បទយកការណ៍៖ពលរដ្ឋនៅកោះដាច់បន្តត្បាញក្រមាដោយម៉ាស៊ីនដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ

ដោយៈ

Press Start Cambodia Avatar

«កោះដាច់»គឺជាឈ្មោះភូមិមួយ ដែលមានមូលដ្ឋានស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ជាយរាជធា​នីភ្នំពេញ។បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៦Aមានចម្ងាយប្រមាណ១២គី​ឡូម៉ែ​ត្រ​ទេ ដើម្បីទៅដល់ទីនោះ​​។ពេលចូលទៅដល់ភ្លាម គេនឹងឃើញបរិយាកាសដ៏បរិសុទ្ធ និងទិដ្ឋភាពប្លែកដែលគួរឲ្យចង់គយគន់ ដោ​យសា​រ​កោះនេះ ក្រៅពីហ៊ុំព័ទ្ធទៅដោយទន្លេមេគង្គហើយ នៅមានដំណាំកសិកម្ម និងផល្លានុផលចម្រុះគ្រប់ប្រ​ភេ​ទ ជាពិសេស នាវន្សានរដូវ ដែលបង្កើតបានទីនេះ ឲ្យក្លាយជាសួនពណ៌បៃតងដ៏ស្រស់ត្រកាល។ក្រៅពីទិដ្ឋ​ភា​ព ដែលជួយឲ្យកោះដាច់នេះ មានសម្រស់ល្អឯកហើយ ពេលណាគេធ្វើដំណើរចូលដល់សហគមន៍ភ្លាម នោះគេនឹងឮតែស្នូរម៉ាស៊ីនរន្ថើនចេញពីខ្នងផ្ទះមួយទៅខ្នងផ្ទះមួយទៀតមិនដាច់សូរឡើយ។តាមពិតទៅទីនេះហើយ ដែលគេស្គាល់ថា ជាទីតាំងនៃសិប្បកម្មតម្បាញក្រមា ដែលមានអាយុកាលជាច្រើនទសវត្សមកហើ​​យ។

មានរបរជាអ្នកត្បាញក្រមាប្រមាណ៣ឆ្នាំទៅហើយ អ្នកស្រី ឈំ ដាលីន រៀបរាបថា មុខរបរនេះខ្លួនចេះតពីម្តាយ ជាអ្នកបង្ហាត់បង្ហាញ និងត្រួសត្រាយផ្លូវឲ្យ។ហើយបើគិតពីទំហំរបស់ក្រមាវិញគឺមានទទឹង២ម៉ែត្រ តែបើចំពោះបណ្តោះវិញគឺគេគិតជាកី។អ្នកស្រីបន្តថាដោយក្នុងមួយកីផលិតជាក្រមាបានប្រ​មាណ​ជាង២០ក្រមាដែ​​រ​​​។បន្ថែមពីលើនេះ ក្នុងមួយថ្ងៃៗ អ្នកស្រីអាចត្បាញក្រមាបាន​ចំនួន​៣០ក្រមា តែវាអាស្រ័យទៅតាមម៉ូត និង​​ព​ណ៌របស់ក្រមា​ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។

បើតាមអ្នកស្រី ឈំ ដាលីន ក្រោយផលិតបាន ក្រមា១អ្នកស្រីអាចលក់ចេញទៅឲ្យឈ្មួញកណ្តាលបានតម្លៃ​ថ្លៃគួរសម។ចំពោះម៉ាស៊ីន និងឧបករណ៍ដែលត្រូវប្រើប្រាស់រាល់ថ្ងៃនេះគឺទិញពីឈ្មួ​ញ​ល​ក់​នៅភូមិរប​ស់​អ្នកស្រីផ្ទា​ល់ ដែលនេះជាចង្វាក់សេដ្ឋកិច្ចក្នុងភូមិរបស់អ្នកស្រី។ប្រភពដដែលនិយាយទៀតថា ការត្បាញដោយម៉ាស៊ីនដូច​សព្វថ្ងៃនេះ មានភាពងាយស្រួលជាងកាលពីជំនាន់ឱពុកម្ដាយរបស់អ្នកស្រីកាលជំនាន់ដើម ដែលកាលណោះប្រើប្រា​ស់ដោយយក​ជើងធាក់។ ប៉ុន្តែ បើទោះជាត្បាញដោយម៉ាស៊ីនហើយក្តី អ្នកស្រីអះអាងថា ការងារនេះនៅតែជួបការលំបាកខ្លះៗដែរ មានដូចជាចុកខ្នងចង្កេះ និងម៉ាស៊ីនខូចជាដើម។

អ្នកស្រីបន្តថា៖ «សព្វថ្ងៃនេះលក់បានក្នុងតម្លៃ ៣,​៥​០​០ រៀល… ហើយខ្ញុំក៏សំណូមពរឱ្យប្រជាជនជួយគាំទ្រផលិតផលខ្មែរឱ្យបានច្រើន និងផ្តល់តម្លៃខ្ពស់ឱ្យប្រ​ជា​ពលរដ្ឋដែលប្រកបរបរនេះផងដែរ »។

មិនខុសពីអ្នកស្រី ដាលីន ប៉ុន្មានទេ អ្នកស្រី ឃឹម ស្រីលាភ ដែលមានរបរត្បាញក្រមាដែរ ឲ្យដឹងថា មុខរបរដែ​ល​ក្រុមគ្រួសារអ្នកស្រីកំពុងតែប្រកបអាជីវកម្មនេះ មានអាយុកាលប្រមាណ១១ឆ្នាំមកហើយ។អ្នកស្រីអះអាងថា ទាំងស្វាមី និងខ្លួនបានចាប់យកអាជីពមួយនេះជាប្រភពចំណូលចម្បងដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ដោយចាប់ផ្ដើមមានពីម៉ាស៊ីនត្បាញចំនួន១គ្រឿ​ង រហូ​ត​អភិវឌ្ឍបាន៥ គ្រឿងដូចមានសព្វថ្ងៃនេះ។

អ្នកស្រីនិយាយថា៖ « ដើម្បីបានក្រមាមួយជាដំបូង នៅពេលដែលយើងចាប់ផ្ដើមត្បាញ យើងត្រូវយកកីដែលបានទិញរួចមកនោះទៅអន្ទង រីឯអំបោះវិញយើងត្រូវយកទៅខា រងៃអំបោះនឹងម៉ាស៊ីន  ទើបយកអាចយកទៅដាក់ក្នុងត្រល់នៅពេលតម្បាញ និងចាក់ពណ៌ទៅតាមទម្រង់ច្នៃប្រឌិតរបស់អ្នកផលិតក្រមានីមួយៗ »។

 បើតាមអ្នកស្រី ឃឹម ស្រីលាភ ជាទូទៅក្រមាដែលអ្នកស្រីត្បាញគឺមានទទឹងប្រវែង១ម៉ែត្រ និងបណ្ដោយ ១.​៩​០​ម៉ែត្រ ទៅ២ម៉ែត្រ។

ប្រភពបន្ថែមថា៖ «ក្នុងរយៈពេលក្នុងរយៈពេលមួយថ្ងៃគាត់ត្បាញចន្លោះ២០ក្រមា ក្នុងម៉ាស៊ីនមួយ ដើម្បីគ្រប់បរិមាណជូបម៉ូយរបស់អ្នកស្រីនៅពេលរៀងរាល់ល្ងាច ដោយនាំចេញបន្តក្នុងតម្លៃ ៣៤០០រៀល»។

មិនខុសពីអ្នកតម្បាញដទៃទៀតដែរទេ អុ្នកស្រីសំណូមពរ សុំឱ្យតម្លៃក្រមាបានថ្លៃជាងបច្ចុប្បនុ្ន ដើម្បីឆ្លើយតបទៅនឹងត​ម្លៃ​ភ្លើង ដែលយកមកប្រើប្រាស់សម្រាប់ការត្បាញដោយម៉ាសស៊ីននេះផង ។

ប្រភពបន្តថា៖«សុំឱ្យតម្លៃក្រមាបានថ្លៃបន្តិចឱ្យសមនឹងតម្លៃទឹកភ្លើងដែលយកមកប្រើប្រាស់សម្រាប់ការត្បា​ញ​ដោយម៉ាស៊ីននេះ » ។

របាយការណ៍របស់ប្រធានភូមិកោះដាច់ បង្ហាញថា សិប្បកម្មតម្បាញក្រមាសព្វថ្ងៃនេះ មានសមាជិកគ្រួ​សា​រចំ​នួ​ន ១៤៥គ្រួសារ ក្នុងចំណោមពលរដ្ឋសរុប នៅក្នុងសហគមន៍កោះដាច់នេះ ដែលពួកគេកំពុងប្រកបអាជីវក​ម្ម​ត្បាញក្រមានៅទីនេះ។

រីឯយុវតី ឡេង កញ្ញា អាយុ ជានិស្សិតរៀនអក្សរសាស្ត្រខ្មែរឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថាជារៀងរាល់ថ្ងៃ  ក្រោយទំនេរពីការសិក្សាខ្លួនគេ តែងចាប់ផ្ដើមរៀនត្បាញក្រមាដោយម៉ាស៊ីនពីម្តាយរបស់នាងជាដរាប។ហើយបើគិតមកដល់នឹងពេលនេះ ការរៀនត្បាញបានរយៈពេល១ឆ្នាំហើយ។ប៉ុន្ដែនា​ង​ទើ​ប​តែចាប់ផ្ដើមថ្នឹកដៃ ត្រឹមរយៈពេល២ខែនៅឡើយទេ។កែវភ្នែកទាំងគូរបស់នាង សំឡឹងមិនឈប់ទៅរកម៉ា​ស៊ីន​ដែលកំពុងមានចលនា តាមចង្វាក់នៃការរវៃរបោះ យូរៗគេសង្កេតឃើញនាងបញ្ចេញស្នាមញញឹមបន្តិច នៅគ្រាដៃទាំងទ្វេរបស់នាង ក៏មិនសម្រាកដោយព្យាយាមប្តូរអំបោះ ដែលចេញពីត្រល់មិនឈប់ រួចនិយាយថា មុនពេលផ្លាស់ប្តូរអាជីព ជាអ្នកត្បាញក្រមាប្រមាណ២ឆ្នាំមកនេះ ដើមឡើយគ្រួសាររបស់នាង គឺជាអ្នកលក់ដូរនៅផ្ទះបន្តិចបន្តួច គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ប្រភពបន្តថា៖ «បន្តស្រឡញ់ចូលចិត្តក្រមាខ្មែរ ជួយផ្សព្វផ្សាយក្រមាទាំងក្នុងស្រុក និង ទៅកាន់បរទេស ព្រោះក្រមាជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍ជាច្រើន »។

ជាឈ្មួញកណ្តាលដែលមានទីតាំងនៅនឹងភូមិកោះដាច់ អ្ន​កស្រី ព្រឿង ចម្រើន ឲ្យដឹងថា អ្នកស្រីបានប្រកបរប​រ​អស់រយៈពេល៦ឆ្នាំមកហើយ។ពេ​​ល​នេះ អ្នកស្រីមិនត្រឹមតែប្រមូលទិញដោយផ្ទាល់ នៅក្នុងសហគមន៍កោះដាច់ទេ មានន័យថារូបគេបានពង្រីកការទិញលក់នេះ ទៅដល់កោះឧកញ៉ា ថែមទៀត។មិនត្រឹមតែជាអ្នកជួញដូរក្រមាប៉ុណ្ណោះទេ អ្នកស្រីក៏បើកលក់អំបោះសម្រាប់ត្បាញក្រមានេះ រយៈពេល១ឆ្នាំមកហើយដែរសម្រាប់ផ្តល់​សេវាទៅឲ្យអ្នកតម្បាញនៅ​ក្នុងភូមិ។ហើយតម្លៃអំបោះដែលលក់ចេញសម្រាប់អ្នកភូមិនេះគឺធូរថ្លៃដែរទេក្នុ​ង​​ពេ​ល​ដែលខ្លួនទិញក្រមាចូលវិញ ក្នុង១ក្រមា តម្លៃ៣៥០០រៀល ខណៈតម្លៃលក់ចេញសម្រាប់ក្រមា១ ចន្លោះពី​​៤០០០ ទៅ៤៥០០រៀល។

អ្នកស្រីបន្តថា៖ «គឺចង់ឱ្យមានទីផ្សារ ទោះបីតម្លៃមិនបានខ្ពស់យ៉ាងណាក៏ដោយ  »។

បើតាមអ្នកស្រី ព្រឿង ចម្រើន ដែលជាឈ្មួញកណ្តាល ឲ្យដឹងថាជាមធ្យម ខ្លួនប្រមូលទិញក្រមាបាន ចំនួន២​០​០ ក្រមាក្នុងមួយថ្ងៃ។ទីផ្សារដែលអ្នកស្រីតែងលក់ចេញ មានផ្សារ អូរឫស្សី និងផ្សារស្ទឹងមានជ័យ។ប៉ុន្តែពេ​ល​មានការបញ្ជាទិញ ឬមានការកម្ម៉ង់ ទើបអ្នកស្រីរៀបចំដឹកជញ្ជូនទៅ។បើមិនមានទេ មានតែប្រមូលទិ​ញ​​ស្តុ​ក​ទុកសិន រង់ចាំរហូតមានការបញ្ជាទិញ។

យ៉ាងនេះក្តី អ្នកស្រី ចម្រើន នៅត្អូញត្អែរថា ការងារណាក៏ដូចជាការងារណាដែរ តែងជួបបញ្ហាប្រឈមមិនផុតឡើយ។ជាក់ស្តែង ដូចអាជីវកម្មក្រមានេះជាដើម ក៏ត្រូវជួបឧ​ប​ស​គ្គមិនខុសគ្នាប៉ុន្មានដែរទេ ពោលបន្ទាប់ពីផុតរដូវបុណ្យចូលឆ្នាំរួច គឺស្ងាត់ឈឹងតែម្ដង។ភាពស្ងប់ស្ងាត់នេះ ត្រូវរង់ចាំរហូតដល់ដើមខែ កក្កដា ទើបមានការក​ម្ម៉ងទិញឡើងវិញ។

ចំណែកប្រធានភូមិចុងកោះ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ លោក ជា ឆន លើកឡើងថា តាមពិតទៅ អ្នកស្រុកនៅទីនេះបានចាប់ផ្ដើមប្រកបមុខរបរតម្បាញនេះចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ប៉ុន្តែដោយសារស្រុកទេសឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនជំនាន់ ទើបរបរត្បាញក្រមា ដែលជាមុខរបរដ៏មានប្រជា​ប្រិ​យ​​មួយនៅទីនេះ ត្រូវផ្អាកសកម្មភាព រហូតដល់ឆ្នាំ១៩៨៥ ទើបសិប្បកម្មតម្បាញនេះ ងើបឡើងវិញបន្តិចម្តង​ៗ​ ដូចសព្វថ្ងៃនេះ។លោកបន្តថា ការងារតម្បាញនេះ មានកេរ្តិ៍ដំណែលតាំងពីដូនតាមក ជំនួសឲ្យការធ្វើស្រែចម្ការ របស់អ្នកភូមិកោះដាច់នេះ។តាមពិតទៅ ការងារតម្បាញនេះ បានរួមចំណែកផ្តល់ចំណូលបន្ទាប់បន្សំសម្រាប់អ្នកភូមិ ហើយក៏ជាចំណូលដែលទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែរ។

សម្រាប់លោក ជា ឆន អាជ្ញាធរមូលដ្ឋានតែងជួយស្វែងរកទីផ្សារ សម្រាប់សហគមន៍ ប៉ុន្តែការប្រឹងប្រែងនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ក្នុងន័យនេះ លោកអំពាវនាវទៅដល់ដៃអភិវឌ្ឍន៍នានា ទាំងវិស័យរដ្ឋ និងឯ​កជន រួមទាំងអង្គការក្រៅរដ្ឋាភិបាលផង ជួយស្វែងរកមធ្យោបាយពង្រីកទីផ្សារបន្ថែម ធ្វើយ៉ាងណាឲ្យតម្លៃសិប្បកម្មតម្បាញក្រមានេះ មានតម្លៃខ្ពស់ និងទទួលបានគាំទ្រកាន់តែច្រើនបន្ថែមទៀត។

លោកបន្តថា៖«សព្វថ្ងៃប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯងបានតែមួយរស់ៗតែប៉ុណ្ណោះ… សូមសំណូមពរទៅកាន់អង្គការ និងស្ថាប័នរដ្ឋាភិបាល ឱ្យជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋតម្បាញ ឱ្យមានតម្លៃខ្ពស់ជាងនេះ! »។

ដោយឡែក រយះ

ឯកសារស្រាវជ្រាវឆ្នាំ២០១៧ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យដឹងថាក្រមាខ្មែរមិនមែនជារបស់សាមញ្ញឡើយ។ភស្តុតាងបុរាណវិទ្យានៅស្ថានីយសម្រោងសែន និងហ្លួងព្រៃ មានអាយុកាលប្រមាណ ២​,​២០០ ឆ្នាំមុន គ.ស បានបង្ហាញពីសំណល់ក្បាលត្រល់ និងខ្នារអំបោះ។រីឯ សិលាចារឹកសតវត្សទី៩ ដល់ទី១​១ ក៏បានចារឹកពាក្យ «ក្របាស» (កប្បាស), «កុត្បាញ» និង «តៃថ្ករ»ដែរ។

ហាក់មិនខុសគ្នាទេ កំណត់ហេតុលោក ជីវ តាក្វាន់(សតវត្សទី១៣) បានកត់ត្រាយ៉ាងច្បាស់ពីការស្លៀកពាក់ និងតម្បាញរបស់អ្នកស្រុកចេនឡា។ក្រមាមានចំណុចពិ​សេ​សដោយសារវាជាប់ជំពាក់នឹងជីវភាព(ស្លៀកពា​ក់​ ទទួរ ក្រាល អង្រឹង ថ្នក់)ពិធីប្រពៃណី(មង្គលការ) ល្បែ​ងប្រជាប្រិយ និងជាគ្រឿងសម្គាល់កម្រិតសមត្ថភាពក្នុ​ង​កីឡា «គុនល្បុក្កតោ» (ក្រមាខ្មៅ ក្រមាមាស)ជាដើម។

សរុបមក តម្បាញក្រមាខ្មែរនៅកោះដាច់ មិនត្រឹមតែជាដង្ហើមសេដ្ឋកិច្ចផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃរបស់អ្នកស្រុកប៉ុណ្ណោះទេ វាក៏ដើរតួនាទីសំខាន់ណាស់ដែរ ក្នុងការបន្តថែរក្សាមរតកអត្តសញ្ញាណជាតិ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនេះ ទោះបីជាបច្ចុប្បន្នការត្បាញបានប្រែប្រួលមកប្រើម៉ាស៊ីន និងជួបប្រទះការលំបាកផ្នែ​ក​ទីផ្សារខ្លះក្តី។ផ្ទុយទៅវិញការតស៊ូរបស់អ្នកភូមិ នៅតែបន្តរស់រវើក៕

អត្ថបទដោយ៖ ឡាំង ស៊ីន និងគង់ សុខណា