សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតព្រះសង្ឃ ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទ “ញុះញង់” ដោយសារបញ្ចេញមតិរិះគន់ជុំវិញបញ្ហាព្រំដែន។
លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅរសៀលថ្ងៃពុធនេះ ដោយសម្រេចផ្តន្ទាទោសលោក ជា វុទ្ធី ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ ២លានរៀល។ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោកកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។
សមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលខេត្តបាត់ដំបងបានឃាត់និងនាំខ្លួនលោក ជា វុទ្ធី ចេញពីវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង ហើយបន្ទាប់មក ត្រូវចាប់ផ្សឹកដោយមន្ត្រីសង្ឃនិងមន្ទីរធម្មការ និងសាសនាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នៅថ្ងៃបន្ទាប់ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទបទ “ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និង៤៩៥ ដោយសារតែការរិះគន់បញ្ហាព្រំដែនកម្ពុជា-ថៃនិងបញ្ហាជនភៀសសឹកនៅលើបណ្តាញសង្គមរបស់លោក។ នេះបើតាមរបាយការណ៍របស់អង្គការលីកាដូ។
លោក អែម ចន្ថា ជាមេធាវីការពារក្តីឱ្យលោក ជា វុទ្ធី បានសម្តែងការខកចិត្តចំពោះការប្រកាសសាលក្រមនេះ ដោយលោកអះអាងថា គ្មានអង្គហេតុនិងភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកកូនក្តីរបស់លោកទេ ដោយលោកអះអាងថា អ្វីដែលកូនក្តីរបស់លោកនិយាយ គ្រាន់តែជាការឌឺដងនិងលេងសើចនៅក្នុងគ្រុបឯកជនប៉ុណ្ណោះ ហើយកូនក្តីរបស់លោកក៏គ្មានចេតនាប្រព្រឹត្តបទល្មើសផងដែរ។
លោកនិយាយថា៖ “តើមានច្បាប់ណាដែលកំណត់ថា ម៉េសិនជ័រឆាត (messenger chat) ដែលជាគ្រុបឯកជននោះ ចាត់ទុកថា លើសពី២នាក់ទៅ គឺជាសាធារណៈ មិនអាចទេ។ មិនទាន់មានច្បាប់និយាយទេ“។ លោកបន្តថា៖ “វាអយុត្តិធម៌សម្រាប់កូនក្តី ហើយអ្វីដែលមេធាវីមើលឃើញ មេធាវីតែងតែបដិសេធរហូតមក” ។
លោក ចន្ថា បញ្ជាក់បន្ថែមថា កូនក្តីនឹងបន្តនិតិវិធីប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
កញ្ញា ហេង គឹមសួរ ជាមន្ត្រីផ្នែកគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia) ដែលបានឃ្លាំមើលដំណើរការរឿងក្តីនេះ បានចាត់ទុកសេចក្តីសម្រេចនេះថា ជារឿងអយុត្តិធម៌មួយនិងជាការរឹតត្បិតសេរីភាព ហើយការបន្តធ្វើបែបនេះ នឹងធ្វើឱ្យយុវជនដែលធ្វើការងារសង្គមមានការភ័យខ្លាចនិងលែងហ៊ាននិយាយការពិត។
កញ្ញា គឹមសួរ និយាយថា៖ “ខ្ញុំគិតថា សង្គមយើងនឹងមិនអាចលូតលាស់បានទេដោយសារអ្នកនិយាយការពិត នឹងលែងហ៊ាននិយាយការពិត ”។
កាលពីខែកុម្ភៈ ឆ្នាំ២០២៦ អង្គការលីកាដូបានរកឃើញថា មានពលរដ្ឋយ៉ាងតិច ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់និងឃុំខ្លួន ដោយសារការបញ្ចេញមតិតាមបណ្តាញសង្គមដោយលីកាដូចាត់ទុកឆ្នាំ២០២៥ ថា ជាឆ្នាំដ៏អាប់អួរ នៃសេរីភាពក្នុងការបញ្ចេញមតិ៕
អត្ថបទដោយ៖ ជា ចិន និង ឈួន ឡាំស៊ីន

