អគារពាណិជ្ជកម្ម និងផ្សារទំនើបចិន បានដុះដូចផ្សិតព្រោងព្រាត នៅស្របនឹងទន្លេបាសាក់។ រីឯពលរដ្ឋកម្ពុជា ដែលមានរបរលក់ដូរនៅតាមចិញ្ចើមផ្លូវ ដែលស្ថិតនៅក្នុងបរិវេណនៃអាគារពាណិជ្ជកម្មចិន ក៏ចេះតែមានចំនួនកើនឡើងដែរ។ បើទោះជាមានអ្នកប្រកបមុខរបរ លក់ដូរតាមចិញ្ចើមផ្លូវមើលទៅ ហាក់កើនឡើងដូចនេះក៏ពិតមែន ជាការគួរឱ្យសោកស្តាយ អ្នកទាំងនោះ ហាក់មិនសប្បាយចិត្តទៅនឹងជីវភាពបែបនេះឡើយ។
ពន្លឺភ្លើងបានចាំងជះចេញពីអេក្រង់ទូរស័ព្ទ ភ្លឹបភ្លែតៗសឹងមិនដាច់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយសំឡេងនៅក្នុងទូរស័ព្ទ ក៏ចេះតែឮគ្មានឈប់ប៉េះប៉ោះៗមិនដែលលោះពេលទេ។ អ្នកស្រី ធឿន សំណាង និយាយថា វាពិតជារំខានមែនទែន ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច?។ តាមពិតសំឡេងរំខានសឹងរាល់ថ្ងៃនៅក្នុងទូរស័ព្ទនោះ វាគឺជាសារដែលស្ទើរតែគ្មានអ្នកណាម្នាក់អាចអានបាន និងយល់ពីអត្ថន័យថាយ៉ាងម៉េចនោះឡើយ។ ជួនកាលសារ(Message)ខ្លះ មានទម្រង់ជាអក្សរចិនសុទ្ធ តែក៏មានដែរ សារជាអក្សរខ្មែរដែលដាក់ថាមានកម្ចីអនឡាញជាដើម។
ជិត៥ឆ្នាំហើយ ដែលអ្នកស្រី ធឿន សំណាង រស់នៅ និងប្រកបរបរលក់ដូរ នៅលើចិញ្ចើមផ្លូវទល់មុខនឹងអគារ EMD នេះ។ ស្ថិតក្នុងសម្លៀកបំពាក់រូបដៃវែង ក្រឡាលឿងលាយខ្មៅ ជាអ្នកខេត្តកំពត អ្នកស្រីរៀបរាប់ថា ការព្រួយបារម្ភអំពីការលោតសារជាភាសាចិនជារៀងរាល់ថ្ងៃ ចូលទូរស័ព្ទអ្នកស្រីនេះ វាបានបង្ករការរំខានចំពោះការរស់នៅ និងការប្រកបរបររបស់អ្នកស្រីថែមទៀត។
ព្រះទិនករកាន់តែរៀបអស្តង្គត់ អ្នកស្រី ធឿន សំណាង ក៏កំពុងមមាញឹកលក់ដូរឥវ៉ាន់ជូនភ្ញៀវមិនទំនេរ ហើយក៏មិនបង្អង់យូរ បានឆ្លៀតហាន់បន្លែដើម្បីទុកចម្អិនម្ហូបបណ្តើរ រួចហើយបានប្រាប់ថា នៅពេលមានសារលោតក្នុងទូរស័ព្ទរបស់អ្នកស្រី រូបគេមិនដែលចូលអានសារនោះទេ ព្រោះបារម្ភខ្លាចមានផលប៉ះពាល់ ឬដំណឹងអកុសលណាមួយកើតឡើងចំពោះអ្នកស្រី។ ដើម្បីសុវត្ថិភាព សំណាង តែងលុបវាចូលជាដរាប។
អ្នកស្រីបន្តថា៖ «កំពុងតែតេទៅម៉ូយ កំពុងចុចវាលោតមក អាហ្នឹងវារំខានអញ្ចឹង តែខ្ញុំអត់ដែលហ៊ានប៉ះពាល់ទេ គិតថា អញ្ចេះ របស់បើវាងាយស្រួលណាស់មិនដែលរបស់ហ្នឹងល្អទេ[…] ការពារខ្លួនមានតែកុំប៉ះពាល់សារហ្នឹង កុំមើលកុំអីទៅ វាលោតក៏លោតតែវាទៅ ទាញលុបៗអញ្ចឹងទៅ លុបចេញទៅ ឬមួយកុំប៉ះពាល់តែម្តង ធុញតែអត់ដឹងធ្វើម៉េចបើវាលោតមក។ […] យើងចេះតែខ្លាចទៅ គិតថាខ្លាចមានហានិភ័យអីមួយ យើងមិនដឹងដែរ»។
អ្នកស្រីបន្ថែមថា៖ «ធុញអាពេលបាញ់ អត់ដឹងថា ពាក់ព័ន្ធនឹងអាសារហ្នឹងដែរអត់យើងវាមិនដឹងដែរ ប៉ុន្តែអាហ្នឹងលោតមកច្រើនពេកទៅជា ABA វិលខ្ញាល់ ពេលគេបាញ់មកវិលខ្ញាល់ ហើយយើងលក់យើងត្រូវការABA ដល់ពេលវាវិលខ្ញាល់ចឹងយ៉ាប់ដែរ[…] ខ្ញុំភ័យដែរហ្នឹងលុយខ្ញុំរកស៊ីចំណេញតិចតួច តែគិតថាយើងភ័យចុះទម្រាំគេរកស៊ីធំម៉េចទៅ? លោតចូលរហូត ផ្លឹបៗៗៗ តែអត់ដែលរាប់ថាប៉ុន្មានទេ ហើយគេតេមកលេខប្លែកអីអត់ដែលលើកទេ យើងចេះតែខ្លាចគេធ្វើស៊ី ព្រោះគេធ្លាប់ផ្សាយអារឿងតាមអនឡាន ខ្ញុំចេះតែប្រាប់កូនទៅ ព្រោះយើងបានមើលព័ត៌មាន គេបោកតាមស្រីស្អាត បោកតាមប្រុសស្អាត តែខ្ញុំអត់ដែលទាន់ជួបទេ អត់ដែលប្រទះទេ មានតែអាលោតសារ ជាភាសាចិនមកផ្លោតៗ»។
មិនមែនមានតែ អ្នកស្រី ធឿន សំណាង ម្នាក់ទេដែលរស់នៅដោយការព្រួយបារម្ភ និងភាពភ័យខ្លាចនេះ។ សម្បុរខ្មៅ មានមាឌធំក្រអាញ លោក ភ័ស្ត ដែលរស់ក្នុងនៅតំបន់អាគារពាណិជ្ជកម្មចិននៃទីតាំងកោះពេជ្រនេះ ជាច្រើនឆ្នាំមកហើយ ក៏យល់ស្របថារាល់ថ្ងៃរូបគេ ក៏តែងទទួលរងនូវការរំខានដោយសារការផ្ញើសារជាភាសាចិន ចូលក្នុងទូរស័ព្ទដៃមិនតិចជាង៣០សារនោះឡើយ ក្នុងមួយថ្ងៃៗ។ មានរបរជាអ្នករត់តាក់ស៊ីប្រមាណ៥ឆ្នាំមកនេះ លោក ភ័ស្ត និយាយថា ការចេះតែបន្តលោតសារចូលក្នុងទូរស័ព្ទដៃមិនឈប់នេះ វាពិតជារំខានទៅដល់ការរកស៊ីរបស់លោកជាខ្លាំង។ ម្យ៉ាងវិញទៀត មុខរបរដូចលោកដែលពឹងផ្អែកទៅលើ App ជាសំខាន់បែបនេះ ម៉្លោះហើយសារទាំងនោះ ក្រៅពីរំខាន និងរអាក់រអួលហើយ ថែមទាំងធ្វើឱ្យទូរសព្ទរបស់លោកត្រូវត្រូវគាំង និងពេលខ្លះគ្មានសេវាក៏មានថែមទៀតផង។ លោកស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយនៅបញ្ហានេះ ដើម្បីងាយស្រួលក្នុងការកស៊ី។
ប្រភពបន្តថា៖ «ប៉ះពាល់ត្រង់វាអត់សេវា ទាល់តែបិទបើកៗ។ លោតចូលរហូតច្រើន បើវាលោតចូលក្នុងម្ភៃ សាមសិប អីហ្នឹង តែលេខផ្សេងៗគ្នា។ លេខផ្សេងគ្នាតែសារដូចគ្នាទាំងអស់។ ខ្ញុំអត់ដែលចុចចូលផង ខ្លាចចូលគណនី ខ្លាចអីទៅ អត់ដែលចុចចូលទេ។[…]រត់តាក់ស៊ីត្រូវការអ៊ីនធើណេត ដល់វាអត់មានអ៊ីនធើណេតផង អត់អ៊ីនធើណេតបាញ់លុយក៏អត់ចេញ អីក៏អត់កើត ហើយយើងប្រើApp ទាល់តែកន្លែងមានសេវា មានអ៊ីនធើណេតបានគេ Bookingមកចូលយើង មិនមែនដូចកង់បីទៅលើកដៃហៅគេបាន តែឡានទាល់តែគេBooking បានយើងទៅយកគេកើត។ រឿងសេវាអ៊ីនធើណេតហ្នឹងបើដោះស្រាយបានល្អ ស្រួលយើងរកស៊ីហ្នឹងណាស់»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការបង្រា្តប ការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត។ តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងប្រៃសណីយ៍ បានចេញគោលការណ៍ មិនអនុញ្ញាតិឱ្យក្រុមហ៊ុនដែលទទួលបន្ទុកក្នុងការបញ្ជាទិញសម្ភារៈប្រភេទទំនិញ ទូរគមនាគមន៍ នាំចូលកម្ពុជាទៀតឡើយ។ មិនតែប៉ុណ្ណោះ ប្រសិនបើមានការបញ្ជាទិញ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នសាមីឱ្យបានត្រឹមត្រូវជាមុនសិន។
ប្រភពបន្តថា៖ «ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពី ន.ទ.ក.។ សាធារណជនទាំងអស់ ត្រូវចៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេស គឺមិនត្រូវបើកមើល ឬឆ្លើយតបសារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និងមិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត»។
គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូល ឬចែកចាយឧបករណ៍ Fake BTS ឱ្យបានម៉ឺងម៉ាត់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
ម្យ៉ាងវិញទៀត ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។
រីឯអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថា សារដែលផ្ញើចូលមកក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ វាប្រាកដណាស់នឹងមានផលប៉ះពាល់ ជាពិសេសទាក់ទងនិងជីវិតឯកជន។ ក្រៅពីនេះ នៅមានផល់ប៉ះពាល់ជាច្រើនទៀត ដូចជា ការឆបោកតាមអនឡាញជាដើម។
លោកបន្តថា ឧបករណ៍ Fake BTS ឬឧបករណ៍ស្រដៀងនឹង Fake BTS វានេះនឹងផ្តាច់ ឬក៏ចាប់យកព័ត៌មានកំណត់អត្តសញ្ញាណទូរសព្ទ តាមរយៈសេវាដែលទូរសព្ទកំពុងមានសេវាទំនាក់ទំនងទៅកាន់អង់តែនទូរសព្ទ រួចហើយផ្ញើសាររំខាន (spam message) មកក្នុងទូរសព្ទដៃដែលឧបករណ៍នេះចាប់បាន។
បើតាមលោក ង៉ែត ម៉ូសេ បើទោះបីស្វែងរកលេខដែលផ្ញើសារនោះ ក៏មិនមានក្នុងប្រព័ន្ធដែរ ព្រោះគ្រាន់ជាលេខកំណត់ពីឧបករណ៍ Fake BTS នោះប៉ុណ្ណោះ។ បើមានករណីបែបនេះ អាចថានៅតំបន់នោះ ឬក្បែរនោះ គឺអាចមានឧបករណ៍នេះ។ ម្យ៉ាងវិញទៀត បើមិនមាននៅតំបន់ទាំងនោះទេ គឺឧបករណ៍នេះត្រូវបានតំឡើងនៅក្នុងឡាន រួចហើយបើកកាត់ទីប្រជុំជនតំបន់ទាំងនោះ។
លោកបន្តថា៖ «វាអាចប៉ះពាល់ដល់ឯកជនភាពរបស់យើង។ ប៉ះពាល់ត្រង់ថា វារំខាន់យើងពេលលោតសារនេះម្តងៗ បើទោះបីយើងព្យាយាមបិទ ឬរាំងខ្ទប់ (block) លេខទាំងនេះក៏ដោយ ក៏មិនអាចរារាំងការផ្ញើសាររំខាន់ថ្មីៗ មកកាន់ទូរសព្ទរបស់យើងដែរ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីបន្លំអត្តសញ្ញាណលេខទូរសព្ទរបស់ម្ចាស់ដើម។ ឧទាហរណ៍ គេអាចប្រើប្រាស់វិធីសាស្រ្តនេះ យកលេខពិតប្រាកដរបស់នរណាម្នាក់ ហើយផ្ញើសាររំខាន់ ឬឆបោក ឬគម្រាម នរណាម្នាក់ ហើយម្ចាស់លេខទូរសព្ទនោះ អាចនឹងមិនដឹងខ្លួនថា មានគេយកលេខរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ហើយសាមីខ្លួនអាចជាប់ពាក់ព័ន្ធក្នុងការស៉ើបអង្កេត ដែលនឹងបង់ខាត់ពេលវេលា ឬប្រាក់កាសជាដើម។ ខ្ញុំមិនទាន់ឃើញករណីបន្លំអត្តសញ្ញាណនេះនៅឡើយទេ ប៉ុន្តែវាការព្រួយបារម្ភរបស់ខ្ញុំ ព្រោះថា វាអាចទៅរួច។ នេះនៅមិនទាន់រៀបរាប់ដល់ការប៉ះពាល់ដល់សន្តិសុខជាតិ និងធនាគារផងទេ» ។
លោក ង៉ែត ម៉ូសេ ឱ្យដឹងទៀតថា សារដែលតែងលោតចូលទូរស័ព្ទរបស់អតិថិជន មិនចេះចប់នេះគឺវាពិបាកនឹងទប់ស្កាត់ ប៉ុន្តែមិនមានន័យថា មិនអាចធ្វើបាននោះទេ។ ជាជំរើសបើពលរដ្ឋជួបបញ្ហានេះ នៅក្នុងភូមិសាស្រ្តណាមួយ ពួកគេអាចរាយការណ៍ដំណឹងនេះទៅអាជ្ញាធរជំនាញ ដើម្បីស្វែងរក និងទប់ស្កាត់សកម្មភាពទាំងនេះរួមគ្នា។ ដោយឡែក អាជ្ញាធរត្រូវប្រាកដថា អត្តសញ្ញាណរបស់ប្រភព ដែលបានផ្តល់តម្រុយទាំងនោះ មិនត្រូវបែកធ្លាយ ឬមានជនទីបីដឹងឡើយ។
ជុំវិញករណីនេះ ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Smart បានប្រាប់ Press Start Cambodia តាមរយៈសារអេឡិចត្រូនិកថា សារតាមទូរស័ព្ទ ឬ SMS ពាណិជ្ជកម្មជាភាសាចិនដែលពលរដ្ឋទទួលបាននោះ មិនមែនក្រុមហ៊ុន Smart ជាអ្នកផ្ញើរទេ ហើយក្រុមហ៊ុនកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
ប្រភពបន្តថា៖ «ចំពោះការផ្ញើទៅកាន់លេខទូរព័ទទៅតាមតំបន់ដូច ដែលបងបានលើកឡើង គឺជាសារដែលមិនបានផ្ញើ ចេញពីខាងក្រុមហ៊ុនស្មាតនោះទេ។ សារទាំងអស់នេះ គឺជាសារដែលផ្ញើចេញពី Fake BTS system (Base Transceiver Station system) ដែលករណីនេះខាងក្រុមហ៊ុនស្មាត ក៏កំពុងសហការណ៍ជាមួយខាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាដើម្បីអន្តរាគមន៍ទៅលើករណីនេះផងដែរ»។
វិលមកអ្នកស្រី ធឿន សំណាង ឯណេះវិញ អ្នកស្រីមិនចង់ឃើញបែបនេះ លោតចូលក្នុងទូរស័ព្ទដៃរបស់អ្នកស្រីទៀតទេ។ ប៉ុន្តែដោយគ្មានជំរើសណាដែលប្រសើរជាងនេះ ក្រៅពីស្នើឱ្យស្ថាប័នជំនាញជួយរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពដើម្បីចៀសវាងហានិភ័យផ្សេងៗដែលអាចកើតមានឡើង ជាពិសេសសារដែលតែងផ្ញើចូលទូរស័ព្ទដៃរបស់អ្នកស្រីមិនឈប់នេះនាំឱ្យរំខាន សឹងធ្វើអ្វីមិនកើត៕