កម្ពុជា​​រក​អន្តរា​គមន៍​ពី​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដើម្បី​ជំរុញ​ឱ្យ​ថៃ​ដោះ​លែង​កង​ទ័ព​១៨​នាក់

រាជរដ្ឋាភិបាលកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ពីខាង​​​កាក​បាទ​ក្រហម​អន្តរ​ជាតិ និង​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា​​ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កង​ទ័ព​កម្ពុជា​ចំនួន​១៨នាក់ ដែលយោធា​ថៃ​ចាប់​ខ្លួន ក្រោយ​បទ​ឈប់​បាញ់ ឱ្យ​​មក​​មាតុ​ប្រទេស​វិញ​ឱ្យបា​ន​ឆាប់​បំផុត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃ​​ទី០៤ ខែសីហានេះ បាន​​​សរ​សេរ​រៀប​រាប់​លើ​ទំព័​រហ្វេស​ប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ការ​បរទេស និង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា ​ឱ្យ​ធ្វើការ​ជាមួ​យ​គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)  គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និង​បញ្ជូនយោធាកម្ពុជាទាំង១៨​រូប ត្រលប់​មកមាតុ​ប្រទេស​វិញ ឱ្យ​បាន​ឆាប់​បំផុត។

ជាមួយគ្នានេះ លោក​ថា ក្រសួងការពារជាតិ ក៏បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើប្រទេស​​ម៉ាឡេស៊ី ធ្វើកា​រ​ជាមួយ​អាជ្ញាធ​រ​ថៃ​ ដើម្បី​ឱ្យ​មា​ន​ការ​ដោះ​លែង​យោធា​កម្ពុជា​ឱ្យបាន​​ឆាប់​បំផុត និង​មាន​សុវត្ថិ​ភាព។

រីឯប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញ​ការពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរ​ជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​ទាំង​១៨​នាក់ ដែល​ថៃ​ចាប់​ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​រយៈ​ពេល​៨ម៉ោង។

លោកបានចោទ​ជាសំណួរ​​ថា៖ «ហេតុផលអ្វីទៅ ដែល​ថៃមិនព្រម​ប្រគល់កងទ័ពកម្ពុជា១៨រូបមក​ឲ្យកម្ពុជា​វិញ?»

អតីតនាយករដ្ឋមន្រ្តីកម្ពុជារូប​នេះ បានចាត់ទុក​​សកម្មភាពកងទ័ពថៃ​ ដែលចល័តទ័ពចូលមកចាប់កង​ទ័ព​ក្នុង​​​បន្ទាយ​​ទ័ព​កម្ពុជា បន្ទាប់​ពីមា​ន​បទ​ឈប់​បាញ់ ជា​ការរំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដែល​ហាម​បាញ់ ហាម​​ចល័តទ័ព និង​ហាមបន្ថែមកងទ័ព។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែង​ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការ​អន្តរ​ជាតិ ទាំងកាកបាទក្រហម និងអង្គការសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធ និង​​ជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាត្រលប់មកវិញឆាប់ៗនេះ។

លោក​ថា៖ «រដ្ឋាភិបាលប្រើគ្រប់មធ្យោបាយ ជាពិសេសប្រើប្រាស់យន្តការអន្តរជាតិដែលមាន កាកបាទក្រហមអន្តរជាតិ ស្ថាប័នសិទ្ធិមនុស្សទាំងអស់ដែលមាន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនយើង១៨នាក់ហ្នឹង។ ធ្វើម៉េចដើម្បីដាក់សម្ពាធឱ្យថៃត្រូវតែដោះលែង កងកម្លាំងយើងទាំងអស់មកវិញហើយឱ្យបានឆាប់»

អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា ​លោក ហុក សុភា ថ្លែងថា កម្ពុជាសម្រេច​ពឹងពាក់កាក​បាទក្រហម​អន្តរជាតិ ដោយសារអង្គការនេះ​មានតួនាទីធានាដល់អ្នកដែលត្រូវគេចាប់ខ្លួនក្នុងសង្រ្គាម នូវការ​​​យកចិត្តទុកដាក់ក្នុងន័យមនុស្សធម៌ រួមទាំងសម្របសម្រួលការចាំបាច់នានាអំឡុងពេលឃុំខ្លួន ដំណាក់កាលដោះលែង និងបញ្ជូនមកប្រទេសកំណើតវិញ។

កាលពីថ្ងៃទី០១ ខែសីហា កងទ័ពកម្ពុជាចំនួន២នាក់ ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជា តាមច្រកអូរស្មាច់ ខណៈកងទ័ពកម្ពុជា១៨នាក់ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅឡើយ គិត​ត្រឹម​ថ្ងៃទី​០៤ ខែសីហានេះ។

ប្រធាន​អង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា យោធាថៃបានរំលោភ​បំពាន​ធ្ងន់ធ្ងរលើច្បាប់ស្ដីពីសង្រ្គាម ដោយសារតែ​​កង​ទ័ព​កម្ពុជា​ចំនួន​២នាក់ ដែល​ថៃប្រគល់​មក​វិញ​មាន​សភាព​ទ្រុឌ​ទ្រោម​ ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រាង​កាយ​របស់​ពួកគេ។ ទន្ទឹង​នឹង​នេះ លោក​ថា ថៃក៏​រំ​លោភ​សិទ្ធិ​មនុស្ស​ខ្លាំង​ដែរ ចំពោះ​ការ​ឆ្មក់​ចាប់​កង​ទ័ព​កម្ពុជា បន្ទាប់​ពី​ប្រទេស​ទាំង​២​ បាន​ព្រម​ព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់។

លោកបញ្ជាក់ថា៖ «ពេលទៅយកចាប់ខ្លួនទៅ គឺមិនបានធានាសុវត្ថិភាពទៅដល់យោធាកម្ពុជាទាំងអស់ហ្នឹងទេ នៅពេលដែលបញ្ជូនត្រលប់មកវិញ យើងឃើញថាមានពីរនាក់ មុនពេលចាប់​ខ្លួនទៅ គាត់មានសុខភាពធម្មតា តែក្រោយពេលដែលភាគីយោធាថៃបញ្ជូនត្រលប់មកវិញ ឃើញថាគាត់មានសភាពទ្រុឌទ្រោម ដែលបង្ហាញអំពីការធ្វើទុក្ខបុកម្នេញ ទៅលើរូបរាងកាយរបស់ពួកគាត់។ ដូច្នេះ ជាការរំលោភធ្ងន់ធ្ងរណាស់ទៅលើគោលការណ៍ច្បាប់ស្ដីពីសង្រ្គាម»។

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ដែរ​ថា ថៃនឹង​រង​ការរិះគន់ពីអន្តរជាតិចំពោះការប្រព្រឹត្តទង្វើអយុត្តិធម៌ក្នុងពេលសង្រ្គាម ក្នុងករណីមិនព្រមដោះលែងកងទ័ពកម្ពុជាមកវិញ ប្រសិនបើមានការអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​​។

លោក​និយាយថា៖ «កាលណាកាកបាទក្រហមគេធ្វើការហើយ យើងមិនឱ្យគេអាហ្នឹង បានន័យ​ថា យើងមានចេតនាអីអាក្រក់ លើសពីហ្នឹងទៀត លើសពីគ្រាន់តែចាប់ខ្លួនគេ។ អាចនឹងធ្វើឱ្យប្រទេសថៃខូចឈ្មោះ​កាន់តែធ្ងន់ទៀត ប៉ុន្តែយើងចាំមើលៗថាតើថៃនឹងរកមធ្យោបាយអីដើម្បីយកលេសតទៅទៀត»។

ហេតុការណ៍ដែលថៃចាប់ខ្លួនកងទ័ពកម្ពុជា កើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ថ្លែងថា នៅទីតាំងលេណដ្ឋានកម្ពុជា ក្នុងសមរភូមិបុស្បូវ កងទ័ពថៃបានប្រើល្បិចចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់ ដោយក្នុងនោះមាន​ទ័ពថៃមួយ​​ក្រុម​ចេញ​ពីក្នុង​ព្រៃ​មក​លប​ភ្ជង់​ពី​ក្រោយ​ខ្នង អំឡុងពេលថតរូបទុកជាអនុស្សាវរីយជាមួយកងទ័ពថៃមួយក្រុមទៀត បន្ទាប់ពីមានបទឈប់បាញ់។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានដកស្រង់​សេចក្តី​ថ្លែងការណ៍​របស់កងទ័ព​ថៃ ​ឱ្យដឹងថា កងទ័ពថៃ​បាន​ចាប់​ខ្លួន​ទាហាន​កម្ពុជា១៨នាក់ ដែល​បាន​ចុះចាញ់។

ជាមួយគ្នានេះ កាសែតថៃ Khaosod English កាលពីថ្ងៃទី២៩ ខែកក្កដា ក៏ចុះផ្សាយដែរថា កងយោធ​ពល​ខេមរភូមិន្ទថៃ បានរាយការណ៍ពីការឃុំខ្លួនទាហានខ្មែរ១៨នាក់ ដែលបានចុះចាញ់កំឡុងពេលចូលកាន់កាប់តំបន់​សៀម​តែ (Sam Tae) ហើយក៏បានរកឃើញអ្នកស្លាប់២នាក់ដែរ។ បច្ចុប្បន្ន យោធិនកម្ពុជាទាំងអស់ កំពុងស្ថិតក្រោមការគ្រប់គ្រង ក្នុងតំបន់សុវត្ថិភាព នៃយោធ​ភូមិភាគ​ទី២ ដែលបានរៀបចំការថែទាំជាមូលដ្ឋាន រួមមានសម្លៀកបំពាក់ អាហារ ទឹកស្អាត និងការព្យាបាលចាំបាច់នានា។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រកាសបទឈប់បាញ់រួមគ្នាមួយជាបន្ទាន់ចាប់ពីពាក់កណ្ដាល​អាធ្រាត ចូលថ្ងៃទី២៨ ខែកក្កដា ក្រោយមាន​ការ​រៀបចំ និង​​សម្រប​សម្រួលដោយ​​​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ដែលជា​ប្រធាន​អាស៊ាន​ប្តូរវេន ​និងតំណាង​មកពីសហរដ្ឋ​​អាមេរិក និង​ចិន ​​ក្រោមគំនិ​តផ្តួច​ផ្តើម​​​​ឱ្យ​មាន​បទ​ឈប់បាញ់ ពី​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍