កម្ពុជា​តវ៉ា​ចំ​ពោះ​ការ​រំ​លោភ​បំ​ពាន​ជា​បន្ត​បន្ទាប់​របស់​ថៃ​លើ​​អធិប​តេ​យ្យ​និង​បូរ​ណភាព​ទឹក​ដី​

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាថ្មី ចំពោះការបន្តរំលោភបំពានរបស់ភាគីថៃមក​​លើអធិបតេយ្យភាព និង​បូរណភាពទឹកដីរបស់កម្ពុជា បន្ទាប់ពីកងកម្លាំងថៃបានបន្តឈូសឆាយព្រៃជាបន្តបន្ទាប់ និងសាងសង់លេណដ្ឋានយោធាថ្មី​។នេះបើ​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កងកម្លាំងថៃបានបន្តឈូសឆាយព្រៃជាបន្តបន្ទាប់​ចាប់​ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កា​ត់​អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើ​ម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលត​ភ្ជាប់​​​​ពី​ភាគ​ខាងជើ​ងនៃបង្គោលព្រំដែនលេខ១៤ ទៅតំបន់ភ្នំតាថុង (ភ្នំ២៧៨)។ បន្ទាប់មក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះ​វិហារ កម្លាំងប្រដាប់​អាវុធថៃបានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួន នៅភាគខាងជើ​ងវត្តកែវសិក្ខាគិរីស្វារៈ។

ក្រសួង​ការបរទេស​​បន្ត​ថា សកម្មភាព​ខាងលើ​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ជាក់​ច្បាស់​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា អនុស្សរណៈនៃការ​យោគយល់​គ្នា ​ស្តីពី​ការ​វាស់វែង​និងកំណត់​ខណ្ឌសីមា​ព្រំដែន​គោក​ ដែល​បាន​ចុះ​ហត្ថលេខាកាល​ពីថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០០​ និង​សេចក្តីប្រកាសរួម​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ជូន​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ដើម្បី​បន្ត​ការ​ងារ​វាស់វែង​និង​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​​ឆាប់​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​។​​

សេចក្តីប្រកាស​ព័ត៌មាន​នេះសរសេរថា៖ “កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឫការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ​ ហើយ​សកម្មភាពដែលបានរៀបរាប់ខាងលើ​និងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើ​យ”។

ជាមួយគ្នានេះ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ក៏​ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើ​យ៕

អត្ថបទដោយ៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍