ក្រសួងអំពាវនាវ​ដល់​​​​​បេក្ខជន​ប្រឡង​បាក់ឌុបទាំង​​​ជាង១៥ម៉ឺន​នាក់ ត្រូវ​គោរព​បទប្បញ្ញតិ្ត​នៃការ​ប្រឡង

ដោយៈ

Press Start Cambodia Avatar

ក្រសួង​អប់រំ យុវជន និងកីឡា បានអំពាវនាវ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ ឬ​ប្រឡង​​​បាក់ឌុប ដែលបានចុះឈ្មោះជាង ១៥ម៉ឺននាក់ នៅទូទាំងប្រទេស ត្រូវ​គោរព​បទប្បញ្ញត្តិ​ និងវិន័យ​នៃ​ការ​ប្រឡង​ឱ្យ​បានម៉ឺងម៉ាត់ ដើម្បីជៀស​វា​ងការ​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

​ការ​អំពាវនាវ​នេះ បានធ្វើឡើង​តាមរយៈសេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៥ ខែ​សីហា ស្តីពី ការ​ប្រឡង​សញ្ញ​បត្រ​មធ្យម​សិក្សាទុ​តិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​១០ ខែ​សីហា​ ឆ្នាំ​២០២៦។

ក្រសួ​ងអប់រំ បាន​លើកឡើងថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែលមានដំណើ​ការ​សំណេរ​រយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី​១០ និងទី​១១ ខែ​សីហា មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៥១ ២៣៨នាក់ ក្នុងនោះមានស្រី ៨៤ ៧៣៥នាក់ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន ២៤៤មណ្ឌល​ ស្មើនឹង ៦ ១០៤ បន្ទប់ នៅទូទាំង​​ប្រទេស។​

ស្របពេលគ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំង​អស់ ត្រូវ​គោរព​បទប្បញត្តិ​នៃការ​ប្រឡង​ឱ្យ​បានម៉ឹង​ម៉ាត់ ជា​ពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ទូរស័ព្ទ​ដៃ នាឡិកា​ឆ្លាត​វៃ វ៉ែនតា​ឆ្លាត​វៃ ឧបករណ៍អេឡិច​ត្រូ​និក​គ្រប់​ប្រភេទ ឬសំណៅឯកសារ​ផ្សេង​ៗ​ ចូល​ក្នុ​ងមណ្ឌល​ប្រឡង​ឬ​បន្ទប់ប្រឡង​ជា​ដាច់ខាត។ ក្រសួង​បានសង្កត់ធ្ងន់​​ថា បេក្ខជន​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទប្បញត្តិ​ និងកម្រិត​វិន័យ នឹង​ត្រូ​វកំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

ក្រសួង​អប់រំ បាន​គូស​បញ្ជាក់ថា៖ «ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​​ប្រឡង៖ ១០ សីហា ២០២៦ នឹង​ប្រព្រឹត្តទៅ​ដោយ​ឈរ​លើគោល​ការណ៍​ ច្បាប់ យុត្តិ​ធម៌​ តម្លាភាព និង​លទ្ធ​ផល​ទទួលបាន​ ពោលគឺ​អ្នកចេះ គឺជាប់»។

ជាមួយគ្នានេះ ក្រសួង​អប់រំ ក៏​បាន​សហការ​ជាមួយ​ក្រសួ​ងមហាផ្ទៃ ក្រសួ​ងសុខាភិបាល កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អគ្គិសនី​កម្ពុជា និង​សហភាព​សហព័ន្ធយុវជនកម្ពុជា ដើម្បីធានា​សន្តិសុខ ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​របៀប​រៀប​រយ​តាម​មណ្ឌល​ប្រឡង​ ព្រមទាំង​ធានា​សុខ​ភាព​របស់​​គណៈ​មេ​ប្រយោគ គណៈ​កម្មការ​ និងបេក្ខជនផង​ដែរ។

សម្រាប់កាលបរិច្ឆេត​នៃ​ការ​ប្រកាស​លទ្ធ​ផល​ប្រឡង​ នឹង​ធ្វើឡើង​នៅថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៦ នៅតាម​មណ្ឌល​​សំណេរ​​នៃទូទាំង​​រាជធានី​-ខេត្ត​ទាំង​២៥៕

អត្ថបទដោយ៖ ឈាង គឹមលាង

អត្ថបទគួរឱ្យចាប់អារម្មណ៍