន្លងមក ហើយមីងសង្ឃឹមថាសវនាការថ្ងៃនេះនៅសាលាកំពូល[តុលាការ​កំពូល​]ហ្នឹងនឹងមានយុត្តិធម៌សម្រាប់ពួកគាត់[…] នៅតុលាការកំពូលសូមឱ្យផ្តល់យុត្តិធម៌សម្រាប់​​គាត់ ហើយផ្តល់ការនៅក្រៅឃុំសម្រាប់គាត់»។

ចំណែក លោក ធូ វ៉ាឃីម ជា​យុវជន​និង​ជា​អ្នក​គាំទ្រ​សកម្មភាព​របស់​យុវជន​មាតា​ធម្មជាតិ​ ក៏​សង្ឃឹមដែរ​​ថា តុលាការ​នឹង​សម្រេច​​ដោះ​លែងសកម្មជន​បរិស្ថាន​ទាំង ៥រូប ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ដើម្បី​បន្ត​សកម្ម​ភាព​​សង្គម​​បន្ត​​ទៀត។

លោកថា៖ «ជារឿងអយុត្តិធម៌​ នៅពេលដែលពួកគាត់ពេលខ្លះពួកគាត់​អត់បានធ្វើអីខុស ទាំង​ដែល​ចាប់គាត់ ចោទគាត់ថា​គាត់រួមគំនិត​ក្បត់ អ្នកខ្លះទៅក៏ក្បត់ជាតិ អ្នកខ្លះក៏៦ឆ្នាំ អ្នកខ្លះទៅក៏៨ឆ្នាំ អាហ្នឹង​វា​ជាអំពើអយុត្តិធម៌ ទាំងដែលគាត់ធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីសង្គមជាតិ​ទាំងមូល»។​

លោក សាន់ ម៉ាឡា​ ប្រធានកម្មវិធីនិបណ្តាញតស៊ូមតិនៃអង្គការភាពជាដៃគូរដើម្បីបរិស្ថាននិងការអភិវឌ្ឈ ​សង្កេត​​ឃើញ​​ថា ​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន​ទាំង​ ៥រូប នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ មាន​សភាព​ល្អ​ប្រសើរ​​និង​រលូន ខណៈសកម្មជន​ទាំង​៥​រូប បាន​​ស្នើដល់​​​​តុលាការដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ ក្រោមហេតុ​ផល​ថា ពួកគេ​​ពិបាក​ក្នុង​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​ ដោយសារ​មាន​បញ្ហា​សុខភាព ​ព្រោះ​មាន​អ្នក​ទោស​ខ្លះ​​​ជក់​បារី​ ហើយ​ស្ថានភាព​ក្នុង​ពន្ធនាគារ​មាន​លក្ខណៈ​ចង្អៀត។

លោកសង្ឃឹមដែរថា តុលាការ​កំពូល នឹង​ពិចារណា​ក្នុងការ​ដោះលែងពួកគាត់ឱ្យ​នៅក្រៅឃុំ តាមការស្នើ នៅពេល​តុលាការ​ប្រកាសសាលក្រម​នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ។

លោកថា៖ «ដូច្នេះយើងសង្ឃឹមថា ពួកគាត់​អាច​មានសេរីភាពឡើង​វិញ ហើយ​ក៏សង្ឃឹមថា ទៅថ្ងៃមុខ តុលាការ​នឹង​ពិចារណានៅក្នុងការ​​​ផ្តល់ភាពស្អាតស្អំទៅ​ដល់ពួកគាត់ផងដែរ»។

លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​ការ​ពារសិទ្ធិ​មនុស្សលីកា​ដូ ដែលបានចូលរួមស្តាប់​សវនការដែលនោះ បានលើកឡើង​ថា យោងតាមអំណះអំណាងរបស់យុវជនការពារបរិស្ថានទាំង៥រូប និងមេធាវីការពារសិទ្ធិឱ្យពួកគេ​ គឺ​​មានលក្ខណ:គ្រប់គ្រាន់ ដើម្បីឱ្យតុលាការពិចារណាក្នុងការឱ្យពួកគេ​​នៅក្រៅឃុំ។

លោកបានគូសបញ្ជាក់ថា៖ «ការឱ្យនៅក្រៅឃុំមិនមែនមានន័យថា សំណុំរឿងត្រូវបានបញ្ចប់ទេ តែ​តុលាការ​នៅ​តែ​បន្ត​នីតិវិ​ធីនៃ​សំ​ណុំ​រឿង។ ប៉ុន្តែយុវជនទាំង៥រូប អាចមានលទ្ធភាពរកចំណូលថវិកា ដើម្បីគ្រួសារ មានពេលវេលាថែទាំកូនតូចៗ និងឪពុកម្តាយដែលមានជំងឺ ព្យាបាលសុខភាពខ្លួនឯង និង​បន្តការសិក្សា រួមទាំង​អនុវត្ត និងបំពេញកាតព្វកិច្ចតាមផ្លូវតុលាការ»។

លោក អំ សំអាត យល់ថា សកម្មជនបរិស្ថានទាំងនោះ មិនគួរ​ត្រូវបាន​ចោទប្រកាន់ឡើយ ព្រោះសាធារណជន​​ជាច្រើន​ ទទួល​ស្គាល់​ថា អ្វីដែលពួកគេបាន​ធ្វើ​ គឺដើម្បីថែរក្សាធនធានធម្មជាតិ។

លោកថា៖ «ករណីសកម្មជនបរិស្ថានចលនាមាតាធម្មជាតិ មិនគួរណាត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងធ្វើ​​ការផ្តន្ទាទោសទេ គួរណាតែមានការលើកទឹកចិត្ត និងគាំទ្រចំពោះការលះបង់របស់ពួកគាត់ក្នុងកិច្ចការ​​ពារបរិស្ថាន និងធនធានធម្មជាតិ ព្រោះជាទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិជាតិ»។

អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា មានប្រសាសន៍ថា សវនាការព្រឹកមិញនេះ​​ បានប្រព្រឹត្តទៅ​ដោយប្រក្រតី និងរលូន​ ហើយ​សេចក្តីសម្រេចចំពោះបណ្តឹងសាទុក្ខរបស់​ជនជាប់ចោទ​ តុលាការ​​នឹងប្រកាសនៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២៥​។

លោកស្រីបន្តថា៖ «ចំពោះថាតើ​ពួក​គាត់​ទាំង​៥​រូប​ អាចបាននៅក្រៅឃុំឬយ៉ាងណា​នោះ​ សិទ្ធឱ្យនៅក្រៅឃុំឬមិនឱ្យ គឺសិទ្ធសម្រេចរបស់ក្រុមប្រឹក្សាជនុំជំម្រះ ដោយផ្អែកតាមច្បាប់​ ដូច្នេះ​​សូម​រងចាំស្តាប់​ការ​ប្រកាស​​សេច​ក្តី​សម្រេច​នៅ​កាល​បរិច្ឆេទខាងលើ»។

កាលពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន​ប្រកាស​សាលក្រមដោយ​ផ្តន្ទាទោស​​​​សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី រួមជាមួយសមាជិក​​ ៥រូបទៀត​ ឱ្យជាប់ពន្ធនាគារ ចាប់ពី​៦ឆ្នាំទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «​ប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ​» ជុំវិញ​ភាពសកម្ម​ការ​ពារ​ធនធាន​ធម្ម​ជាតិ៕

………………………………………….

អត្ថបទដោយ៖ អ៊ួក ចាន់​ធីដា និង ណឺ មិនា​

អត្ថបទគួរឱ្យចាប់អារម្មណ៍