UN ស្នើកម្ពុជាដោះលែងសកម្មជនសង្គមដែលកំពុងជាប់ឃុំ ឱ្យបានមុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្នើរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងពលរដ្ឋដែលកំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិ ឱ្យមានសេរីភាពវិញ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ 

តាមរយៈលិខិតផ្សាយលើទំព័រហ្វេសប៊ុករបស់ Special Rapporteur Cambodia នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូវ (Tom Andrews) បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងពលរដ្ឋកម្ពុជាមួយចំនួនដែលកំពុងជាប់ឃុំ ដោយសារការអនុវត្តសិទ្ឋិរបស់ពួកគេ។ 

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូវ (Tom Andrews) លើកឡើងតាមលិខិតថា៖ «ខ្ញុំបានចាប់ផ្ដើមពិនិត្យព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួន និងឃុំខ្លួនតាមអំពើចិត្តនៅកម្ពុជា ហើយខ្ញុំជឿថាអាចមានមនុស្សជាង ១០០ នាក់ ដែលកំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំនិងការបង្កើតសមាគមរបស់ពួកគេ[…]មិនមាននរណាម្នាក់គួរត្រូវបានឃុំខ្លួនដោយសារការការពារសិទិ្ធមនុស្ស ការរាយការណ៍អំពីបញ្ហាសាធារណៈ ឬការបញ្ចេញទស្សនៈរិះគន់ស្ថាបនានោះឡើយ»។  

បើតាមប្រភពដដែល ពលរដ្ឋដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចង់ឱ្យដោះលែងទាំងនោះរួមមាន មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ និងសកម្មជនចលនាមាតាធម្មជាតិចំនួនប្រាំរូបផង ដោយក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត (UN Working Group on Arbitrary Detention) ចាត់ទុកការឃុំខ្លួនពួកគេជាការឃុំខ្លួនតាមអំពើចិត្ត និងមិនស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា។ 

ក្នុងលិខិតខាងលើ UN គូសបញ្ជាក់ថា ការស្នើសុំឱ្យដោះលែងពលរដ្ឋទាំងនេះ គួរធ្វើឱ្យបានមុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ 

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូវ (Tom Andrews) លើកឡើងតាមលិខិតដដែលថា៖ «ការលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺស្ថិតក្នុងចំណោមបេសកកម្មចម្បងរបស់ OIF ការដោះលែងបុគ្គលដែលត្រូវបានឃុំខ្លួនដោយសារការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេ នឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីការគោរពចំពោះគុណតម្លៃរបស់ OIF ព្រមទាំងជាការធ្វើសកម្មភាពមួយដែលផ្តល់អត្ថន័យលើសពីពាក្យសម្ដីទៅទៀត»។ 

តុលាការបានផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ដាក់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការមិន​រាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។  

ម្ដាយរបស់លោកមានវ័យ ៨០ឆ្នាំគឺអ្នកស្រី ចាប យ៉ែម ប្រាប់ថា Press Start Cambodia ថា មួយរយៈចុងក្រោយនេះ អ្នកស្រីមិនបានទៅសួរសុខទុក្ខកូនប្រុសនៅឯពន្ធនាគារទេ ដោយសារអ្នកស្រីមានជំងឺប្រចាំកាយមិនអាចធ្វើដំណើរបាន។ ស្របគ្នានឹងលិខិតរបស់ UN អ្នកស្រីក៏ស្នើសុំឱ្យតុលាការដោះលែងកូនប្រុសគាត់ផងដែរ។ 

អ្នកស្រី ចាប យ៉ែម មានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យគេដោះលែងកូនដែរ មុខរបស់ខ្ញុំក៏កាន់តែចាស់ណាស់ទៅហើយ ព្រោះអីនាទីចុងក្រោយចង់បានកូន មកជួបកូន»។ 

ចំណែកសកម្មជនចលនាមាតាធម្មជាតិម្នាក់ក្នុងចំណោម៥នាក់ដែលកំពុងជាប់ឃុំ គឺលោក ថុន រដ្ឋា ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់។  

ភរិយារបស់លោកគឺអ្នកស្រី ប៉ាត់ រស្មី ប្រាប់ Press Start Cambodia តាមរយៈទូរស័ព្ទថា ស្វាមីគាត់មានសភាពស្លេកស្លាំង និងស្រកគីឡូនៅពេលដែលអ្នកស្រីទៅសួរសុខទុក្ខគាត់នៅឯពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅ។ 

អ្នកស្រី ប៉ាត់ រស្មី បារម្ភពីសុខភាពស្វាមី ដោយគាត់លើកឡើងថា ប្រសិនបើ លោក ថុន រដ្ឋា ត្រូវបន្តជាប់ពន្ធនាគារដែលមានសភាពចង្អៀតណែន មិនសូវមានអនាម័យ នោះវាអាចប៉ះពាល់ដល់សុខភាពគាត់ជាងនេះ។ ស្របគ្នានឹងការនឹករឭក អ្នកស្រីបន្តថា គ្រួសារអ្នកស្រីត្រូវការស្វាមីជាបង្គោល ដោយសារកត្តាជីវភាពជួបការលំបាក។ 

អ្នកស្រី ប៉ាត់ រស្មី ថ្លែងដោយអួលដើមកថា៖ «ខ្ញុំពិតជាជីវភាពខ្វះខាតខ្លាំងមែនទែន យើងត្រូវរំលែកទៅប្ដីផង ហើយកូនយើងតូចៗយើងត្រូវការចំណាយលើទឹកដោះគោកូន ហើយណាមួយត្រូវចំណាយពេលវេលាទៅប្ដី ហើយឆ្លៀតចំណាយរឿងថវិកាទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារទៀត អ៊ីចឹងវាពិបាកណាស់។ ពេលខ្លះខ្ញុំតូចចិត្ត ខ្ញុំអង្គុយយំដោយសារថាប្ដីខ្ញុំអត់មានធ្វើខុសអីផងហេតុអីក៏ត្រូវជាប់ពន្ធនាគារ ហើយខ្ញុំត្រូវរ៉ាប់រងបន្ទុកតែម្នាក់ឯង»។ 

អ្នកស្រី ប៉ាត់ រស្មី ស្នើសុំអង្គការជាតិ និងអន្តរជាតិអន្តរាគមឱ្យរាជរដ្ឋាភិបាល និងតុលាការដោះលែងស្វាមី និងសកម្ម​ជន​ចលនាមាតាធម្មជាតិ៤រូបផ្សេងទៀតឱ្យមានសេរីភាពវិញ ដោយថាពួកគេមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។ 

ជុំវិញរឿងនេះ អ្នកនាំពាក្យ និងជាមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(CHRC) លោក ស្រ៊ាង ចិន្តា យល់ថា អ្វីដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូវ (Tom Andrews) បានលើកឡើង និងស្នើសុំនោះវាជារឿងធម្មតា ពីព្រោះវាជាការយល់ឃើញរបស់លោក Andrews។ 

លោក ស្រ៊ាង ចិន្តា មានប្រសាសន៍ថា៖ «ក៏ប៉ុន្តែក្នុងនាមជារដ្ឋអធិបតេយ្យ ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ការអនុវត្តច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ស្របតាមគោលការណ៍នីតិរដ្ឋ ការអនុវត្តច្បាប់ដោយផ្អែកទៅលើអង្គហេតុអង្គច្បាប់ច្បាស់លាស់ ដើម្បីសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនជារួម គឺមិនអាចរងនូវឥទ្ធិពលពីបុគ្គល ឬ​ក៏​មជ្ឈដ្ឋានណាមួយបានឡើយ»។ 

អ្នកនាំពាក្យ CHRC រូបនេះពន្យល់ថា ពលរដ្ឋទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់រួមទាំងអ្នកសារព័ត៌មាន សកម្មជនអង្គការសង្គមស៊ីវិល ឬសកម្មជនផ្សេងៗទៀត ហើយបើសិនជាពួកគេអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនហួសព្រំដែនដែលច្បាប់កំណត់ នោះពួកគេនឹងត្រូវប្រឈមនឹងការអនុវត្តច្បាប់ដូចៗគ្នា។ 

លោក ស្រ៊ាង ចិន្តា បន្ថែម៖ «បើយើងភ្ជាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី ជាមួយនឹងស្ថានភាពសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា គឺបានបញ្ជាក់ច្បាស់ហើយថា តាមរយៈដែលមេដឹកនាំធំៗនៅលើពិភពលោកជ្រើសរើសប្រទេសកម្ពុជាឱ្យរៀបចំធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ដោយសារតែកម្ពុជា បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដោយសារតែកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបគេជ្រើសរើសកម្ពុជា ឱ្យរៀបចំកិច្ចប្រជុំកំពូលនេះ ហើយលក្ខខណ្ឌដែលកម្ពុជាបានបំពេញនោះ គឺរួមទាំងលក្ខខណ្ឌនៃសិទ្ធិ និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា»។ 

ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិ​មនុស្ស(LICADHO) លោក អំ សំអាត សង្កេតឃើញថា ការដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជននានាដែលជាប់ឃុំនោះ មិនមែនជាលើកទីមួយទេ ពោលគឺកន្លងមកធ្លាប់អំពាវនាវជាច្រើនលើកមកហើយ ខណៈអង្គការជាតិ និងអន្តរជាតិផ្សេងទៀតក៏បានស្នើដូចគ្នាចំពោះបញ្ហានេះ។ 

លោក អំ សំអាត លើកឡើងថា៖ «បើសិនជាមានការដោះលែងអ្នកទាំងអស់ហ្នឹង កម្ពុជាអាចនឹងទទួលបានផលចំណេញច្រើនបើសិនជាកម្ពុជាពិចារណាពិនិត្យមើលលទ្ធភាពនៅក្នុងការដោះលែង។ ទី១គឺបង្ហាញពីការបើកលំហសិទ្ធិពលរដ្ឋ លំហសិទ្ធិសារព័ត៌មាន លំហសិទ្ធិនយោបាយ ដើម្បីធ្វើឱ្យបញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្ពោះទៅរកបរិយាកាសល្អក្នុងការ​បោះឆ្នោត»។ 

លោក អំ សំអាត ក៏បានរំលឹកដែរថា ​កន្លងមកកម្ពុជាបានបាត់បង់ការអនុគ្រោះពន្ធ EBA ២០ភាគរយពីសហគមន៍អឺរ៉ុប ហើយការឈប់បន្ត GSP ពីសំណាក់សហរដ្ឋអាមេរិកជាដើម ដោយលោកថាបើសិនមានការដោះលែងសកម្មជនតាមការស្នើសុំនោះកម្ពុជាក៏នឹងទទួលបានការសាទរពីអន្តរជាតិ និងទទួលបានផលចំណេញដែរ។ 

យោងតាមកំណត់ត្រាអ្នកជាប់ឃុំដោយប្រើសិទ្ធិ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិ​មនុស្ស លីកាដូ (LICADHO) នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន១១០នាក់ ដែលត្រូវបានចាប់​ ឃាត់​ និង​ឃុំ​ខ្លួន​ ដែលពួកគេទាំងនោះជាអ្នក​នយោបាយចំនួន៤១នាក់​ សកម្មជនបរិស្ថានចំនួន ៥នាក់  អ្នក​សារព័ត៌មាន​ ៧នាក់ សកម្មជន​ដី​ធ្លី​ម្នាក់ និងសហជីពម្នាក់ ព្រមទាំង​អ្នកផ្សេងៗដែលរួមបញ្ចូលអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សរុបចំនួន ៥៥នាក់៕ 

អត្ថបទគួរឱ្យចាប់អារម្មណ៍