សហរដ្ឋ​អាមេរិក​​កំណត់​ពន្ធនាំ​ចូល​ទំនិញ​ពី​កម្ពុជា​១៩% ក្រោយ​កម្ពុជា-ថៃ​អនុវត្ត​បទ​ឈប់​​បាញ់

សហរដ្ឋអាមេរិក ​បាន​​​សម្រច​កំណត់​​អត្រា​​​ពន្ធបដិការ​​​​​​​​លើ​​​ទំនិញ​​​នាំ​ចូល​ពី​កម្ពុជា​​ មក​​​នៅ​​ត្រឹម ១៩% ដែលនឹង​​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី០១ ខែសីហានេះ ​ក្រោយ​​​ប្រទេស​​កម្ពុជា និង​ថៃ បានអនុវត្ត​តាមកិច្ចព្រមព្រៀង​បទ​ឈប់​​បាញ់ ក្រោម​ការ​សម្របសម្រួលរបស់ប្រធានាធិតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមសំណេររបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​​​បាន​បង្ហោះ​សារ​នៅលើ​ហ្វេស​ប៊ុក​​​របស់​​​​​លោក នៅ​​ព្រឹ​ក​ថ្ងៃ​ទី​​១ ខែ​សីហា​នេះ​ ឱ្យ​ដឹងថា ​សហរដ្ឋ​អាមេរិក បាន​សម្រេច​បញ្ចុះពន្ធលើ​ទំនិញ​​នាំ​ចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម​ ១៩% គឺ​​​មាន​ការ​​​ថយ​​ចុះ ៣០% បើ​​ប្រៀ​​ប​​ធៀប​​ជាមួយ​​នឹង​​អត្រា​​ពន្ធ​​​ពីដំ​បូង​ ៤៩% ។ លោកថា នេះ​ជា​​ដំណឹង​​​ដ៏ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តទៅមុខ​។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងទៀត​ថា​៖ «ខ្ញុំសូ​​ម​​អរគុណ​ឯកឧត្ត​មប្រ​ធានាធិប​តី Donald Trump ដែល​ឯក​ឧត្តម​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់ នៅ​ក្នុង​ការ​ផ្ដួច​ផ្ដើម​ និង​ជំរុញ​ឲ្យ​មាន​ការ​ឈប់​​​បាញ់​គ្នា​រវាង​កង​ទ័ព​កម្ពុជា​​​និង​កង​ទ័ព​ថៃ និង​បន្ត​តាម​ដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​ដោយ​ផ្ទាល់ រហូត​ដល់​មាន​សន្តិភាព​ជា​អចិន្ត្រៃយ៍ និង​ប្រក្រតី​ភាព​នៃ​ទំនាក់​​ទំនង​រវាង​កម្ពុជា-ថៃ​នៅ​ពេល​ខាង​មុខ។ បន្ថែម​លើនេះ​ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​ផ្ដល់​នូវ​ការ​យោគ​យល់​សម្រាប់​​​កម្ពុជា ដោយ​បាន​ផ្ដល់​នូវ​ឱកាស​ក្នុង​ការ​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​​បន្ត​ទៅ​ទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹក​ពី​កា​រ​​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃទី​​២៦​ និងថ្ងៃទី​​២៨ ខែ​កក្កដា​ក​ន្ល​ង​ទៅ​នេះ។

លោកថា អំឡុងពេលនោះ លោក​បានលើកឡើង​​​អំពី​​សារៈ​​សំខាន់​​នៃ​​សន្តិ​ភាព និង​​ការ​អភិវឌ្ឍ​ប្រទេស​​ ដោយ​​​​សារ​​កម្ពុជា​​ទើប​​ងើប​​ពី​​សង្គ្រាម​​រ៉ាំរ៉ៃ​​​ជាង ៥០០​ឆ្នាំ​មក​ហើយ ហើយនិងបានស្នើ​​អាមេរិក​​​ផ្ដល់​​ការ​យោគ​យល់ សម្រាប់​ការ​​បន្ធូរ​អត្រា​​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ឱ្យ​​​នៅ​ត្រឹម​​អត្រា​ទា​ប​​ណា​​មួយ​ ដែល​ជួយ​ឲ្យ​កម្ពុជា​​​មាន​ឱកាស​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និងលើក​​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។

ក្នុង​​សន្និសី​ទសារព័ត៌មាន​​ស្តី​ពី លទ្ធផលនៃការចចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក ​ នៅ​ទី​ស្តី​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នាព្រឹកថ្ងៃទី​០១ ខែសីហា​​នេះ​ លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) លើកឡើង​​​ថា​ អត្រា​​ពន្ធ​គយថ្មី​នេះ នឹង​​ជួយ​ឱ្យ​កម្ពុជា អាច​ប្រកួត​ប្រជែង​នឹង​ប្រទេស​ជិត​ខាង​បាន ដោយ​សារ​​តម្លៃ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ទាប​នៅ​កម្ពុជា បើ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់។

លោកមាន​ប្រសាសន៍ថា៖ «ប៉ុន្តែសួរថា១៩នេះ កម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឬទេ? ចម្លើយថា ប្រកួតប្រជែងបាន! ហើយអាចឈ្នះទៀត។ ហេតុដូចម្តេចបាន​ខ្ញុំនិយាយ​ដូច្នេះ? ដោយ​សារ​អត្រា​ស្មើ​គ្នា ប៉ុន្តែត​ម្លៃព​លករ​យើង​ទាប​ជាង​ ពលករ​យើង​មាន​វ័យ​ក្មេង​ជាង ប្រទេស​យើង​នៅ​ក្នុង​កណ្តាល​​មហាតំ​បន់​មេគង្គ​ដែល​មាន​កម្ពុជា មាន​វៀត​ណាម មាន​ថៃ មាន​ឡាវ មាន​ភូមា មាន​ផ្នែក​ខាង​ត្បូង​របស់​ប្រទេស​ចិន មាន​ប្រជាពលរដ្ឋ​២៥០​លាន​នាក់! យើង​នៅ​ចំ​កណ្តាល»។​

ស្របពេលជា​មួយ​គ្នា លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋខ្មែរ​ដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រលប់ចូល​មាតុភូមិវិញ ដើម្បីជួយក៏សាងសេដ្ឋកិច្ចជាតិ ដោយលោកយល់ឃើញថា ការធ្វើការនៅក្រៅប្រទេស មិនបានជួយដល់សេដ្ឋកិច្ចជាតិខ្លួននោះឡើយ។

ក្នុងនោះដែរ លោកអះអាងថា រដ្ឋាភិបាល នឹង​មានវេទិកាជជែកជាមួយ​ក្រុមហ៊ុនឯកជន និងបណ្តាប្រទេស​ដទៃទៀត ទៅលើបញ្ហាប្រឈមនិងកាត់បន្ថយនីតិវិថីស្មុគស្មាញផ្សេងៗ ដើម្បីបង្កើតការងារឲ្យបានច្រើនដល់ប្រជាពលរដ្ឋ។

ទន្ទឹមគ្នានេះ អនុប្រធានសភា​ពាណិជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង មាន​ប្រសាសន៍​ថា អត្រា​ពន្ធ​គយ​ថ្មី១៩​ភាគរយ​នេះ ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកួ​ត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង បើទោះ​ជា​ថ្លៃ​ដឹក​ជញ្ចូន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ខ្ពស់​ជាង​គេ​បន្តិច តែ​ទីផ្សារ​ពលកម្ម​កម្ពុជា​មាន​តម្លៃ​សមរម្យ​ជាង ដែល​អាច​ទាក់​ទាញ​វិនិយោគ​មក​ក្នុង​​ប្រទេស​បន្ថែម​ទៀត។

លោក​ថា៖ «ដែល​យើងមាន​១៩ភាគរយនេះ យើងអាចប្រកួតប្រជែងបាន ដូច្នេះខ្ញុំជឿថា ការ​វិនិយោគ​កើន​ឡើង កម្លាំង​ទីផ្សារ​ពលកម្ម​យើង​ត្រូវ​ការ​កាន់​តែច្រើ​ន ដូច្នេះ​ខ្ញុំ​ជឿ​​ថា ប្រាក់​ខែរ​បស់ក​ម្មករ​និយោជិក​​​ទាំង​អស់​នឹង​ឡើង​ទៅ​តាម​ហ្នឹង»

ការកំណត់ពន្ធ​គយ​​ថ្មី​ ដែល​សេតវិមាន​ បង្ហោះ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​លើគេហទំព័រ​របស់​ខ្លួ​ន (The White House) នៅ​​ថ្ងៃទី​៣១ ខែ​កក្កដា ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ ក្រោយ​​បទ​ឈប់​បាញ់​រវា​ង​កម្ពុជា និងថៃ បានចូលជាធរមាននៅយប់​ម៉ោង​១២យប់​ថ្ងៃទី២៨ ខែ​កក្កដា​កន្ល​ងទៅ។

ចំពោះ​មុខ​ការ​បន្ថយ​អត្រា​ពន្ធ​គយ​មក​នៅត្រឹមចំនួន ១៩ភាគរយ ពីសំណាក់អាមេរិកនៅពេលនេះ មេដឹកនាំសហជីព ​​និង​សង្គមស៊ីវិល​ យល់ឃើញថា ជារឿងល្អសម្រាប់​កម្ពុជា ជាពិសេស​សម្រាប់​កម្មករ ខណៈពួក​គេ​ក៏​ចង់​​ឃើញ​មានការគិតគូរបន្ថែមទៀត​ពីបណ្តាប្រទេស​ដែលនាំចូលទំនិញពីកម្ពុជា។​

ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រសិនតៃហ្គាមេន លោក កឹម សុភេន បាន​បង្ហាញ​ការ​សាទរចំពោះការ​កំណត់​ពន្ធបដិការ​ថ្មីរបស់​សហរដ្ឋអាមេរិក​ សម្រាប់កម្ពុជា​នេះ ដោយ​លោកថា ​អត្រាពន្ធ​​បដិការ​​ថ្មី​​ នឹង​អាច​​ជួយ​ឲ្យ​កម្មករ ឬ​អ្នក​​ធ្វើកា​រ​ងារ​ផ្នែក​ឧស្សាហកម្ម​កាត់​ដេរ​ បន្ត​ការងារ​របស់​ពួក​គេទៅ​មុខ​ទៀត។

លោកលើកឡើង៖ «ក្នុងនាម​ខ្ញុំ​ជា​កម្មករ តំណា​ង​ឲ្យ​បង​ប្អូន​កម្មករ គឺ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន! ដោយ​​សារ​តែ​យើង​មើល​ឃើញ​ថា ១៩​ភាគរយ​នេះ គឺ​នៅ​អា​ច​រក្សា​ការងារ​បាន នៅ​អាច​បន្ត​កិច្ច​ការ​ងារ​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​របស់​យើង​បាន​តទៅ​ទៀត”

ចំណែកឯ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធសហជីព​កម្ពុជា (CATU) យល់ឃើញថា អត្រា​ពន្ធ​គយ​​​ថ្មី​១៩​ភាគរយ ជាតួរ​លេខ​មួយ​ ដែល​មាន​ការ​ប្រដម​ប្រសង​គ្នា​ជាមួយ​ប្រទេស​ក្បែរ​ខាង តែ​ក៏​ស្ថិត​នៅ​ក្នុង​ភាព​ល្អ​ប្រសើរ​ជាង​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​អត្រា​ពន្ធ ៣៦​ភាគរយ​ពី​មុន។ បន្ថែមពីនេះ អ្នកស្រី​មើលឃើញថា ការលើកស្ទួយផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិផ្សេងៗ នៅតែជា​គន្លឹះអាច​ជួយ​​ឲ្យកម្ពុជា​ទទួលបានអត្រាពន្ធល្អប្រសើរផងដែរ។

អ្នកស្រីលើកឡើងថា៖ «ចឹ​ងបើ​សិនណា​ទៅមុខ​ទៀត រដ្ឋាភិបាល​លោក​ព្យាយាម​នៅ​ក្នុង​ការ អាច​ថា វាជា​ការ​ព្យាយាម​ក្នុង​ការ​កែ​សម្រួល ឬ​ក៏​សម្បទាន ឬ​ក៏​កែ​ឥរិយាប​ទ​មួយ​ចំនួន ទៅ​លើ​សិទ្ធិ​ការ​ងារ សិទ្ធិ​ជាមូល​ដ្ឋាន សិទ្ធិ​​ផ្សេងៗ ខ្ញុំគិ​ត​ថា វា​អាច​មាន​លក្ខណៈ​កែ​​ប្រែ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ»

បច្ចុប្បន្ន បើប្រប្រៀបធៀបទៅនឹងប្រទេសក្បែរខាងរបស់ខ្លួន កម្ពុជាទទួលបានការបន្ធូរបន្ថយពន្ធគយល្អជាងវៀតណាមចំនួន​ ០១ភាគរយ ប៉ុន្តែស្មើនឹងថៃ ដោយមានចំនួន១៩ភាគរយដូចគ្នា ខណៈល្អប្រសើរជាង​ឡាវ និងមីយ៉ាន់ម៉ា ត្បិតប្រទេសទាំងពីរនេះ​ត្រូវសហរដ្ឋអាមេរិក​​​យកពន្ធ​លើ​ទំនិញ​នាំចូលចំនួន ៤០ភាគរយដូចគ្នា។ នេះបើយោង​តាម​តារាង​ពន្ធគយបដិការ​ដែល​ផ្សព្វផ្សាយនៅលើគេហទំព័រ​សេតវិមានសហរដ្ឋ​អាមេរិក។

ចំពោះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបេតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏យល់ថា អត្រា​ពន្ធគយ​ដែល​អាមេរិក​កំណត់​ត្រឹម ១៩%នេះ ​ជា​​រឿង​​ល្អ​សម្រាប់​​​ស្ថាន​​ភាព​​ជាក់​​ស្តែង​​នៅ​​កម្ពុជា ព្រោះអាច​ទាក់​ទាញ​ឲ្យ​អ្នក​វិនិយោគ​បន្ត​ឈរ​ជើង​នៅ​កម្ពុជា។

លោកថា៖ «តែ​ដើម្បី​ឲ្យ​ប្រសើរ​ជាង​នេះ ទាល់​តែ​ទាក់​ទង​វិនិយោគ​ទុន​បរទេស​ដែល​មានសុ​ច្ចរិត​ភាព គោរព​ច្បាប់ គោរព​សិ​ទ្ធិ​កម្មករ គោរព​សិទ្ធិ​សហជីព អត្រា​ប្រាក់​ឈ្នួល​វាសម​ទៅ​នឹង​តម្លៃ​ទីផ្សារ ចំណាយរបស់​កម្មករ អាហ្នឹង​ទើប​ប្រសើរ​បាន»

ជាមួយគ្នានេះដែរ​ លោក វន់ ពៅ យល់ថា ដើម្បី​​ទាក់​ទាញ​វិនិយោគមក​កាន់​កម្ពុជា​បន្ថែមទៀត រដ្ឋាភិបាល​​ គួរ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ចំណាយ​ដែល​អ្នក​វិនិយោគ​ ជា​ពិសេស​ការ​ប្រើប្រាស់អគ្គិសនី និងទឹកជា​ដើម គួរ​តែកំណត់តម្លៃ​សមរម្យ និងត្រូវ​​ចាត់​វិធាន​ការ​ផ្នែក​អំពើ​ពុក​រលួយ។

របាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បាន​ឈាន​ដល់ ៥,៦៩​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៦ខែ​ឆ្នាំ២០២៥​នេះ កើន​ឡើង ២៥,៧%។ ក្នុង​​ចំណោម​​តួលេខ​​នេះ ការ​​នាំ​​ចេញ​​របស់​​កម្ពុជា​ទៅ​កាន់សហរដ្ឋ​អាមេរិក គឺ​​មាន​​ចំនួន ៥,៥២ពាន់​​​លាន​​ដុល្លារ កើន​ឡើង ២៥,៦ % ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រភព​ដដែល បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នៅ​តែ​ជាទីផ្សារ​នាំចេញ​ដ៏ធំបំផុត​របស់​កម្ពុជា ក្នុងអំឡុង​​ខែមករា ដល់​ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកដៃគូពាណិជ្ជកម្មកម្ពុជា ដែលជាប់​​ចំណាត់​​ថ្នាក់ លេខ​២ ​គឺ​ប្រទេសវៀ​ត​ណាម ដែល​មាន​ទឹក​ប្រាក់​នាំចេ​ញ ២,១៩​ពាន់​​លាន​​​ដុល្លារ, ជប៉ុន ៧៥៣,៥៤​លាន​ដុល្លារ, ចិន ៧៥០​លានដុល្លារ, កាណាដា ៦០៤,៤៨​លានដុល្លារ និង​អេស្ប៉ាញ ៥១១,០៥ លានដុល្លារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍