មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការភូមិភាគកម្ពុជា និងយោធាថៃ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានបញ្ចប់ទៅ ដោយភាគីទាំងពីរឯកភាពគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ឈប់បង្កើនទ័ព និងភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា បន្ទាប់ពីមានការប្រយុទ្ធក្នុងសមរភូមិដ៏ខ្លាំងក្លារយៈពេល៥ថ្ងៃជាប់គ្នា ជុំវិញបញ្ហាជម្លោះព្រំដែន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែកក្កដានេះថា កិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការភូមិភាគកម្ពុជា និងថៃ បានប្រព្រឹត្តទៅចំនួន០៣ទីតាំង ក្នុងនោះមាន មេបញ្ជាការភូមិភាគ៥ កម្ពុជា និងភូមិភាគ១ថៃ បានធ្វើឡើងនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, យោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានព្រំដែនចន្ទបូរី និងខេត្តត្រាត ធ្វើឡើងនៅស្ពានតំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន និងយោធភូមិភាគ៤ កម្ពុជា និងមេបញ្ជាការយោធភូមិភាគ២ ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
អ្នកស្រីបន្តថា ជាលទ្ធផល យោធាកម្ពុជា និងថៃ បានឯកភាពដូចៗគ្នាដោយគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណុចសំខាន់ៗមួយចំនួន ដូចជា ឈប់បង្កើនទ័ពនិងមិនត្រូវចល័តទ័ពនិងគ្រឿងសព្វាវុធផ្តេសផ្តាស់ ព្រមទាំងសំណូមពរមិនឱ្យភាគីថៃដើរឆ្លងចូលដែនអធិបតេយ្យរបស់កម្ពុជាជាដើម។
លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា៖ «មេបញ្ជាការភូមិភាគ២ថៃ និងមេបញ្ជាការកម្ពុជា នៅស្ពានតំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន ក៏ទទួលបានលទ្ធផល ១.លើកឡើងពីការអនុវត្តបទឈប់បាញ់ ២. មិនត្រូវធ្វើការចល័តទ័ពនិងគ្រឿងសព្វាវុធទេ ៣.ចំពោះកងកម្លាំងមានរបួស ភាគីថៃមិនត្រូវបាញ់លើកម្ពុជាទេ ៤.សំណូមពរភាគីថៃ សូមកុំដើរចូលដែនអធិបតេយ្យរបស់កម្ពុជា ព្រោះកម្ពុជាបានគោរពបទឈប់បាញ់រួចហើយតាំងពីចូលជាធរមានរួចមក»។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានលើកឡើងដែរថា ក្នុងកិច្ចប្រជុំនោះ មេបញ្ជាការថៃភូមិភាគទី២ ក៏បានចូលរួមសោកស្តាយនូវការខូចខាត បាត់បង់ជីវិត ទ្រព្យសម្បត្តិ ដែលធ្វើឱ្យមានការលំបាកទាំងសងខាង។
ស្របពេលគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យទ័ពជើងគោកថៃ ដែលបានលើកឡើងថា មានការប្រយុទ្ធគ្នាបានកើតឡើង និងមិនគោរពតាមបទឈប់បាញ់។
លោកស្រី សុជាតា ថ្លែងថា៖ «ចំណុចនេះ នាងខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់តាំងពីម៉ោង២៤និង០០នាទី ម៉ោងនៅក្នុងតំបន់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំង២ ដូចបានលើកឡើងនៅខាងលើ ដើម្បីជួបពិភាក្សាគ្នា ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ម៉ឹងម៉ាត់ ក្នុងការអនុវត្ត និងគោរពតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ»។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានដែរថា តាមរយ:កិច្ចប្រជុំនេះ លទ្ធផលសម្រេចបានគឺមានសារសំខាន់ណាស់ ដែលមិនត្រឹមតែមានសន្តិភាព រវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសន្តិភាពមាននិរន្តរភាពរយ:ពេលយូរអង្វែង។
លោកថា៖ «សម្តេចក៏បានអរគុណដែលបង្កើតឱ្យមានបទឈប់បាញ់ ហើយនឹងសន្តិភាពរវាងកម្ពុជា-ថៃ ហើយសម្តេចក៏អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato’ Seri Anwar Ibrahim ដែលបានជួយរៀបចំកិច្ចប្រជុំ និងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នេះ»។
កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ បានជួបគ្នាក្នុងកិច្ចប្រជុំកំពូល នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមការចូលរួមពីតំណាងមហាអំណាចសហរដ្ឋអាមេរិក និងចិន។
លទ្ធផលនៃកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជុំវិញជម្លោះប្រដាប់អាវុធពីបញ្ហាព្រំដែននេះ ភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់ ត្រឹមម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា ហើយនិងរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគរវាងប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ហើយប្រសិនបើភាគីទាំងពីរឯកភាពនឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន។
ក្រៅពីនោះ ភាគីទាំងពីរប្រទេស នឹងកោះប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយភាគីទាំងពីរ ក៏បានយល់ព្រមក្នុងការបន្តឡើងវិញនូវទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ហើយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឱ្យបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់ផងដែរ។
ក្រោយកិច្ចប្រជុំកំពូលនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៨ ខែកក្កដា ដោយសម្ដែងការអរគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលផ្តួចផ្តើមគំនិតឱ្យមានការចរចាជាបន្ទាន់លើបទឈប់បាញ់នេះ។
លោកសរសេរក្នុងសំណេរដើមថា៖ «ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការឈប់បាញ់គ្នាភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចាការឈប់បាញ់ឱ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ »។
ចំណែកប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលលោកថា បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ។
លោកក៏បានអរគុណដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងអរគុណដល់មិត្តចិនដែលបានចូលរួមជួយ និងអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ កងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ។
សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាន និងជាអ្នកវិភាគសង្គម លោក ឯម សុវណ្ណរ៉ា បានសាទរចំពោះការឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃនេះ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងប្រឈមគ្រោះថ្នាក់ដល់ពលរដ្ឋរាប់ម៉ឺននាក់។
តែយ៉ាងណា លោកហាក់នៅមិនទាន់ជឿជាក់លើភាគីថៃទាំងស្រុងទេ ដោយលោកជំរុញដល់សហគមន៍អន្តរជាតិ ជាពិសេស អាមេរិក ចិន និងអាស៊ាន គួរចូលរួមសង្កេតការណ៍ឱ្យបានជាប់លាប់។
លោក ឯម សុវណ្ណរ៉ា ថ្លែងថា៖ «ខ្ញុំមិនទាន់ជឿជាក់[ខាងភាគីថៃ]មួយរយភាគរយទេ បានតែ៨០%ចុះ ព្រោះភាគីកម្ពុជាជានិច្ចកាលពុំដែលបង្កសង្គ្រាមទេ មានតែថៃទេ តែបើមានយន្តការលើបទឈប់បាញ់ចូលសង្កេតការណ៍បន្ថែម ខ្ញុំជឿជាក់ថា ថៃគោរពតាម ឈប់បាញ់តាមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីស្តីទីថៃ និងកម្ពុជា»។
កម្តៅជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានកក្រើកឡើងវិញ កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃបើកការបាញ់ប្រហារលើលេណដ្ឋានកងទ័ពនៅជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
ភាពតានតឹងនៅតំបន់ព្រំដែននេះ រដ្ឋាភិបាលកម្ពុជា បានជូនដំណឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបំណងប្តឹងទៅលើតំបន់រសើបចំនួន៤ចំណុច រួមមាន ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក៏ប៉ុន្តែត្រូវបានភាគីថៃមិនយល់ស្របនិងបានកាត់បន្ថយម៉ោងចេញចូល និងបិទច្រកព្រំដែនដោយឯកតោជាបន្តបន្ទាប់ រហូតដល់មានការទម្លាក់កម្រិតការទូតរវាងកម្ពុជា-ថៃ ហើយឈានដល់ការផ្ទុះអាវុធបង្កដោយភាគីថៃមុន នៅតំបន់ប្រាសាទតាមាន់ធំ ហើយរាលដាលដល់តំបន់ផ្សេងទៀតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែកក្កដា៕