,

រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជកម្មកម្ពុជា​ អះអាងថា រដ្ឋាភិបាល​​ កំពុងចាត់វិធានការ​រក​ដំណោះស្រាយ​ និង​ស្វែង​រក​ការចរចា​ ក្រោយសហរដ្ឋអាមេរិក​ប្រកាសជាផ្លូវការពីការ​ដំឡើង​ពន្ធ​​​គយ​លើ​ទំនិញ​នាំចូល​ពីកម្ពុជា ៤៩ភាគរយ។

យោងតាមសារព័ត៌មានល្បីរបស់អាមេរិក NBC News ចុះផ្សាយ​នៅថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសា នៅកម្ពុជានេះ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខា​លើគោលនយោបាយ “ពន្ធគយ” ដ៏ខ្លាំងក្លា និង​ទូលំទូលាយនៅសេតវិមាន។

លោក​បានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីកម្ពុជា រហូតដល់ ៤៩ភាគរយ ដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជាដែលបានយកពន្ធលើទំនិញអាមេរិកនាំចូលចំនួន ៩៧ភាគរយ។ លោក​បាន​​អះអាងដែរ​​ថា ​ការ​យក​ពន្ធ​ថ្មី​នឹង​ជំរុញ​ការងារ​ផលិត​នៅក្នុង​ស្រុក។

ប្រភពដដែលបន្តថា គោលនយោបាយពន្ធគយរបស់អាមេរិកនេះ បានប្រកាសដាក់ទៅប្រទេស​​ប្រមាណ ១៦០ នៅជុំវិញពិភព​លោក​ ដោយ​រួមមាន​ ​ចិន ជប៉ុន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ វៀតណាម ជាដើម។

បើប្រៀបធៀបតារាងដែលអាមេរិក​​បង្ហា​ញ​ឈ្មោះ​ប្រទេស​​ដំឡើង​ពន្ធ​នោះ កម្ពុជា​ឈ​រ​លើ​កំពូល​​​​តារាង​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់ ខណៈអាមេរិក​យក​ពន្ធនាំចូលពី​​​​ប្រទេសឡាវ ៤៨ភាគរយ ​វៀត​ណាម​៤៦​ភាគ​រយ ភូមា៤៤ភាគរយ ​ប្រទេស​ថៃ៣៦​ភាគ​រយ ឥណ្ឌូនេស៊ី៣២​ភាគរយ។

ជាការឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកម្ពុជា​​ លោក​​​ស្រី ចម និម្មល​ បានថ្លែ​ងក្នុងកិច្ចសម្ភាសន៍ពិសេស​មួយ នៅរសៀល​ថ្ងៃទី៣ ខែមេសាថា ការណ៍​ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ ដាក់ចេញនូវយន្ត​​ការ​​បដិការ​មួយ ដោយ​យក​ពន្ធ​បន្ថែម​​​​​​​លើ​​​​ប្រទេស​​ដែល​មាន​​ឱន​ភាព​ពាណិជ្ជកម្ម​ជាមួយ​ខ្លួន​ ក្នុងនោះ​មាន​ទាំងកម្ពុជា​​ផងដែរ គឺ​ដើម្បីឱ្យមានលំនឹង​ឬតុល្យភាព​លើ​ជញ្ជីង​​​ពាណិជ្ជកម្មជាមួយ​ប្រទេស​ដៃគូរ។

លោកស្រីបន្តថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ គឺ​​មាន​ការ​កំណត់​នូវ​បន្ទាត់​ពន្ធ​គយ​ជាមួយ​គ្នា​ជា​រួម ក្នុ​ង​នោះ​កម្ពុជា​បាន​កំណត់​នៅ​ក្នុង​កាតព្វ​កិច្ច​របស់​ខ្លួន តាមរយៈ​ការយកពន្ធនៃ​ផលិតផលនាំ​ចូល​ក្នុង​​ចន្លោះ​​​ពី ០% រហូត​ដល់ខ្ពស់បំផុត​​​ ៣៥%។

ជាមួយនឹងការលើកឡើងរបស់​ លោក ដូណាល់ ត្រាំ ដែលថាកម្ពុជាយកពន្ធនាំចូលទំនិញ​ពីសហរដ្ឋអាមេរិកវិញ ក្នុង​កម្រិត ៩៧% នោះ លោកស្រី ចម និម្មល បានគូសបញ្ជាក់​ថា៖ «នៅក្នុង​ឆ្នាំ២០២៤ កន្លងមកនេះ នៅក្នុងជញ្ជីងពាណិជ្ជកម្ម​លើការនាំចូលរបស់​ផលិតផលអាមេរិក​មក​​កម្ពុជា ដែល​មានបរិមាណប្រហាក់​ប្រហែលជិត ៣០០លានដុល្លារនេះ បន្ទាត់​ពន្ធខ្ពស់បំផុត ដែល​យើងមានទៅ​​លើផលិតផលនាំចូល​​​របស់សហរដ្ឋអាមេរិក មកកម្ពុជា គឺមានត្រឹមតែ ២៩.៤% នោះទេ មានន័យថា ទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិត​​ផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ»។

តែយ៉ាងណា លោកស្រី ចម និម្មល បាន​ថ្លែងថា រដ្ឋាភិបាល​តាមរយៈក្រសួងពាក់ព័ន្ធ ក៏បាន​កោះ​​ប្រជុំ​​ជាបន្ទាន់ ដើម្បី​​សិក្សា និង​រៀបចំវិធានការ​មួយចំនួន ​​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហានេះ ព្រម​ទាំង​​រក​វិធីសាស្ត្រ​ក្នុងការ​​ជំរុញវិស័យ​ពាណិជ្ជកម្ម​ ជាមួយភាគី​សហរដ្ឋអាមេរិក និងដៃគូរពាណិជ្ជ​​កម្ម​ផ្សេងៗទៀត។

លោកស្រីថា៖ «​ក្រសួង​និង​ស្ថាប័ន​​ពាក់ព័ន្ធ​ផ្សេង​ៗទៀត បានធ្វើ​ការ​យ៉ាង​ស្វិត​ស្វាញ ហើយ​និង​​បានធ្វើការ​ព្យាករណ៍មួយ​ចំនួន​​ក្នុងតួលេខនេះ ពីព្រោះ​មិនមែនជារឿងថ្មី ដាច់ដោយឡែក សម្រាប់​​​តែត្រឹម​ថ្ងៃទី៣​ខែមេសានេះ​ទេ​ គឺយើងខ្ញុំបានដឹងព័ត៌មាននេះ តាំងពីរយៈពេលពីរ​បីខែ​មុន​​​រួចទៅហើយ ដូច្នេះ​ហើយ​យើង​មានការ​​ត្រៀម​លក្ខណៈមួយចំនួន ដូច្នេះ​ហើយ​​យើងខ្ញុំសុំថា ប្រជាពលរដ្ឋ​លោក​មេត្តា​ផ្តល់នូវ​សេចក្តីទុកចិត្ត មកដល់​រាជរដ្ឋាភិបាល ហើយ​និង​សេនាធិការ​នៅ​​ក្នុង​រាជរដ្ឋាភិបាល​ នៅក្នុងការបំពេញ​តួនាទីភារកិច្ច​របស់​ខ្លួន ក្នុងការ​​​ការ​ពារនូ​វ​​​អត្ថប្រយោជន៍​​​របស់ប្រជាពលរដ្ឋ ក៏ដូចគ្នា​ទៅនឹង​កម្មករ​កម្មការិនី​របស់យើង ពិសេស​នៅ​ក្នុង​​ឧស្សហកម្មដែល​ធ្លេចធ្លោរបស់កម្ពុជា​​នេះតែម្តង»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន វិបុល មាន​ប្រសាសន៍ដែរថា កម្ពុជានឹងស្វះស្វែងរក​ការជជែក​ជាមួយ​ភាគី​អាមេរិក ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីការយកពន្ធរបស់កម្ពុជាលើទំនិញអាមេរិក។ ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ដែរ រដ្ឋាភិបាលក៏ស្វែងរកយន្តការតាមរយៈអង្គការពាណិជ្ជកម្មអន្តរជាតិ ដើម្បីជជែក ឬចរចា ក្រោមក្របខណ្ឌអាស៊ានផងដែរ។

លោកនិយាយថា៖ «យើងនឹងរិះរកមធ្យោបាយជជែកជាទ្វេភាគី​ជាមួយភាគីសហរដ្ឋអាមេរិក ដើម្បី​ឱ្យលោកបានយល់ [កម្ពុជាមិនបានយកពន្ធ៩៧ភាគរយ]»។ [..] ហើយសង្ឃឹមថា បញ្ហានេះនឹងដោះស្រាយបាននៅក្នុងពេលឆាប់ៗខាងមុខ»

បើតាមអ្នកនាំពាក្យរូបនេះ ការដំឡើង​​​ពន្ធរបស់អាមេរិក​លើទំនិញនាំ​ចូលពី​កម្ពុជា នឹងចូលជាធរមាន​នៅថ្ងៃទី០៩ ខែមេសា ខាងមុខ ខណៈបច្ចុប្បន្ន កម្ពុជាកំពុងសិក្សាលើបន្ទាត់ពន្ធនីមួយៗ ដែល​នាំចូលពីអាមេរិក ដើម្បីធ្វើបទបង្ហាញឱ្យបានច្បាស់លាស់ទៅកាន់ដៃគូរ​វិញ។

ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន​ចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ។

សមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​នៅកម្ពុជា ក៏បាន​ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែមេសាដែរថា ការ​ដំឡើង​ពន្ធនាំចូល​​របស់​សហ​រដ្ឋ​អាមេរិក បាន​បង្ក​ឱ្យមានការ​បារម្ភ​ក្នុងចំណោម​សមាជិក និង​កម្មករ​និយោជិត ក៏ដូចជា​សាធារណជនទូទៅ អំពីផលប៉ះពាល់​លើ​ការ​នាំ​ចេញ​របស់​វិស័យកាត់ដេរសម្លៀក​បំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​របស់​កម្ពុជា។

យ៉ាងណា សមាគម​នេះ បាន​អំពាវនាវ​ឱ្យសមាជិក​ កម្មករ​និយោជិត និងសាធារណជន​រក្សា​ភាព​ស្ងប់ស្ងាត់ ខណៈ​សមាគម​នេះកំពុងធ្វើការ​វិភាគទៅលើផលប៉ះពាល់ និង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និងគ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងកា​រស្វែង​រក​ដំណោះស្រាយ​នានា ដើម្បីដោះស្រាយ​បញ្ហា​នេះ​ឆាប់ៗតាមដែលអាចធ្វើបាន។

ទាក់ទិននឹងករណីនេះដែរ​ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ជុំវិញការដំឡើងពន្ធរបស់លោកត្រាំ ថា ប្រសិន​បើ​កម្ពុជាមិនដោះស្រាយជាបន្ទាន់ទេនោះ​ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច។ បើតាមលោក Barnett សហរដ្ឋអាមេរិក បានស្នើសុំការកាត់បន្ថយពន្ធលើការនាំចេញរបស់សហរដ្ឋអាមេរិក ការសម្រប​សម្រួលការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរបស់សហរដ្ឋអាមេរិក ដូចជា Starlink និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខជាតិ។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែកអភិបាលកិច្ច​ និងប្រជាធិបតេយ្យ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី យល់ថា បន្ទាប់ពីកម្ពុជារងការយក​ពន្ធពីអាមេរិក រហូតដល់​៤៩ភាគរយ នឹងនាំឱ្យទំនិញរបស់កម្ពុជា​ដែលចរាចរណ៍លើទីផ្សារអាមេរិកឡើងថ្លៃ ហើយពិបាក​ប្រកួតប្រជែងជាមួយប្រទេសរងការដាក់ពន្ធតិចជាង ដូចជា បង់ក្លាដេស និងឥណ្ឌូនេស៊ី ជាដើម ដែលសុទ្ធតែនាំសម្លៀកបំពាក់ និងស្បែកជើង ដូចកម្ពុជា។

ទោះជាយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ផ្ដល់ជា​យោបល់ថា កម្ពុជាអាចធ្វើការសម្របសម្រួល​​ជាមួយនឹងរដ្ឋាភិបាលអាមេរិក ដោយសារតែទំនិញរបស់កម្ពុជាភាគច្រើន មិនមែនជាទំនិញដែលអាចដណ្ដើមទីផ្សារផលិតផលក្នុងស្រុកអាមេរិកនោះឡើយ។

លោកនិយាយថា៖ «អាចមានការពន្យល់ជាលក្ខណៈបច្ចេកទេសមួយចំនួន ដូចជា ទំនិញកម្ពុជា​​ចូលសហរដ្ឋអាមេរិក មិនមែនជាទំនិញដែលប្រកួតប្រជែងជាមួយនឹងឧស្សាហកម្មឬទំនិញរបស់អាមេរិក។ អាមេរិកពុំ​ផលិតកង់ កាបូប ស្បែកជើង ខោអាវ សម្លៀកបំពាក់ធម្មតាទេ។ ដូច្នេះ ធម្មតាគេដាក់ពន្ធតែទំនិញណាដែលមកប្រកួតប្រជែង ឬមកធ្វើឱ្យកម្សោយនូវឧស្សាកម្មក្នុងស្រុក»។

អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​នៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បដិសេធក្នុងការអត្ថាធិប្បាយ ដោយសារតែករណីនេះទើបតែកើតឡើង ហើយលោកត្រូវការសិក្សាល្អិតល្អន់ជាមុនសិន។

លោកបញ្ជាក់ថា៖ «បញ្ហាហ្នឹងនៅថ្មីពេក យើងមិនទាន់មានការនិយាយអី កំពុងពិនិត្យឱ្យគ្រប់ជ្រុងជ្រោយសិនមុននឹងជម្រាបជូនព័ត៌មានបន្ទាប់មកទៀត»។

ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ​ សុំមិនអត្ថាធិប្បាយជុំវិញ​បញ្ហានេះ​ ដោយរង​ចាំ​មើលការចរចាវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកសិន។

លោកនិយាយថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលមានបទពិសោធន៍ច្រើនហើយ ក្នុងការចរចាជាមួយអាមេរិក ចាំមើលការចរចាមួយរយៈសិន មិនអាចធ្វើសេចក្ដីសន្និដ្ឋានភ្លាមៗ»

ចំណែក លោក ឃុន ថារ៉ូ ប្រធានកម្មវិធី​នៃអង្គការសង់ត្រាល់ គាំទ្រ​ឱ្យ​មានការ​ចរចា​​ រវាង​រដ្ឋាភិបាលកម្ពុជា និង​អាមេរិក ដើម្បីបន្ធូរបន្ថយរនាំងពន្ធ រក្សាការប្រកួតប្រជែងរបស់​វិស័យ និងដោះស្រាយ​​ស្ថាន​ភាពនយោបាយការទូតផ្នែកពាណិជ្ជកម្ម។

លោក​បន្តថា៖ «ជាការពិតវានឹងអាចជះឥទ្ធិពល​អវិជ្ជ​មាន​ដល់​វិស័យ​វាយ​នភ​ណ្ឌកា​ត់​ដេរ ដេរស្បែកជើង និង​​ផលិតផលធ្វើដំណើរ និងទំនិញផ្សេងទៀត ស្ថិតក្រោម GSP! តែវាក៏ជាមធ្យោ​បាយ និង​​ជាវិធីសាស្ត្ររបស់លោក​ ត្រាំ ក្នុងការដាក់សម្ពាធ និង​ស្វែង​រក​ការ​ចរចា​ណាមួយ ដើម្បី​តែ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច។ ករណី​នេះ ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន ចរចាជាមួយ​អាមេរិក ដើម្បី​បន្ធូរ​បន្ថយ​រនាំង​ពន្ធ រក្សា​ការ​ប្រកួត​ប្រជែង​របស់​វិស័យ ជាពិសេស​ផ្លាស់ប្តូរ​​ឥរិយាបថ ស្ថានភាពនយោបាយការទូតផ្នែកពាណិជ្ជកម្ម»។

បើតាម​លោក ឃុន ថារ៉ូ វិស័យ​កាត់ដេរ ដេរស្បែកជើង និង​ផលិតផលធ្វើដំណើរ ស្មើនិងប្រមាណ ៥០ភាគរ​យ​នៃ​ផលិត​ផ​ល​នាំចេញ​សរុប​របស់​កម្ពុជា ផ្តល់ការងារអោយកម្មករជិត ១ លាន​នាក់ ហើយពលរដ្ឋ ឫអ្នកទទួលផលប្រយោជន៍​​ផ្នែកសេដ្ឋកិច្ចមាន​ជាង ៣លាននាក់។ ការនាំចេញទៅអាមេរិក មានចំណែកទីផ្សារ​ប្រមាណ ៤៤​ភាគរយ ហើយ​ក្នុងករណីដែលរាជរដ្ឋាភិបាល​មិនមានវិធានជាក់លាក់ និង​បន្ទាន់នោះទេ វានឹងកាន់តែជះឥទ្ធិពល​កាន់តែអាក្រក់មក​លើសេដ្ឋកិច្ចកម្ពុជា។

លោកបន្ថែមថា៖ «រោងចក្រអាច​បិទទ្វារ កម្មករ​នឹងប្រឈម​ការបាត់បង់ការងារ និង​ប្រាក់ចំណូល ហើយ​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា​នឹងធ្លាក់ចុះ ដែលនាំឱ្យ​​មានវិបត្តិសេដ្ឋកិច្ច និង សង្គម»៕

…………………………..

អត្ថបទដោយ៖ វ៉ា​ សុភានុត

អត្ថបទគួរឱ្យចាប់អារម្មណ៍