អង្គការ សមាគម និងសហគមន៍ចំនួន ៥០ អំពាវនាវដល់អាជ្ញាធររដ្ឋពាក់ព័ន្ធ លុបចោលទោសជាប់ពន្ធនាគារ ១៨ខែ ពីបទ ញុះញង់ និងដោះលែងអតីតព្រះសង្ឃ លោក ជា វុទ្ធី ដើម្បីឱ្យលោកអាចចូលរួមសកម្មភាពសង្គមឡើងវិញ។
ការអំពាវនាវនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រចផ្តន្ទាទោសអតីតព្រះសង្ឃ លោក ជា វុទ្ធី ឱ្យជាប់ពន្ធនាគារ ១៨ខែ និងពិន័យទឹកប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ការសមេ្រចផ្ដន្ទាទោសនេះ ក្រោយពីលោក ជា វុទ្ធី បានបញ្ចេញមតិរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងក្រុមកម្មវិធីសារឯកជន (ក្រុម Messenger)។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការ សមាគម និងសហគមន៍ទាំង ៥០ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា ការផ្តន្ទាទោសចំពោះលោក ជា វុទ្ធី មិនបានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយ ពោលគឺមតិយោបល់នោះ ចែករំលែកតែនៅក្នុងក្រុម Messenger ឯកជនមួយ ដែលមានសមាជិកប្រមាណ ២០ នាក់ មិនមែននៅក្នុងវេទិកាសាធារណៈឡើយ។ មួយវិញទៀត ពួកគេថា ទំហំការចែកចាយ និងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយនៅក្នុងក្រុមតូចបែបនេះ មិនអាចចាត់ទុកដោយសមហេតុផលថា មានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យឡើយ ជាពិសេសមិនគួរឈានដល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនោះទេ។
សេចក្តីថ្លែងការណ៍រួម បានចាត់ទុកការផ្តន្ទាទោស និងការដាក់ទោសចំពោះ លោក ជា វុទ្ធី បង្ហាញអំពីការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមអនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ជុំទី៤ ស្តីពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
អង្គការ សមាគម និងសហគមន៍ទាំងនោះ បានអំពាវនាវថា៖ «សូមឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើលោកពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យដោយអនុលោមទៅតាមកាតព្វកិច្ចសិទិ្ធមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា»។
អង្គការ សមាគម និងសហគមន៍ទាំង៥០ស្ថាប័ន មានដូចជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក អង្គការលីកាដូ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) សហព័ន្ធសហជីពកម្ពុជា និងសហគមន៍ដីធ្លីជាដើម។
គួរបញ្ជាក់ថា អតីតព្រះសង្ឃ ជា វុទ្ធី ដែលជាអ្នកសារព័ត៌មានពលរដ្ឋ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនចេញពីវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង ហើយក្រោយមកលោកត្រូវបានចាប់ផ្សឹក នៅអំឡុងពេលជួបជាមួយនឹងមន្ទីរធម្មការ និងសាសនា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការចាប់ខ្លួនអតីតព្រះសង្ឃរូបនេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើការរិះគន់ចំពោះរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ និងការយកចិត្តទុកដាក់ចំពោះជនភៀសសឹក ខណៈដែលលោកក៏សកម្មក្នុងការលើកឡើងពីបញ្ហាសង្គមជាច្រើន រួមមានបញ្ហាព្រៃឈើ បរិស្ថាន សិទ្ធិមនុស្សជាដើម នៅលើបណ្តាញសង្គមផងដែរ៕
អត្ថបទដោយ៖ ជា ចិន

