បទយកការណ៍៖ គ្រូទាយនៅមាត់ទន្លេត្អូញត្អែរពីផលលំបាកនៃការរកចំណូលពីការទស្សន៍ទាយ
ម៉ោង៩ព្រឹកទៅហើយពន្លឺព្រះអាទិត្យចាប់រំកិលខ្លួនឡើងខ្ពស់បន្តិចជះពន្លឺចាំងផ្លេកៗលើផ្ទៃទឹកប្របនឹងទន្លេបួនមុខ។រីឯនៅលើដងវិថីខាងមុខព្រះបរមរាជវាំងវិញ សំឡេងឡានម៉ូតូ បានបន្លឺសូរដ៏រន្ថើនមិនដាច់ពីគ្នាហាក់ជាសញ្ញាប្រាប់ថាពួកគេប្រញាប់ដើម្បីឲ្យឆាប់បានទៅដល់គោលដៅតែរៀងៗខ្លួន។ខ្យល់ជំនោរបក់មកពីម្ខាងនៃទន្លេ នាំមកនូវបរិយាកាសស្រស់ស្រាយ និងត្រជាក់ស្រេបពេលខ្យល់បក់ប៉ះស្បែកម្តងៗ ដែលបង្កើតបានទីនេះឲ្យទៅជាទិដ្ឋភាពមួយដ៏សែនមនោរម្យ។នៅជ្រុងម្ខាងស្តាំដៃ នៃព្រះបរមរាជវាំងឯណោះវិញ ផ្សែងធុបបានត្របាញ់ខ្មួលខ្មាញ់ទៅលើអាកាស និងរេទៅតាមអំណាច នៃវាយោដែលកំពុងតែបក់បោកមិនឈប់។តាមពិតទៅទីនេះហើយ ដែលគេស្គាល់ថា ជាកន្លែងគ្រូទាញចម្រុះវ័យ ស្ថិតនៅជ្រុងម្ខាងនៃព្រះបរមរាជវាំង។
ស្ថិតក្នុងសម្លៀកបំពាក់ឈុតដៃវែង ប្រកបដោយផ្កាចម្រុះពណ៌ និងមុននឹងផ្លាស់មករស់នៅម្តុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្ស៊ីកែវនេះ អ្នកស្រី ថា រ័ត្ន និយាយថាខ្លួនក៏ធ្លាប់បម្រើការងារនៅក្នុងរោងចក្រកាត់ដេរដែរពីមុនមក។សក់ប្រែពណ៌ល្បាយអាចម៌ខ្លាដោយអន្លើ និងចងបួងទៅក្រោយយ៉ាងមានរបៀបរៀបរយ មានដើមកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថា រ័ត្ន បន្តថាមុខរបរជាគ្រូទាញនេះ អ្នកស្រីមិនធ្លាប់បានរៀនសូត្រពីអ្នកណានោះទេ។ប៉ុន្តែអ្វីៗដែលអ្នកស្រីចេះដឹងនេះគឺកើតឡើងពី«ញាណ»សុទ្ធសាធ និងនិស្ស័យផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នកស្រី។ស្ថិតក្នុងអាជីពជាគ្រូទាញក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រីលើកឡើងថា ការងារមួយនេះមើលទៅហាក់ងាយរកចំណូលបន្តិចក៏ពិតមែន ជាក់ស្តែងការងារនេះ មិនបានជួយឲ្យជីវភាពរបស់អ្នកស្រីបានធូរធាប៉ុន្មាននោះទេ។ដោយសារហេតុថាចំណូលពីអាជីពទស្សន៍ទាយនេះ អ្នកស្រីមិនដែលកំណត់តម្លៃថ្លៃសេវា ឬបង្ខំឱ្យភ្ញៀវបង់ប្រាក់ឡើយ គឺអាស្រ័យលើទឹកចិត្ត និងសទ្ធារបស់ភ្ញៀវ។
ប្រភពបន្តថា«អត់មានចេះពីណាផង! គ្រាន់តែថាកាលមានផ្ទៃពោះហ្នឹង ដល់ពេលហើយអ៊ុំចេះតែស្តាប់ធម៌…ដល់ហើយទៅដូចចេះមើលទៅ ដូចគេនាំមាត់យើងនិយាយ ឬក៏យើងអីអញ្ចឹងតែម្តង តែរៀនពីណាមកគឺអត់មានទេ។ភាគច្រើន ភ្ញៀវតាមគេឱ្យ… ខ្លះគេឱ្យ៥០ ០០០, ៤០ ០០០, ៣០ ០០០, ២០ ០០០ អញ្ចឹងទៅ តែអ៊ុំអត់មានកំណត់ថាត្រូវដាក់ប៉ុន្មានៗទេ! តាមឱ្យនិយាយប្រាប់ តាមសទ្ធា គេជូន…»។
ដោយមានស្បែកជ្រីវជ្រួញដោយឥទ្ធិពល នៃអាកាសធាតុ និងស្រអាប់បន្តិច ថា រ័ត្ន និយាយថាសព្វថ្ងៃនេះ អ្នកស្រីត្រូវមានអំរែករាប់រងគ្រួសារសឹងទាំងស្រុង រួមទាំងមើលថែកូនៗទាំង៣នាក់នៅក្នុងបន្ទុក បើទោះជាពេលនេះ ពួកគេធំៗ និងមានការងារធ្វើខ្លះហើយក្តី ក៏នៅតែត្រូវពឹងផ្អែកលើរូបអ្នកស្រីដដែលទេ។ ព្រោះហេតុដូច្នោះហើយ ទើបធ្វើឲ្យជីវភាពរបស់អ្នកស្រី នៅតែដុនដាប់ និងរកព្រឹកខ្វះល្ងាចដដែល។ប៉ុន្តែ អ្នកដែលឆ្លងកាត់ការទស្សន៍ទាយរបស់អ្នកស្រី តែងកោតសរសើគ្រប់ៗគ្នាថា មានភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបានដល់ទៅ៨០ភាគរយ។
ថ្វីបើការទស្សន៍ទាយរបស់អ្នកស្រី គេថាហាក់ដូចជាឆុត ប៉ុន្តែចំនួនភ្ញៀវដែលមករកសេវា មិនសូវជាទៀងទាត់ ឬថ្ងៃខ្លះបាន៣នាក់អីជាដើម។ហេតុនេះហើយ ទើបធ្វើឲ្យចំណូលដែលបានពីរបរទស្សន៍ទាយនេះ មិនថិតថេរ ឬគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃបានខ្លះៗ។ថ្ងៃដែលដែលអ្នកស្រីអាចចាត់ទុកថា សំបូរភ្ញៀវមានតែចុងសប្តាហ៍។
អ្នកស្រីបន្តថា៖ «អូយ! មានតែគ្រប់អីទេ តែយើងចេះតែកែសម្រួល ចងការលុយគេខ្លះទៅ… ឥឡូវចងការគេ ១ ០០០ ០០០ រៀលអីនេះ តែក៏គ្រាន់ហូប អត់បានទុកទេ»។
យ៉ាងណា អ្នកស្រី ថា រ័ត្ន អះអាងថា អ្វីដែលធ្វើឲ្យខ្លួនខុសប្លែកពីគ្រូទាយដទៃ គឺត្រង់រក្សាគោលការណ៍ស្មោះត្រង់។ហើយការទស្សន៍ទាយនោះទៀតសោតមិនតម្រូវឱ្យភ្ញៀវធ្វើពិធីកាត់គ្រោះ កាត់ឆុង ឬកោទឹកយកប្រាក់ថ្លៃៗឡើយ។
នៅពេលគេធ្វើដំណើរឆ្លងកាត់ ទីតាំងគ្រូទស្សន៍ទាយ ដែលស្ថិតនៅប្របនឹងមាត់ទន្លេ មិនថាទីណា ឬទីណាទេ មានរបៀបរៀបចំសឹងដូចៗគ្នា។ផ្សែងធូបចាប់ផ្តើមបញ្ចេញផ្សែងហុយទ្រលោមទៅលើអាកាស។ក្លិនធូបប្រហើរស្រាលៗដែលភាយចេញពីជើងធូប និងចានជើងពាន។តុទាបៗត្រូវគេតម្រៀបជាជួរៗ និងកៅអីប្លាស្ទិកតូចៗត្រូវរៀបចំយ៉ាងមានរបៀបរៀបរយនៅលើខឿនថ្ម។គេសង្កេតឃើញគ្រូទាយនៅទីនេះមានបុគ្គលិកលក្ខណៈប្លែកៗពីគ្នា អ្នកខ្លះមានទឹកមុខស្ងប់ស្ងាត់ រីឯអ្នកខ្លះទៀតមានឫកពារក្រមិចក្រមើម ប្រើសម្ដីផ្អែមលែ្ហម និងពោរពេញដោយកាយវិការរស់រវើកដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវ។
ហាក់នៅមិនឆ្ងាយពីគ្នាប៉ុន្មាន ពោលប្រហែល២០ម៉ែត្រពីកន្លែងទស្សន៍ទាយរបស់អ្នកស្រី ថា រត្ន័ ។ស្រ្តីម្នាក់ទៀត ដែលសកប្រែពណ៌ទងដែង រួចចងបួងទៅក្រោយយ៉ាងមានរបៀបរាបរយ និងកំពុងអង្គុយពែនភ្នែនក្នុងសភាពស្ងប់ស្ងាត់ នៅលើខឿនថ្មម៉ាប តាមបណ្តោយផ្លូវថ្មើរជើងប្រប់នឹងមាត់ទន្លេ ដែលមានស្លាក់ឈ្មោះដាក់នៅនឹងមុខតុទស្សន៍ទាយថា«យាយម៉ៅ ភ្នំគូលែន»។ជុំវិញរង្វង់ភ្នែក និងថ្ពាល់មានស្នាមផ្នត់ៗ ដែលបង្ហាញពីស្បែកជ្រីវជ្រួញដោយអន្លើ មានដើមកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្រ្តីរូបនេះ រៀបរាបថា របរជាគ្រូទាយនេះ អ្នកស្រីចាប់ផ្តើមតាំងពីក្រោយរបប ប៉ុល ពត ដួលរលំមកម៉្លេះ។មុននឹងក្លាយជាគ្រូទាយ អ្នកស្រីធ្លាប់ឆ្លងកាត់ការសិក្សា និងស្វែងយល់ជាច្រើនឆ្នាំណាស់មកហើយ រួមទាំងជាមួយនឹងគ្រូផ្លូវក្នុង មានដូចជាលោកតា សក់សភ្នំគូលែន និងនៅតាមភ្នំប្រសិដ្ឋៗ ជាច្រើនកន្លែងទៀត នៅក្នុងប្រទេសកម្ពុជា។
ប្រភពបន្តថា«ខ្ញុំមានធូប និងព្រះជាសាក្សី…ខ្ញុំនិយាយត្រង់ៗ អត់ចេះភូតភរទេ! មនុស្សយើងក្នុងដប់អាចមានខុសមួយពីរ ព្រោះមានតែព្រះពុទ្ធទេដែលថាឱ្យត្រូវទាំងអស់ ប៉ុន្តែអ្នកមកទាយភាគច្រើន គេតែងតែថា ក្រោយមកទៀតថា ត្រូវណាស់»។
ម្យ៉ាងវិញទៀត ការចាប់យកអាជីពជាគ្រូទាយនេះ គឺកើតចេញពីការយល់សប្ដិ និងការចាត់តាំងពី “អ្នកសច្ចំបង់បត់ទាំងនោះ” ដើម្បីឱ្យគាត់មកជួយរំលែកទុក្ខសត្វលោក។ កាលនៅពីក្មេង ខ្លួនហាក់មានភាពអៀនខ្មាស និងរត់គេចជាច្រើនដង ប៉ុន្តែដោយសារមិនអាចបំពានលើគ្រូ និងដើម្បីរំដោះកម្មពៀរ ហេតុនេះក៏បានបន្តធ្វើជាគ្រូទាយរហូតមកដល់សព្វថ្ងៃនេះ។
គេសង្កេតឃើញថា អ្នកដែលមករកសេវាទស្សន៍ទាយនេះ មានគ្រប់វ័យទាំងក្មេង និងចាស់ ជាពិសេសថែមទាំងមានប្រពន្ធរបស់មន្រ្តីដែលមានបុណ្យស័ក្តិស្តុកស្តម្ភជាដើម។ហើយកម្មវត្ថុដែលពួកគេ មករកការទស្សន៍ទាយ ភាគច្រើនផ្តោតលើដៃគូស្នេហា ខ្សែជីវិត ការងារ និងអាជីវកម្ម។
បុរសម្នាក់ដែលអះអាងត្រឹមតែថាឈ្មោះ ប្រុសលី ប្រឹងស្កាត់តែពីច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តបាត់ដំបង មកដល់រាជធានីភ្នំពេញ ព្រោះតែដើម្បីបានការប្រឹក្សាយោបល់តាមការទស្សន៍ទាយ។ កំពុងអង្គុយស្មិងស្មាធិ៍ដោយយកចិត្តទុកស្តាប់ ការទស្សន៍ទាញ ពីខ្សែជីវិតរបស់ខ្លួន ប្រុសលី និយាយថានេះពុំមែនជាលើកទី១ទេ សម្រាប់រូបគេ ដែលតែងពឹងលើការគោសវាស ពីជោគជីតារាសីរបស់ខ្លួន ដោយគ្រូទាយបែបនេះ។ពីមុនក្នុងពេលរូបគេជួបវិបត្តិគ្មានការងារធ្វើ ហើយក៏រកការងារបានធ្វើ ចំពេលវេលាដូចអ្វីដែលគ្រូទាញបានប្រាប់ពិតប្រាកដមែន។ហេតុនេះ លោកអះអាងថា តាមរយៈការគូសវាសដោយសន្លឹកបៀរនេះ ឈរលើការពិតជិតនឹង១០០ភាគរយទៅហើយ។

លោកបន្តថា«ពេលខ្លះតែចំណុចដែលយើងគិតថាវាដូចមែន។ខ្លះនិយាយទៅខុសទៅយើងដឹងតែយើងអត់មាត់។ គាត់ទាយមក គាត់មិនមែននិយាយត្រូវទាំងអស់ទេ គឺថាបាន ៧០% ឬ ៥០% អញ្ចឹង យើងយកសំយោគអីដែលល្អៗយកមកគិត»។
រឿងរ៉ាវរបស់បងប្រុសលី បានឆ្លុះបញ្ចាំងឱ្យឃើញថា សម្រាប់មនុស្សជាច្រើនដែលកំពុងជួបប្រទះវិបត្តិក្នុងជីវិត តុទាយក្បែរមាត់ទន្លេមិនត្រឹមតែជាកន្លែងទស្សន៍ទាយជោគវាសនានោះទេ ប៉ុន្តែគឺជា «កន្លែងប្រឹក្សាផ្លូវចិត្ត» ដ៏សំខាន់មួយដែលជួយសម្រាលទុក្ខ បំភ្លឺផ្លូវ និងផ្ដល់កម្លាំងចិត្តឱ្យពួកគេបន្តដំណើរទៅមុខទៀតដោយភាពជឿជាក់។
គេហទំព័រ Observatoire de Paris ឲ្យដឹងថា ហោរាសាស្ត្រនេះ មានប្រភពដើមដំបូងបង្អស់ពីតំបន់មេសូប៉ូតាមីន (Mesopotamia) និងក្រុងបាប៊ីឡូន (Babylon) ក្នុងសម័យបុរាណជាង ២០០០ ឆ្នាំមុននៃគ.ស។ផ្ទុយពីនេះទៅវិញ តាមរយៈការផ្សាយអក្សសាស្រ្តខ្មែរនៅតាមវិទ្យុជាតិ កាលពីសម័យសង្គមរាស្រ្តនិយម សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គធ្លាប់លើកឡើងថា តាមពិតទៅវិជ្ជាហោរាសាស្រ្តនេះ រកថ្ងៃខែឆ្នាំនៃកំណើតថាកើតពីពេលណានោះ គឺមិនប្រាកដនោះឡើយ។ប៉ុន្តែមាននិយាយនៅក្នុងពុទ្ធប្រវត្តិ ដែលគម្ពីរខ្លះលើកឡើងដោយសង្ខេបថាប្រហែល១សែនឆ្នាំមុន រីឯគម្ពីខ្លះទៀតថា១ពាន់ឆ្នាំមុន នៃការត្រាស់ដឹងរបស់ព្រះពុទ្ធ គឺមានព្រហ្មដែលស្ថិតនៅឯឋានព្រហ្មលោក បាននិមិត្តខ្លួនមកធ្វើជាហោ ដើម្បីមកបង្រៀនវិជ្ជាសាស្រ្តនេះ។ប៉ុន្តែការបង្រៀននេះ គឺបង្ហាត់បង្ហាញតែត្រង់«បុរិសក្ខណៈ ឬ មហាបុរិសលក្ខណៈ » ដែលជាលក្ខណៈសម្បត្តិ ឬសញ្ញាពិសេសចំនួន ៣២ ប្រការ របស់មហាបុរស ព្រមទាំងអនុព្យញ្ជនៈ ៨០ ប្រការ តាមជំនឿព្រះពុទ្ធសាសនាទេ។ក្រៅពីនេះ ពុំមានទេ។ព្រោះហេតុដូច្នេះហើយ បានជាព្រាហ្មសម័យកាលនោះ ស្ទាត់ជំនាញ ក្នុងការទស្សន៍ទាញដ៏ពិតប្រាកដ។
ទាក់ទិនរឿងនេះ ព្រះតេជព្រះគុណ អ៊ុន ចាន់នឿន គង់នៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ ព្រះអង្គមានថេរដីកាថា នៅក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្តែងឱ្យសាវ័ក ឬពុទ្ធបរិស័ទជឿលើជោគជតារាសីដែលកំណត់ដោយផ្កាយ ឬការទស្សន៍ទាយនោះឡើយ។ផ្ទុយពីនេះទៅវិញ ព្រះពុទ្ធទ្រង់សម្តែងតែអំពី ច្បាប់កម្មផលគឺការធ្វើសកម្មភាពដោយខ្លួនឯង ជាពិសេស នៅក្នុងមង្គលសូត្រ និងសមណសូត្រ ព្រះអង្គទ្រង់ទូន្មានថា មនុស្សជាម្ចាស់នៃកម្មរបស់ខ្លួន។ ពេលវេលាណាដែលមនុស្សប្រព្រឹត្តល្អដោយ កាយ វាចា និងចិត្ត ពេលវេលានោះហើយជា «វេលាល្អ រាសីល្អ និងជាជោគជ័យ» ពិតប្រាកដ ដោយមិនចាំបាច់អាស្រ័យលើការមើលរាសីពីគ្រូទាយណាឡើយ។

ព្រះតេជព្រះគុណមានថេរដីការបន្តថា ទីតាំងមុខព្រះបរមរាជវាំង និងមាត់ទន្លេ ជាបេះដូងនៃវប្បធម៌ និងជាមុខមាត់ជាតិ។ការដែលមានអាជីវកម្មមើលរាសីនៅទីនោះ មានជ្រុងពីរដែលនឹងកើតឡើង ដូចជាជ្រុងគាំទ្រ សំដៅលើផ្នែកចិត្តសាស្រ្ត។ក្នុងន័យនេះ វាអាចជាកន្លែងបន្ធូរអារម្មណ៍មួយពេលសម្រាប់អ្នកមានទុក្ខដែលត្រូវការតោងទាមបង្អែកផ្លូវចិត្តជាបណ្ដោះអាសន្ន។
ដោយឡែក ជ្រុងប៉ះពាល់វិញ ប្រសិនបើមានការបោកប្រាស់ ជំរិតយកប្រាក់ ឬការបំភិតបំភ័យថាមានគ្រោះធ្ងន់ធ្ងរដើម្បីទារលុយធ្វើពិធី វានឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យទេសចរ ឬសាធារណជនយល់ច្រឡំថា ពុទ្ធសាសនាខ្មែរផ្អែកលើអបិយជំនឿទៅវិញ។ដោយឡែក នៅពេលគ្រូទាយនិយាយថា “រាសីស្រុត” មនុស្សភាគច្រើនកើត ឧបាទាន (ការប្រកាន់ និងការភ័យខ្លាច) ដែលធ្វើឱ្យផ្លូវចិត្តធ្លាក់ចុះ។ តាមផ្លូវព្រះពុទ្ធសាសនា ការដោះស្រាយផ្លូវចិត្ត និងការ “លើករាសី” ដែលត្រឹមត្រូវបំផុត គឺការប្រតិបត្តិ “បុញ្ញកិរិយាវត្ថុ” មានដូចជា ការឲ្យទាន ការរក្សាសីល និងការភាវនា សំដៅដល់ការអប់រំចិត្តតាមរយៈការតាំងស្មារតី៕
អត្ថបទដោយ៖ស៊ន មេសា និងគឹម សុខលាភ

