សមត្ថកិច្ច​​​​ផ្ទេរ​​ជន​​ជាប់​​​ឃុំ​ជា​ង​ ១០០០​​នាក់ ពី​​ខេត្ត​​ឧត្តរ​មាន​ជ័យ ​ទៅខេ​ត្ត​សៀម​រាប ​ដើម្បីសុវត្ថិ​ភាព

សមត្ថកិច្ច​​បាន​​​ផ្ទេរ​​ជន​​ជាប់​​ឃុំ​​ជាង​ ១០០០​នាក់ ចេញ​​ពី​​ពន្ធនាគារ​​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ទៅ​កាន់​ពន្ធនា​​គារ​ក្នុង​​ខេត្ត​សៀម​រាប​ នៅថ្ងៃទី២៨ ខែកក្កដា ដើម្បី​​ធានា​​សន្តិ​សុខ​ និង​សុវត្ថិ​ភា​​ព​របស់​ពួក​គេ ខណៈខេត្តឧត្តរមានជ័យ​មាន​ហានិភ័យ​ខ្ពស់ពីការ​វាយ​ប្រហារ​ដោយ​អាវុធពីទាហាន​ថៃ។

អ្នកនាំពាក្យ​​អ​​គ្គនា​យក​ដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់ Press Start Cambodia នៅល្ងាចថ្ងៃទី​២៤ ខែកក្កដាថា ជនជាប់ឃុំ​ចំនួន ១ ១១៤នាក់ ត្រូវបាន​ដឹកចេញពីពន្ធនាគារ​ខេត្ត​ឧត្តរ​មានជ័យ ពីម៉ោង​៥ព្រឹក ដល់ម៉ោង ១០:២០នាទីព្រឹក ថ្ងៃចន្ទ​ម្សិលមិញ ដោយ​ប្រើកម្លាំងអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​សរុបចំនួន ១១៥នាក់ និ​ងរថយន្ត​ដឹកជញ្ជូន​ចំនួន ២៥គ្រឿង។​

លោក​បន្តថា ​ការ​ផ្ទេរ​ជន​ជាប់​ឃុំ​ពីព​ន្ធនាគារ​ខេត្ត​ឧត្ត​រ​មាន​ជ័យ ទៅ​​កាន់​ខេត្តសៀម​រាប​ នៅ​ពេល​នេះ ជា​ការ​​ផ្ទេរ​បណ្តោះ​អាសន្ន​ ដោយ​ផ្អែក​លើ​ស្ថាន​ការ​ណ៍​ជាក់​ស្តែង​ដែល​យោធា​ថៃ វាយ​ប្រហារ​មក​លើ​ប្រទេស​កម្ពុជា​នៅ​តាមបន្ទាត់​ព្រំ​ដែន។

លោកថ្លែង​ថា៖ «ខ្ញុំសុំបញ្ជាក់ថា ការផ្ទេរពីឧត្តរមានជ័យម​ក​ទុក​នៅ​សៀមរាប​នេះ គឺ​ជាកា​រ​ឃុំឃាំង​បណ្តោះ​អាសន្ន មាន​ន័យ​ថា យើង​ផ្ទេរ​ការ​គ្រប់​គ្រង​បណ្តោះ​អាសន្ន​ទេ ដោយ​សារ​តែស្ថា​ន​ភាព យើង​មើល​ព័ត៌មានយើងដឹងហើយថា ភាគីថៃបានព្យាយាមផ្លោង​គ្រាប់​ចូល​មក​ក្នុង​តំបន់​ទី​ប្រជុំ​ជន ហើយ​ក្រុង​សំរោង ដោយ​សារ​ពន្ធនា​គារ​ស្ថិត​នៅ​ក្នុង​បរិវេន​ទីតាំង​ហ្នឹង​ដែល ចឹង​បាន​ថ្នាក់​ដឹក​នាំ​ក្រសួង​ផ្តល់​គោល​ការណ៍​ឲ្យ​យើង​ផ្ទេរ​ចេញ​បណ្តោះអាសន្ន​សិន»

លោកក៏បានបញ្ជាក់ដែលថា ការផ្ទេរមកកាន់ខេត្តសៀមរាប គឺដោយសារទីតាំងភូមិសាស្ត្រនៃខេត្តនេះ​ នៅ​ជិតខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ការ​ផ្ទេរ​នេះ​ក៏មិ​ន​ដាក់​នៅ​លាយ​ឡំ​គ្នា​​ដែរ ស្របពេល​ដែល​​ពន្ធនាគារ​​ខេត្ត​សៀម​រាប អាច​ទទួល​​ការ​​គ្រប់​គ្រង​បណ្តោះអាសន្នបាន។

អ្នកនាំពាក្យរូបនេះបន្ថែម​ថា បើទោះ​ជាមានភាពចង្អៀតណែន​ក្នុងពន្ធនាគារ​ខេត្ត​សៀមរាប ប៉ុន្តែជន​ជាប់​ឃុំនឹងមាន​អារម្មណ៍សុវត្ថិ​ភាព ត្បិត​ចាក​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង។

បើតាម​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ គឺ​​ពន្ធនាគារ​ខេត្ត​ឧត្ត​រ​មានជ័យ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៥៣​គីឡូ​ម៉ែត្រ ពី​ព្រំដែន​កម្ពុជា-ថៃ។

​ចំណែក អ្នកនាំពាក្យ​ពន្ធនាគារ​ខេត្តសៀមរាប លោក ឈៀង ឆៃយ៉ា បាន​ឱ្យ​ដឹង​នៅថ្ងៃទី​២៩ ខែកក្កដានេះ​ថា បើទោះ​ជា​កម្ពុជា-ថៃ បាន​អនុវត្ត​បទឈប់បាញ់កាលពីម៉ោង​១២យប់ថ្ងៃទី​២៨ ឈានចូល​ថ្ងៃទី​២៩ខែ​កក្កដា​ក៏ដោយ ក៏ជន​ជាប់ឃុំនៅបន្តឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​សៀមរាបសិន រងចាំ​បទ​បញ្ជារបស់ថ្នាក់លើ​​ជាថ្មី ថានឹង​ត្រូវ​ផ្ទេរទៅវិញនៅពេលណានោះ។

លោកថា៖ «យើងចាំទទួលប​ទប​ញ្ជាថ្នាក់​លើ! នៅ​ក្នុង​នោះ ដូច​អគ្គនាយ​កដ្ឋា​ន​ពន្ធនាគារ គាត់​បាន​បក​ស្រាយក្នុង​ផេក​របស់​គាត់​អស់​ហើយ»។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ​នៃ​អង្គការ​លីកាដូ បានលើកឡើង​ថា ការ​ជម្លៀស​ជន​ជាប់​ឃុំ​ពីពន្ធនាគារ​ខេត្ត​ឧត្ត​រ​មាន​ជ័​យ​ទៅ​កាន់​ខេត្ត​សៀម​រាប គឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​សុវត្ថិ​ភាព ខណៈខេត្ត​នេះ​​មាន​ការ​​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​យោធា​ថៃ។

ទោះបីជាយ៉ាងណា លោកថា សមត្ថកិច្ច ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​លើ​​​សេវា​ផ្គត់​ផ្គង់​ផ្សេងៗ ដែល​ជន​ជាប់​ឃុំ​ ដោយ​រាប់​បញ្ចូល​ទាំង​អាហារ និង​សេវា​សុខា​ភិបាល​ផងដែរ ដើម្បីជួយ​សម្រួល​ដល់ជនជាប់ឃុំ​ដែលកំពុង​មាន​សភាព​ចង្អៀតណែន ក្នុ​ងពន្ធនាគារ។

លោក​ថា៖ «ប៉ុន្តែអ្វី​ដែល​សំខាន់ គឺ​ការ​រៀបចំ​សម្រួល​បន្ទប់​ដាក់​ជន​ជាប់​ឃុំ ការ​ការ​ពារសុវត្ថិ​ភាព ការ​រក្សា​អនាម័យ​ ភ្លើង ទឹក​ប្រើប្រាស់ ទឹក​ស្អាត ត្រូវ​ផ្គត់​ផ្គង់​ឱ្យ​បាន​គ្រប់​គ្រាន់ រួម​ទាំង​ម្ហូប​អាហារផ​ង​ដែរ។ មួយ​ទៀត​គឺ​សហការជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ទាក់​ទង​គ្រូពេ​ទ្យ​ប្រចាំ​ការ និង​ព្យាបាល​ជន​ជាប់​ឃុំ»

បើតាមហ្វេសប៊ុករបស់ លោក ម៉េត មាសភក្តី អភិបាលរង​ខេត្តឧត្តរមានជ័យ គិត​មកដល់ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា​នេះ ​ស្ថាន​​ភាព​តំបន់​​ក្តៅ​​​ទាំង​​៣ នៅ​​តាម​​បន្ទាត់​​ព្រំដែន ដូចជា តំបន់ប្រាសាទ​តាមាន់ តាក្របី និង​ថ្មដូន មាន​សភាព​​ស្ងប់​ស្ងាត់ ហើយ​​ជន​​ភៀស​សឹក​ កំពុង​បន្ត​ស្នាក់​នៅជំរុំ​មានសុវត្ថិភាព។​

ការផ្ទុះអាវុធរវាងកងទ័ព​កម្ពុជា-ថៃ បាន​កើត​ឡើង​​ចាប់​តាំង​ពី​ព្រឹក​​​​ថ្ងៃទី​​២៤ ខែ​កក្កដា ឆ្នាំ២០២៥ នៅ​ចំណុច​ប្រាសាទ​​តាមាន់​ធំ ខេត្ត​ឧត្តរ​មាន​ជ័យ និង​​បាន​រាល​ដាល​ទៅ​កាន់​ចំណុចផ្សេងៗ​ទៀត នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ រហូត​ដល់យប់ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ទោះមានការ​បញ្ចប់ការ​ផ្ទុះអាវុធ ក្រោយពី​នាយក​រដ្ឋមន្ត្រីនៃប្រទេស​ទាំង​ពីរ បានព្រមព្រៀងគ្នាលើបទ​ឈប់បាញ់ ​ដែលមានជំរុញ​​​ពីប្រ​ធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និ​ងការ​សម្របសម្រួល​​ប្រធាន​អាស៊ាន ​ដោយ​មាន​ការ​​ចូ​ល​រួម​​ពី​តំណាងចិនផង​ដែរ កាលពីរសៀល​ថ្ងៃទី​២៨ ខែកក្កដា។ ការ​ប្រយុទ្ធ​គ្នា​​នៅតាមព្រំដែន​​នេះ បាន​​កើត​​ឡើង​​បន្ទា​​ប់​​ពី​ភាគី​​ថៃ បាន​​ផ្ទុះអា​​វុ​ធ​​មុន នៅ​​ចំណុច​​ប្រាសាទ​តាមាន់ ហើយ​កម្ពុជា​បាន​វាយ​បក​វិញ​​។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ គិតត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ​មាន​​ជនភៀស​សឹកសរុប ៣៩ ៨២៨គ្រួសារ ស្មើនឹង១៣ ៤៧០៧នាក់ ដែលត្រូវ​​បាន​​​ជម្លៀស​​​​​​​​​ទៅ​កាន់​ទី​​កន្លែង​​សុវត្ថិភាព និង​ផ្ទះសាច់ញាតិរបស់​ពួកគេ ក្នុងនោះមានទាំង​​ស្ត្រី ស្ត្រី​មា​​ន​ផ្ទៃពោះ កុមារ និង​ជនចាស់ជរាផងដែរ។

ប្រភពដដែលបន្តថា ការ​ឈ្លានពានរបស់ថៃ ក៏​​បាន​ធ្វើ​ឱ្យ​​សាលារៀន​ចំនួន ៦០០ ត្រូវ​​បិទ​ទ្វារនៅ​ខេត្ត​ចំនួន​៥ ដែលប៉ះពាល់ដល់សិស្ស​សរុបប្រមាណ ១៥ម៉ឺននាក់ និង​គ្រូបង្រៀនចំនួន ​៦ពាន់នាក់៕

អត្ថបទគួរឱ្យចាប់អារម្មណ៍