អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកការប្រកាសផែនការមុនពេលចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគទី២របស់ថៃ ដែលថាដណ្តើមគ្រប់គ្រងប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជានោះ ថាជាចេតនាប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់តែ ៥១ថ្ងៃទៀតនោះ ថានឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា។
ប្រភពដដែល បន្តថា ការប្រកាសនេះ ជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ហើយទង្វើរបស់មេបញ្ជាការភូមិភាគ២ថៃនេះ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែសីហានេះថា កម្ពុជា ប្រកាន់គោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នានេះ ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង និងស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
លោកស្រីថា៖ «បញ្ហាព្រំដែន មិនអាចកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែន ត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកនេះ ជួយជំរុញទៅភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ ពីដែនអធិបតេយ្យរបស់កម្ពុជា។
ចំណែក លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ ថ្លែងប្រាប់ក្រុមអនុព័ន្ធយោធាបរទេសពេលដែលពួកគេចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែសីហាថា កំឡុងពេលដែលមានការបាញ់គ្នា ទាហានថៃមិនបានចូលប្រាសាទតាមាន់ធំទេ ប៉ុន្តែក្រោយមានបទឈប់បាញ់ ទាហានថៃ បានរំលោភចូលទៅកាន់ប្រាសាទ និងបានធ្វើលេណដ្ឋាននៅប្រាសាទតាមាន់ធំ ព្រមទាំងបានបាញ់ជំពាមប្រមាណ ១០០គ្រាប់ ចូលមកដែនអធិបតេយ្យភាពកម្ពុជា ប៉ុន្តែកម្ពុជាពុំបានតបតអ្វីឡើយ។
លោកថា៖ «កាលដែលយើងបាញ់គ្នា ប៉ុន្មានថ្ងៃមុន វាអត់ចូលប្រាសាទទេ អញ្ចឹងក្រោយឈប់បាញ់ ចាប់ពីថ្ងៃទី១[ខែសីហា] វារំលោភទៀត។ វារំលោភ វាធ្វើលេណដ្ឋានក្នុងប្រាសាទ វាដាក់របងលួសរបងអីក្នុង[…] យើងទៅហាមឃាត់យ៉ាងម៉េចក៏វាមិនស្តាប់ដែរ បានន័យថាវារំលោភបទឈប់បាញ់ ហើយមុននេះ ខ្ញុំទៅរាដៃ កុំឱ្យវា ធ្វើតែវានៅតែធ្វើ។ យប់មិញ វាបាញ់ជំពាមប្រហែលជា ១០០គ្រាប់»។
អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា សកម្មភាពរបស់យោធាថៃ ដែលរាយបន្លាលួស ធ្វើលេណដ្ឋាន និងការលើកឡើងពីបំណងចង់គ្រប់គ្រងប្រាសាទរបស់កម្ពុជានេះ បង្ហាញពីការមិនគោរពនូវបទឈប់បាញ់ ដើម្បីឈានទៅរកសន្តិភាពនៅតាមព្រំដែនឡើយ។ លោកយល់ថា ភាគីថៃនឹងមិនបញ្ចប់សកម្មភាពឈ្លានពានអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឡើយ បើមិនមានសម្ពាធពីខាងអន្តរជាតិនោះ។
លោកថ្លែងថា៖ «ស្ថានភាពនេះ មិនត្រជាក់ទេនៅតែក្តៅរហូត បានន័យថា បើគេចង់បង្ករឱ្យមានសង្រ្គាម គេចេះធ្វើម៉េចឱ្យយើងទ្រាំមិនបាន ក៏ប៉ុន្តែភាគីខាងកម្ពុជាយើងក៏កំពុងមានប្រៀបខាងអន្តរជាតិ អញ្ចឹងធ្វើម៉េចយើងប្រើយន្តការហ្នឹង ដើម្បីការពារអ្វីដែលជាការប្រកាសមេភូមិភាគថៃ ទំរាំចូលនិវត្តន៍គឺ ៥១ថ្ងៃទៀត អញ្ចឹងក្នុងពេលហ្នឹង ពង្រឹងយន្តការរបស់អន្តរជាតិ អាស៊ានហ្នឹង ហើយចាំមើលស្ថានភាពបន្តទៅទៀត ក៏ប៉ុន្តែទោះបីយ៉ាងណាកម្ពុជាត្រូវតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបនៅពេលណា ដែលស្ថានការណ៍វិលត្រឡប់ក្នុងការផ្ទុះសង្គ្រាមវិញ ព្រោះអីថៃមិនសុខចិត្តទេ លើកលែងតែសម្ពាធអន្តរជាតិ ឬក៏ការសង្កេតកាណ៍អនុវត្តដោយប្រសិទ្ធិភាពខ្ពស់»។
ទោះជាយ៉ាងណា លោកក៏ស្នើឱ្យមានការដាក់អ្នកសង្កេតការណ៍ពីបណ្តាប្រទេសជាអនុព័ន្ធនៅតាមព្រំដែន កម្ពុជា ថៃឱ្យបានឆាប់ដើម្បីជាភស្តុតាង និងជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ លោក ចូយ ជឿន អាយុ ៥៦ឆ្នាំ បង្ហាញក្តីបារម្ភ និងការឈឺចាប់ជាថ្មី នៅពេលបានទទួលព័ត៌មានថា ទាហានថៃនៅមានបំណងចង់រំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំនេះ។ ករណីនេះ លោកបានអំពាវនាវដល់ឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះព្រំដែន និងដើម្បីឱ្យប្រជាពលរដ្ឋរស់នៅសុខសាន្តដោយប្រក្រតីភាពឡើងវិញ ដោយលែងមានការភ័យខ្លាចនឹងការផ្ទុះអាវុធតទៅទៀត។
លោកថា៖ «ចង់ឱ្យតែស្រុកសុខស្រួលសប្បាយ អញ្ចឹង[ពេលមានការផ្ទុះអាវុធដាក់គ្នា]ពិបាកណាស់ មិនដែលគេងបានគ្រាប់គ្រាន់ទេ យើងមិនបានដេកផ្ទះចេះតែដេក ចេះតែលូន […] សំណូមឱ្យរដ្ឋាភិបាលដោះស្រាយឱ្យឆាប់ចប់ កុំឱ្យមានបញ្ហាពិបាករត់បែបនេះ»។
គួរបញ្ជាក់ថា កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ តាមរយៈការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ប៉ុន្តែក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានបាន ៨ម៉ោង ពោលគឺនៅថ្ងៃទី២៩ ខែកក្កដា ទាហានថៃបានចូលទៅចាប់ទាហានខ្មែរចំនួន២០នាក់ ដល់បន្ទាយទ័ពកម្ពុជា ដែលគិតមកដល់ថ្ងៃទី១១ ខែសីហានេះ ថៃនៅមិនទាន់ដោះលែងទាហានកម្ពុជាដែលនៅសល់ ១៨រូបទៀតមកកម្ពុជាវិញនៅឡើយ បើទោះបីជាកម្ពុជាអំពាវនាវឱ្យដោះលែង និងស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិក៏ដោយ៕