រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” ដើម្បីជំរុញនិងប្រែក្លាយប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិនិយោគិន សាកលវិទ្យាល័យ សហគ្រិន និងតំណាងវិស័យឯកជនមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ធុរកិច្ចថ្មី ដែលភាសាអង់គ្លេសហៅថា Startup មានលក្ខណៈខុសសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ ដោយសារធុរកិច្ចថ្មីប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅនិងសម្បូរបែប មានសក្តានុពល និងកាលានុវត្តភាពក្នុងការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមទៀតថា ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រជាតិនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវនិងផ្តល់មាគ៌ាច្បាស់លាស់សម្រាប់ក្រសួង ស្ថាប័ននិងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាឱ្យកាន់តែប្រសើរ បរិយាបន្ន និងចីរភាព។
ជាមួយគ្នានេះដែរ យុទ្ធសាស្ត្រជាតិនេះ បានកណត់សូចនាករសមិទ្ធកម្មសំខាន់ចំនួន៤ សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០) ក្នុងនោះមាន ១. សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនឹងត្រូវចាកចេញពីប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើង ២. ចំនួនធុរកិច្ចថ្មី ដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីចំនួន ៣០០ ៣. ចំនួនធុរកិច្ចថ្មី ដែលទទូលបានការវិនិយោគមានចំនួន១០០ និង ៤. ទំហំវិនិយោគលើធុរកិច្ចថ្មីមាន ៣០លានដុល្លារអាមេរិក៕
អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

