រយៈពេល២ថ្ងៃនៃការប្រឡងបាក់ឌុប ក្រសួង​រក​ឃើញ​ករណី​ល្មើស​បទប្បញ្ញត្តិ​ជិត ២០​ករណី

ដោយៈ

Press Start Cambodia Avatar

កា​រប្រឡងសញ្ញបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ដែលមានរយៈពេល២ថ្ងៃ នៅ​ថ្ងៃ​ទី១០-១១ ខែសីហា ឆ្នាំ​២០២៦ ​បាន​​​​ដំណើរការ​ដោយរលូន និង​បញ្ចប់​​ជាស្ថាពរ ក្នុង​នោះ ក្រសួង​អប់រំ បាន​រកឃើញ​ករណី​ល្មើស​បទ​ប្បញ្ញត្តិជិត ២០ករណី ខណៈបេក្ខជន​អវត្ត​មាន​មានជាង ១៣០០នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅ​​ថ្ងៃទី​១១ ខែសីហា បានឱ្យដឹងថា ក្នុង​​ឆ្នាំ​សិក្សា ២០២៥-២០២៦នេះ មាន​បេក្ខជន​ដែលបានចូលរួម​ប្រឡង​សរុបចំនួន ១៥១ ២៣៨នាក់ ក្នុងនោះ​មាន​បេក្ខជន​ថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ និង​បេក្ខជនថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១១៣ ៧៩៣នាក់ នៅមណ្ឌល​ប្រឡង​ទូទាំងប្រទេស​ចំនួន ២៤៤មណ្ឌល។

ប្រភពដដែល​បន្តថា ក្នុង​ចំណោម​បេក្ខជន​ប្រឡងសរុប ១៥១ ២៣៨នាក់ មានបេក្ខជនចំនួន ១ ៣៥២នាក់ ស្មើនឹង ០,៨៩ ភាគរយ បាន​អវត្តមាន។ បេក្ខជនមានបញ្ហា​សុខភាព ២៦៧នាក់ ក្នុងនោះបោះបង់ការប្រឡង​ ១៨នាក់ បេក្ខជន​​មានជំងឺគ្រុនឈាម ៦៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ១០នាក់។

ជាមួយគ្នានោះ ក្រសួងអប់រំ ក៏បានរកឃើញករណីល្មើស​បទបញ្ញាត្តិនៃការប្រឡងចំនួន ១៩ករណី​ផងដែរ​​ រួម​មាន​​ ការដកហូតឧបករណ៍អេឡិចត្រូនិច​​​ហាមឃាត់​ចំនួន ១២ ករណី ដែលបេក្ខជន​​មាន​វ៉ែនតា​ឆ្លាត​វៃ​ភ្ជាប់ទូរសព្ទ​​ដៃ ទូរសព្ទវៃឆ្លាត និងនាឡិកាឆ្លាតវៃ ខណៈ​​​គណៈកម្មការមាន​ចំនួន ៧ ករណី​ ក្នុងនោះ មាន​ទូរសព្ទ​ឆ្លាត​វៃ និង​នាឡិកាឆ្លាតវៃ។​ ពាក់ព័ន្ធទៅនឹងករណី​នាំ​យ​ក​ឧបករណ៍​អេឡិចត្រូនិកចូល​មណ្ឌល​ប្រឡង​នេះ​ ក្រសួង​​នឹងចាត់វិធានការតាមគោលការណ៍ជាធរមាន។

ទោះជា​យ៉ាងណា ក្រសួង​បាន​គូសបញ្ជាក់ថា ដំណើរ​ការ​សំណេរ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សភាព​ស្ងប់ស្ងាត់ និង​​របៀបរៀបរយ​ល្អ។

ក្រសួងថា៖ «ជារួម ដំណើរការសំណេរនៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​៖ ២០ សីហា ២០២៦ បានប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ និង​ស្របតាម​គោលការណ៍ អ្នកចេះគឺជាប់»។

មុនការប្រឡង ពោលគឺ​នៅ​​ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ​២០២៦ ក្រសួង​អប់រំ បាន​អំពាវនាវ​រួចហើយ​ដល់​បេក្ខជន​​ទាំង​​អស់ ត្រូវ​​គោរព​បទប្បញត្តិ​នៃការ​ប្រឡង​ឱ្យ​បានម៉ឹង​ម៉ាត់ ជា​ពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ទូរស័ព្ទ​ដៃ នាឡិកា​ឆ្លាត​វៃ វ៉ែនតា​ឆ្លាត​វៃ ឧបករណ៍​អេឡិច​ត្រូ​និក​គ្រប់​ប្រភេទ ឬសំណៅឯកសារ​ផ្សេង​ៗ​ ចូល​ក្នុ​ងមណ្ឌល​ប្រឡង​ឬ​បន្ទប់ប្រឡង​ជា​ដាច់ខាត។

សម្រាប់លទ្ធផលនៃការ​ប្រឡង ក្រសួងអប់រំ គ្រោង​នឹង​ប្រកាស​នៅថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៦៕

អត្ថបទដោយ៖ គង់ សុខណា

អត្ថបទគួរឱ្យចាប់អារម្មណ៍