បទយកការណ៍៖ស្ពានឆ្លងទន្លេបាសាក់នឹងតភ្ជាប់ពីចាក់អង្រែក្រោមទៅព្រែកប្រានៅដើមឆ្នាំ២០២៧

ដោយៈ

Press Start Cambodia Avatar

ខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹម ប្រែទីនេះឲ្យក្លាយជាទិដ្ឋភាពមួយប្លែក និងដ៏ស្រស់ត្រកាល លា​យ​ឡំនឹងរលកទន្លេតិ​ច​​ៗបង្កើតបានជាតន្រ្តីធម្មជាតិដ៏រណ្តំគួរឲ្យទាក់ចិត្ត។រីឯពន្លឺព្រះអាទិត្យខំបង្អួតរស្មីព​ណ៌​មាសដ៏ស្រទន់ឆ្លុះទៅលើផ្ទៃទឹក ដែលធ្វើឲ្យទីនេះមានសោភណ្ឌភាពដ៏វិចិត្រ និងជួយឲ្យ​អារម្មណ៍របស់អ្នកដំណើរដែលឆ្លងកាត់ រសាយអស់ទុក្ខកង្វល់។នៅអមស​ងខាងច្រាំងទន្លេឯណោះវិញ គេឮតែសំឡេងម៉ាស៊ីនទូ​ក​ដរ និងកាណូតកងរំពង ចាប់ផ្តើមបន្លឺសំឡេងដ៏រន្ថើន ហាក់ចង់ប្រាប់ថា ពួកគេប្រញាប់ឲ្យបានទៅដល់គោលដៅ​។​ហាក់មិនខុសគ្នាទេ នៅលើដងវិថីឯណេះវិញ ឡានម៉ូតូកំពុងតែមានភាពមមាញឹក និងសស្រាកសស្រាំណាស់ដែរ។ដោយអ្នកខ្លះ ប្រញាប់រូតរះត្រូវធ្វើដំណើរដោយរថយន្តឈ្នួល ឬរឺម៉ក់កងបី និងខ្លះទៀតប្រើប្រា​​ស់មធ្យោបាយ ការធ្វើដំណើរដោយខ្លួនឯង ឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត។ប៉ុន្តែ ស​កម្ម​ភាពទាំងនេះ នឹងមិនប្រញាប់ដូចមុនទៀតទេ។តាមពិតទៅ នៅសល់មិនដល់៣ខែទៀតឡើយ ទីនេះនឹងមានស្ពាថ្មីមួយទៀត ជាចំណងដៃដែលនឹងតភ្ជាប់ពីត្រើយម្ខាង ទៅត្រើយទៀត ដោយមិនធ្វើឲ្យអ្នករស់នៅអមសង្ខាងទន្លេបាសាក់ជួបផលលំបាកទៀតនោះទេ។

នារីកំពុងលក់ដូរនៅក្នុង ផ្សារតាខ្មៅថ្មី អ្នកស្រី អុក ច័ន្ទវសនា ដែលជាអាជីវករលក់ថង់មួយរូប បានរៀបរាប់រំលឹកពីការលំបាកកាលពីអតីតកាលថា មុនពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចសព្វថ្ងៃ តំ​ប​ន់​នេះត្រូវពឹងផ្អែកលើ «ស្ពានច្បារអំពៅ» តែមួយគត់សម្រាប់ធ្វើដំណើរឆ្លងកាត់។ ភាពប្រជៀតគ្នានេះបា​នបង្កជាបញ្ហាប្រឈមដល់មុខរបររបស់គាត់ ដោយសារការដឹកជញ្ជូនទំនិញភាគច្រើនតែងឡើងនៅពេ​ល​ល្ងាច ដែ​លជាម៉ោងស្ទះចរាចរណ៍នៅត្រង់គល់ស្ពាន ដែលធ្វើឱ្យកម្មករដឹកទំនិញត្រូវជាប់គាំងនៅលើដងផ្លូវរហូ​តដ​ល់​យប់ជ្រៅទើបទៅដល់គោលដៅ។

អ្នកស្រីបន្តថា៖ « ប្រសិនបើមានស្ពានថ្មីព្រែកប្រា បងអាចគិតថាចំណេញពេលវេលា អត់សូវស្ទះចរាចរណ៍ យើងគិតមើលច្បារអំពៅគ្រប់ច្រកមកតាមហ្នឹងទាំងអស់ អ្នកដឹកទំនិញមកពីច្រកស្វាយរៀង និងច្បារអំពៅអីហ្នឹងអាចមកតាមច្រកហ្នឹងបាន មានន័យថាកាត់បន្ថយការស្ទះបានច្រើន »។

ទិន្នន័យផ្លូវការរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យដឹងថាគម្រោងសាងសង់ស្ពានបេតុងភ្លោះឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានប្រវែង ៨៤៥,៧ ម៉ែត្រ និងទទឹង ២៧ ម៉ែត្រនេះ កំពុងតែដំណើរការទៅមុខ។

បន្ថែមពីលើនេះ  លោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លើកឡើងកាលពីចុងខែកក្កដា ឆ្នាំ២០២៦ ថា គម្រោងទាំងមូលសម្រេចបាន ៨១,៤០ភាគរយហើយ គឺលឿនជាងផែនការដែលបានកំណត់។ជាងនេះទៀត ស្ពានផ្នែកខាងឆ្វេង (នៅសល់តែ ១០ម៉ែត្រ) គ្រោងនឹងតភ្ជាប់នៅខែតុលា ឆ្នាំ២​​០២៦។ រីឯផ្នែកខាងស្តាំនឹងតភ្ជាប់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីឈានទៅបញ្ចប់ការដ្ឋានទាំងស្រុងនៅចុងឆ្នាំ២០២៧។

ក្រោយការតភ្ជាប់ស្ពានឆ្លងទន្លេបាសាក ត្រង់ម្តុំព្រែកប្រានេះរួចរាល់ មិនមែនតែពលរដ្ឋទេ ដែលយល់ឃើញថាស្ពាននេះ នឹងរួមចំណែកកាត់បន្ថយការចំណាយពេលធ្វើដំណើរ ដោយវៀងចុះវៀងឡើងបែបនេះ។សូម្បី​ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាឯកជនខ្លះ ដែលត្រូវធ្វើដំណើរឆ្លងពីត្រើយម្ខាងទៅត្រើយម្ខា​ង​ទៀត ក៏សប្បាយចិត្តដូចគ្នាដែរ។

ជាសិស្សថ្នាក់ទី១១ក មកពីសាលា អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែក្រោម កុមារា ភារុណវឌ្ឍនា ឲ្យដឹងថា វាពិតជាល្អនៅពេលណាដែលស្ពានថ្មីនេះ តភ្ជាប់រួចរាល់។ស្ថិតក្នុងស្ថានភាពទឹកមុខរីករាយប្រៀបដូចជាបានធូរទ្រូងពីការកកស្ទះ បន្ទាប់ពីទទួលបានដំណឹងថាស្ពានជិតសាងសង់រួចរាល់ យុវជន ភារុណវឌ្ឍនា បង្ហា​ញនូវអារម្មណ៍រំជួលចិត្ត ដែលនឹងជួយឲ្យពួកគេចំណេញពេលវេលា នៃការធ្វើដំណើរបានស្រួលជាងមុន​​។

ប្រភពបន្តថា៖ «ស្ពាននេះនឹងជួយសម្រួលដល់ការជិះទៅរៀនបានច្រើន ដោយកាត់បន្ថយពេលវេលា ការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ ផ្លូវនេះតភ្ជាប់ទៅដល់មជ្ឈ​មណ្ឌលផ្សារទំនើប Aeon ៣ និងព្រលានយន្តហោះថ្មី ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន»។

យុវជន ភារុណវឌ្ឍនា មិនបានសិក្សារៀនសូត្រ នៅនឹងលំនៅឋានដែលខ្លួនកំពុងតែរស់នៅ ម្តុំភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅទេ ពោលរូបគេត្រូវធ្វើដំណើរវៀង មករៀននៅឯសង្កាត់ចាក់អង្រែក្រោម ត្រើ​យម្ខា​ងនៃទន្លេបាសាក់ឯណេះវិញ។ទម្រាំនឹងមកដល់សាលា វឌ្ឍនា ត្រូវចាយពេលអស់ប្រមាណ២០នាទីដែរ​ក្នុងការធ្វើដំណើរដោយមធ្យោបាយខ្លួនឯង។កាលពីមុន សិស្សានុសិស្សដែលរស់នៅតំបន់ព្រែកប្រា ច្បា​​រអំពៅ ព្រែកថ្មី និងកោះក្របី ភាគច្រើនបានជ្រើសរើស ការ​ធ្វើដំណើររបស់ពួកគេ មកសិក្សានៅសាខាចាក់អង្រែក្រោម។ជាសំណាងល្អ ក្រោយមកនៅពេលដែលសាលាបានបើកដំណើរការសាខាថ្មីនៅច្បារអំ​ពៅ សិស្សភាគច្រើនក៏បានប្តូរទៅរៀននៅទីនោះវិញ ដើម្បីភាពងាយស្រួល។

ស្រដៀងគ្នានេះដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​​ ភ័ណ្ឌ ណរិទ្ធ ដែលជាប្រធានក្រុមសេវាកម្មដឹកជញ្ជូនសិស្សនៅសាលាអន្តរទ្វីប អាមេរិកាំង មានសុទិដ្ឋិនិយមថា សិស្សានុសិស្សដែលធ្លាប់តែស្វែងរកទីតាំងសិក្សាងាយស្រួល និងផ្លាស់ប្តូរទៅកន្លែងផ្សេង ពួកគេនឹងវិលត្រឡប់មករៀននៅសាលាចាស់របស់ពួកគេវិញ។ហើយការតភ្ជាប់ស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់នេះ គឺជាក្តីសង្ឃឹមមួយថ្មីទៀត សម្រាប់អ្នករស់នៅទីនេះ និងអ្នកប្រកបអាជីវកម្ម។

លោកបន្តថា៖«ថ្មីៗនេះ ស្ពានព្រែកប្រាជិតសាងសង់រួចរាល់ហើយ ពួកគេអាចនឹងត្រឡប់មកសិក្សានៅសា​ខាចាក់អង្រែវិញ ព្រោះការធ្វើដំណើរពីព្រែកប្រាមកចាក់អង្រែគឺ លឿន ជិត ងាយស្រួល និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើន។បើស្ពាននេះសាងសង់រួចរាល់ សេវាកម្មឡានដឹកសិស្សនៅសាខាចាក់អ​ង្រែ​ក្រោមនឹងមានសង្ឃឹមខ្លាំង ដោយសារកាលពីមុនយើងរត់តែនៅម្ខាងទន្លេប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងមា​នស្ពានព្រែកប្រានៅជាប់សាលារបស់យើងតែម្តង។ យើងសង្ឃឹមថានឹងមានសិស្សានុសិស្សទាំងខាងប៉ែ​ក​​ព្រែកប្រា និងខាងចាក់អង្រែក្រោម ប្រើប្រាស់សេវាកម្មនេះកាន់តែច្រើន »។

គេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្រង់សំដីរបស់លោក សួង ហេង ដែលជារដ្ឋលេខាធិការ និងជានាយកគម្រោងសាង់សង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ និយាយថា បច្ចុប្បន្ន គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៨២ភាគរយហើយ ហើយគ្រោងនឹងនេះក៏បញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ខាងមុខដែរ។

រីឯរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានបង្ហាញពីបណ្តាញប្រទាក់ក្រឡានៃស្ពាននេះដែរថា វាជាខ្សែឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។​​​​​​​​​​​​​​​​គម្រោងនេះមិនត្រឹ​ម​តែសាងសង់ស្ពានប៉ុណ្ណោះទេ ប៉ុន្តែក្រសួងបានរួមបញ្ចូលទាំងការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅស​ង​ខា​​ងក្បាលស្ពាន ផ្លូវអមស្ពាន ៤កំណាត់ (ប្រវែង ១៥៤១ ម៉ែត្រ) ព្រមទាំងការពង្រីកកំណាត់ផ្លូវជាតិលេ​ខ​២ និងផ្លូវលេខ១១០ ថែមទៀតផង។មិនតែប៉ុណ្ណោះ ការរៀបចំនេះ ធ្វើឡើងដើម្បីធានាថា លំហូរចរា​ចរណ៍​ឆ្ល​ង​កាត់ស្ពាននេះមានភាពប្រទាក់ក្រឡា សម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ៖ ធី វណ្ណា និងគង់ ច័ន្ទពេជ្ររ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​