ក្រសួងព័ត៌មានណែនាំឱ្យអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងចៀសវាងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលទាំងឡាយណា ដែលជេរប្រមាថលើបណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម។
នៅក្នុងសេចក្តីណែនាំចេញផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងព័ត៌មានណែនាំឱ្យចៀសវាងការផលិត ធ្វើបទសម្ភាសន៍ ឬការផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈញុះញង់ បង្កហេតុ បង្កជម្លោះ ឬជំរុញឱ្យមានការស្អប់ខ្ពើម ជេរប្រមាថ បរិហារកេរ្តិ៍ បន្ទាបបន្ថោក ឬធ្វើឱ្យអ្នកដទៃអាម៉ាស់ អាសអាភាស ប្រមាថមើលងាយឬប៉ះពាល់ដល់តម្លៃកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
សេចក្តីណែនាំនេះបន្តថា ត្រូវចៀសវាងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យាឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងមាតិកាដែលយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ បង្កើនចំនួនអ្នកមើល ឬស្វែងរកប្រយោជន៍ពាណិជ្ជកម្ម។
សេចក្តីណែនាំនេះសរសេរថា៖ “សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវអនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ សេរីភាពមិនអាចត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬបង្កផលប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គមឡើយ ”។
តាមរយៈសេចក្តីណែនាំដដែលនេះ ក្រសួងក៏ព្រមានចាត់វិធានការរដ្ឋបាលនិងវិធានការច្បាប់ចំពោះអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្កម អ្នកគ្រប់គ្រងគេហទំព័រ ឬគណនីបណ្តាញសង្គម ដែលមិនស្ថិតក្នុងវិសាលភាពអ្នកសារព័ត៌មាន ដោយចាប់ពីការណែនាំ ការព្រមាន ការកែតម្រូវ ឬដកមាតិកាបំពានទៅតាមស្ថានភាពជាក់ស្តែង ហើយប្រសិនបើរកឃើញមានសញ្ញានៃបទល្មើស ក្រសួងនឹងបញ្ជូនករណីឬសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងព័ត៌មានបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យចូលរួមបង្កើតប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាព និងគុណភាព ដោយរួមគ្នាលើកកម្ពស់មាតិកាវិជ្ជមាន និងការគោរពតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣១ឆ្នាំ ពីបទ “ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ” បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនារវាងអ្នកលក់ទូរសព្ទនិងអ្នកទិញដែលជាកងទ័ពជួរមុខតាមបណ្តាញសង្គម ហើយតាមចោទថា ស្ត្រីជាអ្នកលក់ទូរសព្ទរូបនេះបានប្រើពាក្យសម្តីមិនសមរម្យនិងជេរប្រមាថលើអ្នកទិញ៕
អត្ថបទដោយ៖ ធី វណ្ណា

