ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាចំនួន ២០ស្ថាប័ន អំពាវនាវឱ្យភាគីថៃឱ្យដោះលែងទាហានខ្មែរចំនួន ១៨នាក់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយមានកិច្ចព្រមព្រៀងថ្មីដែលសម្រេចបានពីកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ។
តាមរយៈលិខិតចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជារួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសមាគមបណ្តាញយុវជនកម្ពុជា (CYN)ជាដើម បានអំពាវនាវឱ្យមានការដោះលែងយោធិនកម្ពុជាដែលជាប់ឃុំជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយប្រសិទ្ធភាព។
លិខិតបន្ដថា៖ «យើងខ្ញុំសូមអបអរសាទរចំពោះការសម្រេចចិត្តរបស់កិច្ចប្រជុំវិសាមញ្ញានៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប៉ុន្តែយើងខ្ញុំនៅតែអំពាវនាវឱ្យមានការដោះលែងដោយសុវត្ថិភាព និងដោយរលូនភ្លាមៗនៃយោធិនកម្ពុជាទាំង១៨នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រង ពីសំណាក់កងកម្លាំងថៃ។ ការចាប់ខ្លួន និងបន្តឃុំខ្លួននេះ គឺវាផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានអំពាវនាវដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ទៅសួរសុខទុក្ខយោធិនកម្ពុជាដែលកំពុងជាប់ឃុំទាំងអស់ វាយតម្លៃពីសុខមាលភាព និងតាមដាន ការព្យាបាលរបស់ពួកគេ ដើម្បីធានាបានការអនុវត្តច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សាទរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការដោះស្រាយវិវាទតាមព្រំដែន។ ទោះជាយ៉ាងណា លោកមានការព្រួយបារម្ភចំពោះប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ស្របពេលដែលភាគីថៃនៅតែបន្តឃុំខ្លួនទាហានកម្ពុជា។
លោកនិយាយថា៖«យើងមានការព្រួយបារម្ភ ព្រោះយើងឃើញថា ការអនុវត្តកិច្ចព្រមព្រៀងហ្នឹង វាមិនសូវមានប្រសិទ្ធិភាព។ ជាក់ស្តែងយើងឃើញថា ភាគីថៃក្រោយពីមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិក និងចិន យើងមានកិច្ចព្រមព្រៀងហើយ ភាគីថៃនៅតែបន្តឃុំខ្លួនកងកម្ពុជាយើង[….] ហើយដោយសារកន្លងមកហ្នឹង ឆ្លុះបញ្ចាំងថាមិនមានការគោរពកិច្ចព្រមព្រៀង ចឹងហើយយើងមានការព្រួយបារម្ភថា ការអនុវត្តទៅមុខទៀតវាទៅជាយ៉ាងណា។ យើងសូមឱ្យភាគីទាំងពីរ ភាគីថៃហ្នឹងធ្វើយ៉ាងម៉េចអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅលើច្បាប់អន្តរជាតិពាក់ព័ន្ធអំពើហិង្សាទាក់ទងទៅនឹងសង្គ្រាម»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសិទសារព័ត៌មានព្រឹកថ្ងៃទី៩ ខែសីហានេះថា ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា រ៉ាត់ ដារ៉ារ័ត្ន និងលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)កាលពីរសៀលថ្ងៃទី០៨ ខែសីហាម្សិលមិញ ខាងប្រតិភូ ICRC បានប្រាប់ថា យោធិនកម្ពុជាទាំង១៨រូប ដែលយោធាថៃបានចាប់ខ្លួននោះ មានសុវត្ថិភាព និងសុខភាពល្អ។
អ្នកស្រីបន្ថែមថា៖«ចំពោះការចុះសួរសុខទុកពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង១៨រូបនៃកងយោទពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃនេះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ កម្ពុជាស្នើឱ្យភាគីថៃ ឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូប ឱ្យត្រឡប់មកវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យើងនឹងមិនទុកសមាជិកយើងណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងស្មារតីនេះកម្ពុជាសង្ឃឹមថាថៃនឹងដោះលែង ទាហានកម្ពុជាដែលចាប់ខ្លួនទាំង១៨រូបនោះជាបន្ទាន់ ហើយស្របតាមការអំពាវនាវយ៉ាងទទូចពីប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន»។
ភរិយាយោធាកម្ពុជាម្នាក់ ក្នុងចំណោមយោធាទាំង១៨នាក់ដែលថៃបានចាប់ខ្លួន អ្នកស្រី ហាន ប៊ុនធាន អាយុ ៣៥ឆ្នាំ រស់នៅឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះ អាង អឿង យុ ៣៧ឆ្នាំ បានចូលបម្រើការងារក្នុងជួរកងទ័ពរយៈពេល ១៧ឆ្នាំ មកហើយ។ អ្នកស្រីបន្តថា គិតពីថ្ងៃចាប់ខ្លួន មកដល់ពេលនេះ អ្នកស្រីនៅមិនទាន់ទទួលបានដំណឹងណាមួយពីប្តីអ្នកស្រីនៅឡើយ ដែលធ្វើឱ្យអ្នកស្រី និងគ្រួសារ មានក្តីបារម្ភជាខ្លាំង។
អ្នកស្រីថា៖ «មានអារម្មណ៍តឹងទ្រូង ភ័យណាស់ឃើញគេចាប់ទៅ គេចងគេអីចឹង យើងមានអារម្មណ៍ថារាងស្លុតចិត្តដែរ ព្រោះអីឃើញគេចាប់ចង[ដៃ] គ្នាទៅក្រោយចឹង […] ហើយបន្ទាប់ពីបានឃើញព័ត៌មានគេថតមកឃើញប្តីមានសុខភាពល្អ ក៏ឈប់គិតច្រើន ដូចថា វាមិនសូវគិតដូចកាលមុន»។
បើទោះជាទទួលដំណឹងថា ប្តីរបស់អ្នកស្រី និងទាហាន១៧នាក់ទៀត មានសុវត្ថិភាព និងសុខភាពល្អ ក៏អ្នកស្រីនៅតែមានក្តីបារម្ភ និងអំពាវនាវដល់រដ្ឋាភិបាលពន្លឿនការជួយអន្តរាគមន៍ទៅភាគីថៃ ឱ្យមានការដោះលែងទាហានទាំង១៨នាក់ ត្រឡប់មកវិញឱ្យបានឆាប់ ដើម្បីបានជួបជុំគ្រួសារវិញ។
អ្នកស្រីថា៖ «ខ្ញុំសំណូមពរឲ្យខាងរដ្ឋាភិបាលជួយសម្របសម្រួលដោះស្រាយឲ្យកាន់តែរហ័ស ឲ្យគាត់មកជួបជុំគ្រួសារ»។
Press start Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេនៅថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា ទាហានកម្ពុជាចំនួន ២០នាក់ ត្រូវបានទាហានថៃចាប់ខ្លួនដល់បន្ទាយទ័ពកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បើទោះជាកម្ពុជា និងថៃ បានប្រកាសអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមការផ្តួចផ្តើមពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
ក្រោយពីមានការអំពាវនាវឱ្យដោះលែងជាហូរហែរពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាហានថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានបញ្ជូនទាហានកម្ពុជាចំនួន២រូប ក្នុងចំណោម២០រូប ត្រឡប់មកកម្ពុជាវិញ ខណៈទាហានកម្ពុជាចំនួន ១៨រូបទៀត បន្តស្ថិតនៅក្រោមការឃុំខ្លួនពីយោធាថៃ។
ជុំវិញករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្វែងរកកិច្ចអន្តរាគមន៍ពីខាងកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ឱ្យមកមាតុប្រទេសវិញឱ្យបានឆាប់បំផុត។
មេដឹកនាំគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៤ ខែសីហា ថ្មីៗនេះថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមានរយៈពេល៨ម៉ោង។
លោកបានចោទជាសំណួរថា៖ «ហេតុផលអ្វីទៅ ដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?»។
អតីតនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានចាត់ទុកសកម្មភាពកងទ័ពថៃ ដែលចល័តទ័ពចូលមកចាប់កងទ័ពក្នុងបន្ទាយទ័ពកម្ពុជា បន្ទាប់ពីមានបទឈប់បាញ់ ជាការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តទ័ព និងហាមបន្ថែមកងទ័ព៕