លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរផ្អាកផែនការរុះរើសាលាដូង ដោយរក្សាស្ថានភាពនៅដដែល និងឱ្យបន្តដំណើរការដូចធម្មតា បន្ទាប់ពីមានការផ្សព្វផ្សាយអំពីសេចក្តីដំណឹងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺឱ្យរុះរើសំណង់អាណាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យក្នុងរយៈពេល១៤ថ្ងៃ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី នាព្រឹកថ្ងៃពុធ ទី១៩ សីហានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាអោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចាត់តំណាងជំនាញចុះទៅមើលស្ថានភាពជាក់ស្តែង និងកំណត់ព្រំដីឱ្យបានច្បាស់ ដើម្បីរកដំណោះស្រាយប្រកបដោយចីរភាពនិងយូរអង្វែង ក្នុងគោលបំណងអោយសាលាដូង អាចបន្តការងារបង្រៀនតទៅទៀត ដែលបច្ចុប្បន្នមានសិស្ស១៥០នាក់ ហើយអាចនឹងបន្តកើនឡើងនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា៖ “ផ្អាកកុំអោយមានការរុះរើ ទុកអោយគេដំណើរការរៀនសូត្រ ដំណើរការផ្ទះ តែគ្រូអត់ផ្ទះនៅ មានអ្នកណាគេបង្រៀន ”។
លោកនាយករដ្ឋមន្ត្រីបានកោតសរសើរលោក អ៊ុក វណ្ណដេ ជាស្ថាបនិកសាលាដូងថា ជាបុគ្គលដែលមានទឹកចិត្ត ឆន្ទៈ និងការលះបង់ខ្ពស់ដោយព្យាយាមបើកសាលាដូងដោយដៃទទេរ ហើយសកម្មភាពនេះផ្តល់ប្រយោជន៍វិជ្ជមានដល់សង្គមនិងប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ “អ្វីដែលខ្ញុំចង់លើកនោះគឺ បុគ្គលម្នាក់ដែលប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពស្មោះត្រង់ ហើយមានឆន្ទៈចង់ជួយមនុស្ស ហើយពុះពារចង់ធ្វើ ហើយផ្តើមដោយគ្មានអ្វីទាំងអស់ ”។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសផ្តល់ការឧបត្ថម្ភថវិកាចំនួន៥លានរៀល និងអង្ករ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦នេះ តទៅ។
សាលាដូងត្រូវបានរៀបចំឡើងដោយលោក អ៊ុក វណ្ណដេ កាលពីដើមឆ្នាំ២០១៧ ហើយចាប់ផ្តើមបើកដំណើរការឱ្យសិស្សចូលរៀននៅឆ្នាំ២០១៨។ សាលាដូងបណ្តុះបណ្តាលជំនាញមួយចំនួនដល់ក្មេងៗ ដែលបច្ចុប្បន្នមានជាង១៥០នាក់៕
អត្ថបទដោយ៖ គាម សោភណ្ឌ

