នៅព្រឹកថ្ងៃពុធនេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រស្នើសុំព្រះរាជអន្តរាគមន៍សើរើរឿងក្តី ទម្លាក់បទចោទ និងប្រគល់សិទ្ធិសេរីភាពពេញលេញសម្រាប់លោក។
ការដាក់លិខិតថ្វាយព្រះមហាក្សត្រធ្វើឡើងមួយថ្ងៃ បន្ទាប់ពីព្រះអង្គបានយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពកាលពីថ្ងៃអង្គារ ដោយលោក រ៉ុង ឈុន អះអាងថា ការថ្វាយលិខិតស្នើសុំព្រះរាជអន្តរាគមន៍លើកនេះ គឺធ្វើឡើងដោយបុគ្គលលោកផ្ទាល់ ខណៈលិខិតដែលគណបក្សកម្លាំងជាតិបានដាក់ថ្វាយព្រះមហាក្សត្រកាលពីអំឡុងខែកក្កដាកន្លងទៅនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
លោកមានប្រសាសន៍ថា៖ “យើងមានជំនឿថា ព្រះអង្គនឹងយកចិត្តទុកដាក់ ថ្វីត្បិតព្រះអង្គអវត្តមានមិនបានគង់នៅកម្ពុជា។ ព្រះអង្គយាងកាលពីម្សិលមិញទៅព្យាបាលព្រះរោគ ប៉ុន្តែព្រះអង្គក៏បានផ្ទេរសិទ្ធិទៅប្រមុខរដ្ឋស្តីទី។ ចឹងខ្ញុំគិតថា ប្រមុខរដ្ឋស្តីទីនឹងពិនិត្យនូវរាល់លិខិតរបស់ខ្ញុំក៏ដូចជាលិខិតរបស់គណបក្ស ”។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលសម្រេចផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ប៉ុន្តែព្យួរសាកល្បងរយៈពេលបីឆ្នាំ ហាមចេញពីរាជធានីភ្នំពេញ មិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈ មិនត្រូវមានមុខនៅវេទិកាសាធារណៈ និងដកជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
ក្នុងលិខិតស្នើសុំព្រះរាជអន្តរាគមន៍ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បានលើកឡើងថា លោកមិនដែលមានចេតនាញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើ ដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេ ហើយថា សេចក្តីសម្រេចរបស់តុលាការកំពូល គឺមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់លោក ។
លោកបន្ថែមថា នេះជាពេលដែលកម្ពុជាត្រូវស្តារកេរ្តិ៍ឈ្មោះនិងកិត្តិយសឡើងវិញតាមរយៈការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីកសាងទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍អន្តរជាតិ និងបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈឯកភាពជាតិ។
លោកមានប្រសាសន៍ថា៖ “យើងបញ្ឈប់ទៅការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង។ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសារព័ត៌មានដែលហ៊ាននិយាយការពិត។ ការពិតសំខាន់ណាស់ ជាកញ្ចក់សម្រាប់ឆ្លុះនូវសកម្មភាពរបស់រដ្ឋាភិបាលហើយបើយើងមិនមានសេចក្តីក្លាហានទទួលស្គាល់ការពិត យើងមិនអាចធ្វើឱ្យសង្គមយើងខ្លាំងរឹងមាំបានទេ”។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជាមូលដ្ឋានស្មើៗគ្នា រួមទាំងសិទ្ធិបោះឆ្នោត ឬសិទ្ធិធ្វើនយោបាយដែលមានចែកក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែថាហាក់ដូចជាអយុត្តិធម៌សម្រាប់លោក រ៉ុង ឈុន នៅពេលសិទ្ធិធ្វើនយោបាយរបស់លោកត្រូវបានដក។
លោកមានប្រសាសន៍ថា៖ “លោក រ៉ុង ឈុន គាត់យល់ថា វាអយុត្តិធម៌សម្រាប់គាត់ ទើបគាត់ស្វែងរកការអន្តរាគមន៍ ព្រោះអ្នកនយោបាយគាត់ចង់ធ្វើនយោបាយ ដើម្បីប្រកួតប្រជែង”។
កាលពីថ្ងៃទី០១ ខែកក្កដា លោក រ៉ុង ឈុន ធ្លាប់បានដាក់លិខិតទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើសុំអន្តរាគមន៍និងពិនិត្យសើរើសាលដីការបស់តុលាការកំពូល ប៉ុន្តែក្រសួងយុត្តិធម៌បានឆ្លើយតបតាមរយៈលិខិតចុះថ្ងៃទី៧ ខែសីហា ដោយអះអាងថា ការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់មានភាពត្រឹមត្រូវ និងស្របតាមច្បាប់ ហើយក្រសួងយុត្តិធម៌ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ស្រដៀងគ្នានេះដែរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គណបក្សកម្លាំងជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីរបស់លោក រ៉ុង ឈុន ផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបិទបញ្ចប់បេសកកម្ម ចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចង់ឃើញបរិយាកាសនយោបាយកាន់តែបើកទូលាយ គឺការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការបង្កើតសមាគម ស្របពេលកម្ពុជាគ្រោងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំបន្ទាប់៕
អត្ថបទដោយ៖ ធួន ស្រីពៅ

