តុលាការខេត្តកំពង់ស្ពឺ​​ផ្តន្ទា​​ទោស​​ឪពុក​​លោក​ស៊ន​ តារា ដាក់​ពន្ធនាគា​រ​​​​៤ឆ្នាំ ពីបទរក្សា​ទុក​នូវ​​សារ​ធាតុ​ញៀន

តុលាការនៃ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ នៅ​ថ្ងៃ​ទី៦ ខែ​សីហា បាន​សម្រេច​ផ្តន្ទា​ទោស​​ លោក សុខ ស៊ុន​ណារ៉េត ​អតី​តម​ន្រ្តី​យោធា និង​ជាឪ​ពុក​របស់​អ្នក​អត្ថា​ធិប្បាយ​នយោបាយ លោក ស៊ន តារា ដាក់ពន្ធនាគារ​ ៤ឆ្នាំ ​ពាក់​ពន្ធ័​នឹង​ការ​រក្សា​ទុក​សារ​ធាតុ​ញៀន​ខុស​ច្បាប់។

កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​លើករណី​ លោក សុខ ស៊ុនណារ៉េត ក្នុងសំណុំរឿង​ ​«រក្សា​​​​​​​​​ទុក​​​​​ដោយ​​ខុស​​​ច្បាប់​​នូវ​​សារ​ធាតុ​​ញៀន»។ យ៉ាងណាមិញ នៅក្នុងសវនាការនោះ គេ​ពុំ​បា​ន​ឃើញ​វត្តមាន​របស់​អាជ្ញាធរ​​​ដែល​ជា​សាក្សី​ក្នុង​សំណុំរឿងនេះឡើយ។

មេធាវីការ​ពារ​សិទ្ធិ​ឱ្យ​ លោក សុខ ស៊ុនណារ៉េត គឺលោក អ៊ឺម ផាន់ណា បាន​ឱ្យដឹ​ង​ថា​ តាមព័ត៌​មាន​ដែល​ទទួល​បាន​ពី​សហការី​នៅ​ខេត្ត​កំពង់​ស្ពឺ គឺ​តុលាការ​​បាន​សម្រេច​ផ្តន្ទាទោ​ស លោក សុខ ស៊ុន​ណារ៉េត ជាប់​ពន្ធនាគារ ៤ឆ្នាំ ព្រម​ទាំង​បញ្ជា​ឱ្យ​រឹប​អូស​វត្ថុ​តាង ​រួម​មាន រថយន្ត​មួយគ្រឿង និង​ទូរស័ព្ទ​មួយ​គ្រឿង។ 

លោក​ថា៖ «ខ្ញុំមិនមានការយល់ឃើញយ៉ាងម៉េចទេ​ចំពោះសេចក្ដីសម្រេចហ្នឹង​ ព្រោះអា​ហ្នឹង​ជា​ឆន្ទានុ​សិទ្ធិ​របស់​​តុលាការ​ ហើយ​ខ្ញុំបា​ន​ទទួល​ការ​ស្នើ​សុំ​ពឹ​ងពា​ក់​ពី​ខាង​ក្រុម​គ្រួសាររ​បស់ លោក សុខ ស៊ុនណារ៉េត និង​ជាកូន​សុំ​ឲ្យ​ជួយបន្ត​នីតិវិធី​ហ្នឹង ប្តឹងអំពីសេចក្ដីស​ម្រេច​របស់​សាល​​ក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ និង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត»។

លោក ស៊ន សារ៉ាក់​ កូនប្រុសរបស់​ លោក សុខ ស៊ុនណារ៉េត ​បាន​​បង្ហាញ​ការ​​​​ខក​​ចិត្ត​​ទៅ​​នឹ​ង​កា​​រ​​សម្រេច​​របស់​​តុលាការ ដោយថាជារឿងអយុត្តិធម៌។

លោកបន្តថា៖ «ក្នុង​រឿង​នេះ យើង​​ទទួល​រូង​នូវ​ភាព​អយុត្តិ​ធម៌ យើង​មិន​បាន​ប្រព្រឹត្ត​ខុស​ក្នុង​បទ​ចោទ​របស់​​គេ យើង​មាន​​ការ​សោក​ស្តាយ ​និង​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​ដាក់​បន្ទុក​នេះ[…] ចង់​ស្នើ​ឱ្យតុលាការ​ ឬ​​​ក៏​អ្នក​ដែល​ពាក់​ព័ន្ធ​ហ្នឹង គឺ​ពិចារណា​ឡើង​វិញ ផ្តល់​យុត្តិ​ធម៌​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់​អាច​មាន​​យុត្តិ​ធម៌​ពិត​ប្រាកដ​សម្រាប់​គាត់​ផង ព្រោះគាត់ជាមនុស្សដែល​ល្អ ស្អាត​ស្អំ គាត់អត់ដែលប្រព្រឹត្តបទល្មើសអីទៅខុសច្បាប់អីទេ មួយជីវិតគាត់ធ្វើការបម្រើតែរដ្ឋាភិបាលហ្នឹង ចុងក្រោយរដ្ឋាភិបាលតបស្នងសងគុណឱ្យគាត់បែបនេះទៅវិញ»។

លោក ស៊ន សារ៉ាក់ ឱ្យដឹង​ទៀតថា គ្រួសារ និង​មេធាវីការ​ពារ​ក្តីឱ្យ​លោក សុខ ស៊ុន​ណារ៉េត នឹង​ពិភាក្សាគ្នា ក្នុងការ​រៀបចំ​បណ្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​​កំពង់ស្ពឺ នាពេល​ឆាប់ៗខាងមុខនេះ ដើម្បីទាមទារយុត្តិធម៌​ដល់ឪពុករបស់លោក។

អ្នកនាំពាក្យសាលា​​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក ភេង សុភ័ណ បានបដិសេធអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​​លោក​គ្រាន់​​​​តែ​​ផ្ញើ​​សាលក្រម​​ផ្តន្ទាទោស​ លោក​ សុខ ស៊ុន​ណារ៉េត ដែល​តុលាការ​បាន​សម្រេចដាក់ពន្ធនាគារ ៤ឆ្នាំ។​​

អ្នកសម្របសម្រួលសមាគម​ការ​ពារ​សិទ្ធិមនុស្ស​​អាដហុក​ប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន​ដែលតាមដាន​ករណីនេះ ​យល់​​ថា ការ​ផ្តន្ទាទោ​សទៅលើ​ លោក​ ណារ៉េត ​មាន​​លក្ខណៈ​​ធ្ងន់​​ធ្ងរ​ ខណៈ​​​​ដែលលោក ណារ៉េត កំពុង​មានជំងឺ​ប្រចាំកាយ និង​​ធ្លាប់​ជា​​ទាហាន​​បម្រើ​​​​ជាតិ​ មាតុភូមិ​​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ។​ ​

លោក​ថា៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំស្នើសុំឱ្យតុលាការធ្វើការបន្ធូរ​បន្ថយ ឬដោះលែងគាត់ឱ្យមា​នសេរីភាព ដោយសារតែគាត់មានគុណបំណាច់ជួយជាតិរយៈពេលជាង​៤០ឆ្នាំមកហើយទី១។ ទី២គាត់នៅក្នុងពន្ធនាគារមានអាការៈមិនសូវស្រួល គាត់ចេះតែចុក ហើយគាត់មានជំងឺប្រចាំកាយផង យើងចង់ឃើញ​ឱ្យមានការដោះលែង ឱ្យគាត់មានសេរីភាព»។

គួរបញ្ជាក់ថា លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ដែលជាអតីតមន្ត្រី​យោធា និង​ជា​ឪពុកលោក​ ស៊ន តារា អ្នកអត្ថាធិប្បាយ​នយោ​បាយ​ដ៏សកម្ម​មួយ​រូប ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច​​​ភូមិ​​ដក់​ពរ សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្ត​កំពង់​ស្ពឺ ក្រោយ​រក​ឃើញ​ថា លោក​រក្សា​ទុកនូវ​សារ​ធាតុញៀន​ខុស​ច្បាប់​នៅក្នុ​ង​រថយន្ត។

តែយ៉ាងណា ​លោក សុខ ស៊ុនណារ៉េត កន្លង​​មក ធ្លាប់​​​បានច្រានចោល​ការ​ចោទប្រកាន់​នេះ ដោយ​បញ្ជាក់ ថា​ លោក​​​​​ជា​​​​មនុស្ស​​​ស្អាត​ស្អំ ​ស្រប​ពេលដែល​​លោក​​ជា​​​អតីត​​យោធិន ចូល​​បម្រើ​ការ​ងារ​​ជូន​​ជាតិ​​ដោយ​​ភក្ដ​ភាព ស្ទើរ​ពេញ​មួយ​ជីវិតទៅហើយនោះ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍