ក្រុម​​ការ​​ងារ​​នឹងចុះ​​​​​ពិ​និត្យ​ភាព​​មិន​​ប្រ​ក្រ​តី​​នៃ​​​ការ​​អនុវត្ត​​គម្រោង​​មូល​និ​ធិ​​​ឃុំ​​​​ក្នុង​​ខេត្ត​​កំ​ពង់​​ឆ្នាំង​

ដោយៈ

Press Start Cambodia Avatar

អាជ្ញាធរខេត្ត​កំពង់​ឆ្នាំង​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ចំពោះ​កិច្ចមួយ​​ ដើម្បី​​​ត្រួត​ពិនិត្យ​​​គម្រោង​មូល​និធិ​ឃុំ​សង្កាត់​នៅក្នុង​​ខេត្ត​កំពង់​ឆ្នាំង​ទាំង​មូលនិង​ភាព​មិន​ប្រក្រ​តី​ នៃ​ការ​អនុវត្ត​គម្រោង​​មូលនិធិ​ឃុំ​ចំនួន​៦ បន្ទាប់ពី​ក្រសួង​មហាផ្ទៃរក​ឃើញ​ភាព​មិន​ប្រក្រតី ​នៃដំណើរ​ការ​រៀបចំ​និង​អនុវត្ត​មូលនិធិ​ឃុំសង្កាត់​ក្នុង​ខេត្ត​នេះ​​។​

នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៦នេះ​ លោក ស៊ុន សុវណ្ណារិទ្ធិ ​អភិបាល​ខេត្តកំ​ពង់​ឆ្នាំ​ង​បាន​ចេញ​លិខិត​បង្គាប់​ការ​​ចាត់តាំង​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​ ដែល​មាន​សមា​សភាព​ចំនួន​១៤​រូប ​ហើយ​ក្រុម​ការ​ងារ​នេះ មាន​ភារកិច្ច​ចុះ​ពិនិត្យ​ និង​ស្រាជ្រាវ​អំពី​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​ទឹកហូតនៃ​ស្រុក​រលាប្អៀរ ឃុំ​មេលំនៃស្រុក​បរិបូណ៌​ ឃុំចោងម៉ោង​ នៃស្រុក​ទឹកផុស​ ឃុំសេដ្ឋី នៃស្រុក​សាមគ្គីមាន​ជ័យ​ ឃុំលង្វែក​ នៃស្រុក​កំពង់​ត្រ ឡាច​ និ​ងគម្រោង​មូល​និធិ​ឃុំ​ សង្កាត់នៅ​ទូទាំង​ខេត្ត​កំ​ពង់​​ឆ្នាំង​។

លិខិត​បង្គាប់​ការ​​ដដែល​បញ្ជាក់ទៀត​ថា ក្រុម​ការ​ងារ​ចំពោះកិច្ច​នេះ​នឹង​ត្រួត​ពិនិត្យ​​ការ​អនុវត្ត​តួនាទីនិងភារ កិច្ច​របស់​មន្ត្រីរាជការ​ សមាជិក​ក្រុម​ប្រឹក្សា​ស្មៀន​ឃុំ សង្កាត់​ឬអ្នក​ទទួល​ការ​ងារ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ប្រមូល​ព័ត៌មាន​និង​ធ្វើ​របាយ​ការណ៍​អំពី​លទ្ធផល​ជូន​ក្រសួង​មហាផ្ទៃ​។

ជុំវិញ​ភាពមិន​ប្រក្រតី​នៃ​​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​ សង្កាត់​នេះដែរ នៅ​ថ្ងៃទី​១២ ខែ​សីហា អភិបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ចាត់​វិធានការ​ដាច់ដោយឡែក​មួយទៀត​ដោយ​ចេញ​ដីកា​បញ្ចប់មុខតំណែង​មន្ត្រី​សាលាខេត្ត​ចំនួន​២​រូប​ គឺ​​​លោក​ ហង្ស ពិសី ពី​នាយក​ទីចាត់​ការ​ផែនការ​ និង​វិនិយោគ​សាលាខេត្ត​ និងលោក​ វ៉ាន់​ ថេន ពី​នាយក​ទីចាត់​ការ​អន្តរវិស័យ​សាលាខេត្ត​ មកជា​មន្ត្រី​ការិយាល័យ​គ្រប់​គ្រង​​​បុគ្គលិក ​នៃ​ទីចាត់​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​សាលាខេត្ត​កំពង់​ឆ្នាំងដូចគ្នា​​។​​

ចំណាត់​ការ​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​ពីលោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បានបញ្ជា​​ឱ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើលភាព​មិន​ប្រក្រតី នៃការ​អនុវត្ត​គម្រោង​មូលនិធិ​នេះ អំឡុង​ពេល​លោក​ថ្លែងក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សមិទ្ធផល​នានា​ នៅក្រុង​ស្ទឹងត្រែង​ ខេត្ត​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃពុធ ​និង​បន្ទាប់ពីការ​​រក​ឃើញ​របស់​ក្រ​សួ​ង​​មហាផ្ទៃ​អំពី​​ភាព​មិន​ប្រក្រ​តី​នៅក្នុង​ការ​អនុវត្ត​គម្រោង​មូលនិធិ​របស់​រដ្ឋ​បាល​ឃុំ​ចំនួន​៥​ នៃ​ខេត្ត​កំពង់​ឆ្នាំង ក្នុង​នោះ​ក៏​មាន​​​រដ្ឋ​បាល​ឃុំទឹកហូត​ ស្រុក​រលាប្អៀរ​ផងដែរ​។​

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​​ចុះថ្ងៃទី​១២​ ខែ​សីហា​​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ចាត់​វិធានការ​ជា​បន្ទាន់​លើ​មន្ត្រីពាក់​ព័ន្ធ​ក្នុង​ការ​រៀប​ចំ​ និង​អនុវត្ត​គម្រោង​មិន​បាន​ត្រឹម​ត្រូវ​ និង​ចាត់វិធាន​ការ​វិន័យ​ឬ​ទណ្ឌកម្ម​ម៉ឺងម៉ាត់បំផុត​តាម​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្តជាធរមាន។​​​

គួររំឭក​ថា កាល​ពីពេល​ថ្មីៗនេះ មាន​ការរិះគន់​​ពីសាធារណជន​​ជា​ច្រើន​ បន្ទាប់ពី​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញសង្គម​ពាក់​ព័ន្ធនឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​រៀប​ចំនិង​​អនុវត្ត​គម្រោង​មូល​និធិ​របស់​រដ្ឋ​បាល​ឃុំ​ទឹកហូត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពុង​ឆ្នាំង​ ដែល​ក្នុង​នោះ មានការ​ចោទប្រកាន់​ថា បង្គោល​បំពាក់​អំពូល​សូឡា​១​ដើម​ មាន​​តម្លៃរហូត​ដល់​៨​លាន​រៀល​៕​

អត្ថបទដោយ៖ គាម សោភណ្ឌ​

អត្ថបទគួរឱ្យចាប់អារម្មណ៍