ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលក្រើនរំឭកដល់ប្រជានុរាស្ត្រ ចូលរួមថែរក្សា និងបន្តការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
ព្រះរាជបន្ទូលក្រើនរំឭកនេះ បានធ្វើឡើងក្នុងការប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា» ដែលត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅបរិវេណពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងព្រះរាជពិធីនោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ ព្រះអង្គក៏បានរំឭកប្រជានុរាស្ត្ររបស់ព្រះអង្គ ឱ្យបន្តនូវកាតព្វកិច្ចថែរក្សាបរិស្ថាន និងការរស់នៅដោយការគោរពធម្មជាតិ និងត្រូវចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា៖ «ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ[…] ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និងលើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ព្រះមហាក្សត្រមានរាជបន្ទូលបន្តថាការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា៖ «សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ក្នុងព្រះរាជពិធីនោះដែរ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយក្នុងនោះក៏មានការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការដាក់ចេញនូវយុទ្ធនាការមួយចំនួនទៀតផងដែរ។
លោកបន្តថា៖ «មិនតែប៉ុណ្ណោះ ក្រសួងក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ ផ្លាស់ប្តូរមកប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ឬផលិតផលបរិស្ថានដែលអាចប្រើប្រាស់ឡើងវិញ»។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសំណល់ប្លាស្ទិក ដែលជាក្តីបារម្ភធំមួយសម្រាប់កម្ពុជា លើផលប៉ះពាល់បរិស្ថាន ដោយលោកថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២ភាគរយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩ភាគរយ ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកប្លាស្ទិកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។
លោក អ៊ាង សុផល្លែត បន្តថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ នោះបរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។
លោកថា៖ «អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ បំណែកប្លាស្ទិកទំាងនេះ ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ»។
អ្នកស្រី កែវ បុប្ផា ជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រជាជននៅសហគមន៍របស់គាត់ ពុំសូវយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននោះទេ ជាពិសេសបញ្ហាសំណល់ប្លាស្ទិក និងការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។
អ្នកស្រីថា៖ «ក្នុងផ្ទះយើងចេះតែពង្រាយទៅ ចេះតែគរទៅក្នុងម្នាក់ស្អុយណាស់ក៏ថង់ប្លាស្ទិកមួយពីរដែរ ហើយចុះបើមនុស្សរាប់លាននាក់ថាតើមួយថ្ងៃអស់ប៉ុន្មានតោន?[…]សូម្បីតែផ្ទះ ខ្ញុំក៏ខ្ញុំប្រាប់កូនខ្ញុំថា បើកូនទិញគេមកបើអាចច្រកថង់តែមួយមកក៏ច្រកទៅ ហើយយកមកដល់ផ្ទះហ្នឹង បើអាចយកលាងហើយទុកប្រើម្ដងពីរដង កុំឱ្យយើងប្រើតែថ្មីៗ»។
អ្នកស្រី ស៊ិន ស៊ីនួន ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែរនោះ បានលើកឡើងថា ជាការប្រសើរណាស់ដែលព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន ខណៈអ្នកស្រីសង្កេតថា នៅកម្ពុជាមានការប្រែប្រួលអាកាសធាតុ ហើយបញ្ហាទាំងនេះបណ្តាលមកពីបញ្ហាផ្លាស្ទីក ការកាប់បំផ្លាញព្រែឈើនៅកម្ពុជាផងដែរ។
អ្នកស្រីថា៖ «មិនមែនត្រឹមតែបញ្ហាផ្លាស់ស្ទីកទេ នៅក្នុងឱកាសនេះសូមឱ្យការពារបរិស្ថាន គិតតាំងពីមិនឱ្យមានការកាប់បំផ្លាញព្រៃឈើឡើងទៅ ហើយការលុបស្ទឹង បឹងបួទាំងឡាយគួតែកាត់បន្ថយ ដើម្បីបរិស្ថានរបស់យើងប្រសើរឡើង»។
ចំណែក សកម្មជនចលនាមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា សង្កេតឃើញថា ការអនុវត្តរបស់អាជ្ញាធរហាក់មានការផ្ទុយគ្នាទាំងស្រុងអំពីអ្វីដែលព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល ព្រោះពេលដែលសកម្មជនចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ បែរជាត្រូវជាប់ពន្ធនាគារទៅវិញ។ កញ្ញាថា ពលរដ្ឋគ្រប់រូបត្រូវតែខ្វល់ខ្វាយ និងគិតថា បញ្ហាបរិស្ថានជាបញ្ហារួម។
កញ្ញាបន្តថា៖ «ខណ:ពេលសកម្មជនចលនាមាតាធម្មជាតិ តែងតែលើកឡើង ចូលរួមយ៉ាងសកម្មអំពីបរិស្ថាន ប៉ុន្តែបែរជាជាប់គុកច្រវ៉ាក់។ ក្រឡែកមើលបញ្ហាប្លាស្ទិក និងធនធានធម្មជាតិវិញ ការអនុវត្ត គឺនៅមានកម្រិតនៅឡើយ ដោយឧទាហរណ៍ ការយកដែនជម្រកសត្វព្រៃពាមក្រសោប មកធ្វើជាទីលានចាក់សំរាម ជាដើម។ បញ្ហាដែលបានកើតឡើងទាំងអស់នេះ ក្នុងនាមពួកយើងជាប្រជាពលរដ្ឋ យើងគួរតែប្ដូរគំនិតពី មិនមែនរឿងខ្ញុំ ខ្ញុំមិនខ្វល់ មកជាបញ្ហាសង្គម គឺជាបញ្ហារួម»។
គួរបញ្ជាក់ថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៃព្រះរាជាណាចក្រកម្ពុជា៕