សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនសង្គមម្នាក់ និងពលរដ្ឋពីរនាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារយៈពេល ៧ឆ្នាំក្នុងម្នាក់ៗ ពីបទ “រួមគំនិតក្បត់” ពាក់ព័ន្ធការរិះគន់កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។
កាលពីព្រឹកថ្ងៃពុធ ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក ធី ថន អាយុ២៥ឆ្នាំ ជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) និងពលរដ្ឋពីរនាក់ទៀតអ្នកស្រី ស៊ឹង គន្ធា អាយុ៥០ឆ្នាំនិងលោក មាន ចាន់ថុន អាយុ៣៣ឆ្នាំឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទ “រួមគំនិតក្បត់” ពាក់ព័ន្ធការតវ៉ា និងរិះគន់កិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) កាលពីឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការលីកាដូ។
ខណៈពេលកំពុងត្រូវបាននាំខ្លួនចេញពីបន្ទប់សវនាការ លោក ធី ថន បានសម្ដែងការមិនពេញចិត្ត ដោយលោកបានថ្លែងយ៉ាងខ្លីថា៖ “ អយុត្តិធម៌ណាស់ គ្រប់យ៉ាងគេកំណត់កូដរួចហើយ”។
លោក លី សុចិត្រា ជាមេធាវីការពារក្តីឱ្យលោក ធី ថន បានប្រាប់ Press Start Cambodia នៅក្រៅតុលាការថា លោកនិងកូនក្ដីនឹងរៀបចំនីតិវិធី ដើម្បីប្ដឹងឧទ្ធរណ៍សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ធី ថន ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៤ និងចោទប្រកាន់ពីបទ “រួមគំនិតក្បត់” តាមបញ្ញាត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ លោកស្ថិតក្នុងចំណោមមនុស្សជាង ១០០នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបទ្រង់ទ្រាយធំ និងត្រូវបានចោទប្រកាន់ជុំវិញការបញ្ចេញមតិទាក់ទងនឹងគម្រោង CLV ។ នេះបើតាមការចេញផ្សាយរបស់អង្គការលីកាដូកាលពីខែកញ្ញា ឆ្នាំ២០២៥។
លោក ធី ថន អ្នកស្រី ស៊ឹង គន្ធា និងលោក មាន ចាន់ថុន ត្រូវបានដាក់ក្នុងបញ្ជីអ្នកជាប់ឃុំដោយប្រើសិទ្ធិចំនួន ១១៧នាក់ រួមមានសកម្មជន អ្នកនយោបាយនិងពលរដ្ឋផ្សេងទៀត ដែលត្រូវឃុំខ្លួនដោយការប្រើសិទ្ធិបញ្ចេញមតិរបស់ពួកគេ។
លោក អំ សំអាត ជានាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានមានប្រសាសន៍ថា ផ្អែកតាមការដេញដោលនៅក្នុងសវនាការកន្លងមក មិនឃើញមានភស្តុតាងណាមួយដែលអាចបញ្ជាក់ថា លោក ធី ថន ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោកបន្ថែមថា លោក ធី ថន គឺជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) ដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយការអនុវត្តសកម្មភាពការងាររបស់លោក គឺស្របទៅតាមលក្ខន្តិកៈរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ “ករណីរបស់លោក ធី ថន នេះ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ឬឃុំខ្លួន និងការផ្តន្ទាទោសលោកទេ។ ចឹងសាលក្រមផ្តន្ទាទោសនេះ វាធ្វើឱ្យប៉ះពាល់ឬក៏ជាការរំលោភទៅលើសេរីភាពជាមូលដ្ឋាន ដែលក្នុងនោះ គឺការបង្កើតនូវសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួន”។
យោងតាមរបាយការណ៍ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ អង្គការលីកាដូបានរកឃើញថា មានពលរដ្ឋយ៉ាងតិច ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់និងឃុំខ្លួន ដោយសារការបញ្ចេញមតិតាមបណ្តាញសង្គមដោយលីកាដូចាត់ទុកឆ្នាំ២០២៥ ថា ជាឆ្នាំដ៏អាប់អួរ នៃសេរីភាពក្នុងការបញ្ចេញមតិ៕
អត្ថបទដោយ៖ ជា ចិន គង់ សុខណា និងតែម ស្រីណុច

