កូនស្រីច្បងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោកស្រី កឹម មនោវិទ្យា បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលសព្វព្រះរាជហឬទ័យត្រាស់បង្គាប់តែងតាំងលោកស្រីជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នេះបើតាមលិខិតថ្លែងអំណរគុណព្រះមហាក្សត្រ របស់លោកស្រី កឹម មនោវិទ្យា ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ លិខិតរបស់ប្រេសិតពិសេសរូបនេះ បានសម្តែងនូវគាវរកិច្ចដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ ដែលព្រះអង្គបានសព្វព្រះរាជហឬទ័យចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈដល់លោកស្រី។
កាលពីថ្ងៃទី១៧ ខែសីហា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋាៈស្មើរដ្ឋមន្ត្រី។
ការត្រាស់បង្គាប់តែងតែងនិងផ្តល់ឋានៈដល់លោកស្រី កឹម មនោវិទ្យា ត្រូវបានគេសង្កេតឃើញបានធ្វើឡើងក្រោយពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានទម្លាយរូបភាពជាច្រើនសន្លឹក អំពីជំនួបរវាងលោក និងលោក កឹម សុខា រួមទាំងភរិយា និងលោកស្រី កឹម មនោវិទ្យា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
មុនពេលជំនួបនេះ លោកស្រី កឹម មនោវិទ្យា ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុណ ម៉ាណែត ផងដែរ កាលពីចុងសប្តាហ៍មុន ក្នុងនោះលោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេកប៊ុកថា៖ «ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួន ដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ»។
សូមបញ្ជាក់ថា លោកស្រី កឹម មនោវិទ្យា ជាកូនស្រីច្បងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ហើយលោកស្រីក៏ធ្លាប់ជាអគ្គនាយករងកិច្ចការសាធាណៈរបស់គណបក្សនេះ ដោយធ្លាប់បានចូលរួមសកម្មភាពការទូត និងការស្នើសុំកិច្ចអន្តរាគមន៍ពីអន្តរជាតិ ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
អត្ថបទដោយ៖ គង់ សុខណា

