លោក​ ហ៊ុន​ សែន ស្នើ​​ឱ្យ​​ចាត់​​វិ​ធា​ន​​ការ​​​​​លើ​​​អ្នក​​​ជេរ​​ប្រ​​មាថ​​តាម​បណ្តាញ​​សង្គម​​​ដែល​​​​ប៉ះ​​ពាល់​​​សីល​​ធម៌​​​សង្គម​​

ដោយៈ

Press Start Cambodia Avatar

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ស្នើ​ឱ្យ​ចាត់វិធាន​ការ​ម៉ឺងម៉ាត់​ទៅលើ​បុគ្គល​ទាំងឡាយ​ណា​ ដែល​ជេរប្រមាថ​លើ​បណ្តាញ​សង្គម ​​ដែល​ធ្វើ​ប៉ះពាល់​ដល់​សីលធម៌​​សង្គម​​​កម្ពុជា​។​

ថ្លែង​ក្នុង​ជំនួបជាមួយ​ប្រតិភូ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​កាល​ពីព្រឹក​ថ្ងៃទី​១៤ ខែ​​សីហា ឆ្នាំ​២០២៦​ លោក ហ៊ុន​ សែន ប្រធាន​ព្រឹទ្ធសភា មាន​ប្រសាសន៍ថា​​ ការ​ជេរ​​ប្រមាថ​បែប​នេះប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​សង្គម​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ ដោយ​លោក​បាន​ស្នើ​ឱ្យស្ថាប័ន​ពាក់​ព័ន្ធ​រួម​គ្នា​​​ចាត់​វិធានការ​ម៉ឺងម៉ាត់​ក្នុងនោះ ក្រ​សួង​​កិច្ច​ការ​នារី​​ ត្រូវ​​នាំ​​មុខ​គេ​ក្នុង​ការ​ចាត់វិធាន​ការ​​ដាក់​បណ្តឹង​​ ខណៈ​​ស្ថាប័ន​​ត្រូវជួយ​​ចាត់ចែង​​លើ​សំណុំរឿង​នៃអ្នក​​ទាំង​ឡាយ ​​ដែល​បាន​បំផ្លាញ​សេចក្តី​ថ្លៃថ្នូរនិង​សីលធម៌តាម​បណ្តាញសង្គម​។​
លោក​ ហ៊ុន សែន មានប្រសាសន៍ថា៖ “​ឥឡូវ ​លើកទី១ ធ្វើកិច្ចសន្យា បើសិនមិនរៀងចាលចាត់ការតាមផ្លូវច្បាប់។ ខ្ញុំធ្លាប់និយាយ ខ្ញុំអាច ខ្ញុំហ៊ានកម្ចាត់មនុស្សខ្លះចោល ដើម្បីការពារមនុស្សរាប់លាននាក់ មិនមែនកម្ចាត់តាមរយៈការសម្លាប់ចោលទេ ប៉ុន្ដែយើងហ៊ានធ្វើជាមួយមនុស្សប៉ុន្មាននាក់ ដើម្បីការពារមនុស្សរាប់លាននាក់ នេះជាបញ្ហាសង្គមស្អប់ខ្ពើម។ នេះមិនមែនជាការបិទសិទ្ធិ ប៉ុន្ដែជាការការពារជាតិ សេចក្ដីថ្លៃថ្នូររបស់ជាតិ ការជេរបញ្ចោរមិនមែនខ្មែរ គឺជាទមិ្មឡ
ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​ ក្រោយ​មាន​ការ​ចែក​រំលែក​សំឡេងសន្ទ​នា​​គ្នានាពេលថ្មីៗនេះ ​រវាង​អ្នក​លក់ទូរសព្ទ​ និង​អ្នក​ទិញដែលជា​កងទ័ពជួរមុខ​នៅ​តាម​បណ្តាញ​សង្គម​ ហើយ​អ្នក​លក់ទូរសព្ទ​រូបនោះ ​បាន​ប្រើ​ពាក្យ​សម្តីមិន​សម​រម្យ​ និង​ជេរ​ប្រមា​ថ​ទៅលើ​អ្នក​ទិញ​។​

នៅ​ថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៦ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំ​ពេញ​សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​បាន​ចុះឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ចិន្តា សុវណ្ណារី ជា​ម្ចាស់​ហាង​ទូរសព្ទ​ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា “ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព”។​

ជុំវិញ​ករណី​នេះដែរ នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៦ សាលាដំបូង​រាជធានីភ្នំ​ពេញ​​​បាន​សម្រេច​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​ជន​ត្រូវ​ចោទ​​ឈ្មោះ ចិន្តា​ សុវណ្ណារី អា​យុ​៣១​ឆ្នាំ​ ដើម្បី​បន្ត​ការ​ស៊ើ​ប​សួរ​តាម​នីតិវិធី​ច្បាប់​។ ជន​ត្រូវ​ចោទរូបនេះ​​ ដែល​ជា​ម្ចាស់​​ផេក​​ហ្វេសប៊ុក​ឈ្មោះ Mr.8 Gaming ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ ​ធ្វើ​ឱ្យ​ខូច​ទឹក​ចិត្ត​កងទ័ព​ និង​ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ​៕​

អត្ថបទ​ដោយ​៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍