ក្រសួងសង្គមកិច្ចដាក់​ចេញវិធានការ​មួយ​ចំនួន ដើម្បីការ​ពារ​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​កុមារ

ដោយៈ

Press Start Cambodia Avatar

ក្រសួងសង្គមកិច្ចដាក់​ចេញគោល​ការណ៍​ណែនាំមួយ​ចំនួន ដើម្បីការ​ពារ​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​កុមារ​ បន្ទាប់ពី​សង្កេត​ឃើញ​អ្នក​ផលិត​មាតិការ​មួយចំនួន​បាន​យកកុមារទៅបង្កើតមាតិកាតាមបណ្តាញសង្គម ដើម្បីទាក់ទាញការចាប់អារម្ម​ណ៍ ការកម្សាន្ត ឬរកប្រាក់ចំណូល។​

ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ បាន​សង្កេតឃើញថា ​មាន​អ្នក​​បង្កើត​មាតិកា​ជាបុគ្គលល្បីៗមួយ​ចំនួន​​បាន​យក​កុមារ​មក​សម្តែង​ឬថតជា​វីដេអូ​ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ ការកម្សាន្ត​ឬរកប្រាក់ចំណូល​ ដោយ​ប្រើ​ពាក្យ​​​ពេចន៍​ កាយវិការ ​ឬសកម្មភាព​មិន​សម​រម្យ​ ដែលសកម្មភាព​ទាំង​នេះ គឺ​​ជា​ការ​​រំលោភ​សិទ្ធិ​ សេចក្តីថ្លៃថ្នូរ​ឬគោលការណ៍​សុវត្ថិភាព​កិច្ចការ​ពារ​កុមារ​។ នេះបើ​តាម​សេចក្តីណែនាំ​របស់​ក្រសួង​សង្គម​កិច្ច​ ចុះ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៦។

ក្រសួងសង្គមកិច្ចបន្ត​ថា សកម្មភាព​ទាំងនេះ គឺផ្ទុយ​នឹង​មាត្រា១៦ ១៩ ៣២ ៣៤ និង​មាត្រា​៣៦ នៃ​អនុសញ្ញា​អន្តរជាតិ​​ស្តីពី​សិទ្ធិ​កុមារ មាត្រា​៤៨ នៃរដ្ឋ​ធម្មនុញ្ញស្តីពី​ការ​ការ​ពារសិទ្ធិ​កុមារ មាត្រា១០ នៃ​ក្រម​រដ្ឋ​ប្បវេណីស្តីពី​សិទ្ធិ​បុគ្គល​ និង​មាត្រា​៤០ និង​៤១ នៃ​​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ ។

ជាងនេះទៅទៀត សកម្មភាព​ទាំងនេះ ក៏​ផ្ទុយ​នឹង​គោល​នយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​ការ​ពារ​កុមារឆ្នាំ​ ២០១៩-២០២៩ ​ប្រកាសស្តីពី​ក្រម​សីលធម៌សម្រាប់កិច្ច​ការ​ពារកុមារ​របស់​ក្រសួង​សង្គមកិច្ច​ និង​គោលការណ៍​ណែនាំ​ស្តីពី​កិច្ច​ការ​ពារ​កុមារ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​របស់​ក្រសួង​ប្រៃ​ស​ណីយ៍​និង​ទូរគមនាគមន៍​។​​

តាម​រយៈ​សេចក្តីណែនាំ​នេះ​ ក្រសួង​សង្គម​កិច្ច​បាន​ណែនាំ​ដល់​អ្នក​បង្កើត​មាតិកា​ វិស័យ​ឯក​ជន​និង​សាធារណជនដែល​​យកកុមារទៅថតរូប ឬវីដេអូ ត្រូវ​មានការអនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្សរ​ពីកុមារផ្ទាល់ ឬឱពុក​ម្តាយ​ឬអាណាព្យាបាល​របស់​​កុមារ ធានា​ថា គ្រប់រូបថត​ វីដេអូ ឬរូបភាព​ដទៃទៀត​របស់កុមារ​ ត្រូវ​បង្ហាញ​ភាព​​ស្មោះត្រង់​ពីបរិបទ មាន​ការ​គោរព​ និង​រក្សា​បាន​នូវភាព​ថ្លៃថ្នូរ​​។​

សេចក្តីណែនាំ​ក៏បាន​ហាមឃាត់​​ការ​ផលិត​មាតិក​ដែល​បង្ហាញ​កុមារ​ក្នុង​លក្ខណៈ​ផ្លូវ​ភេទ ស្ថានភាព​ទុក្ខព្រួយ​ អាម៉ាស់​ឬគ្រោះថ្នាក់​ និងជៀសវាង​ការ​បង្ហាញព័ត៌​មាន​អត្តសញ្ញាណ​របស់កុមារ​ដូចជា​ សាលារៀន​ ទីលំនៅ​ជាដើម ហើយ​គ្រប់វិស័យ​ឯកជន​ដែល​ផ្តល់​សេវាអ៊ីនធើណិត​ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព ឬវីដេអូ​មិន​សម​រម្យ​របស់​កុមារ​ គ្រប់បណ្តាក្រុម​ហ៊ុន​គ្រប់គ្រង​បណ្តាញ​សង្គម​ត្រូវ​ទប់​ស្កាត់​ឬដក​ហូត​រាល់គេហទំព័រ​ ឬគណនី​ ដែល​បង្ក​ផល​ប៉ះពាល់​សិទ្ធិ​និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។​

សេចក្តីណែនាំនេះសរសេរថា៖ “សូម​ស្នើ​ដល់​មាតាបិតា អាណាព្យាបាល​ សាធារណៈ​ជន​ និង​វិស័យ​ឯកជន​ ត្រូវ​ចូល​រួម​ទប់​ស្កាត់ ​និង​រាយការណ៍​រាល់​សកម្មភាព​នៃ​ការ​បង្ហោះរូបភាព​ ឬវីដេអូ ដែល​មាន​លក្ខណៈកេង​ប្រវ័ញ្ច​ឬធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម​ និង​ក្រម​សីលធម៌​ ឬគោលការណ៍​សុវត្ថិភាព​កិច្ច​​ការ​ពារកុមារ​ ដល់អាជ្ញាធរ​មាន​សមត្ថកិច្ច​ ”៕​

អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍