សកម្មជនព្រៃឈើចាត់ទុកការអញ្ជើញឱ្យចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងនៅក្រសួងបរិស្ថាន ជុំវិញការផ្សព្វផ្សាយអំពីការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ គឺជារឿងល្អប្រសើរ ខណៈអ្នកឃ្លាំមើលស្នើឱ្យក្រសួងបង្កើតបរិយាកាសល្អសម្រាប់ការចូលរួមរបស់សាធារណជនទូទៅ។
កាលពីថ្ងៃទី៣០ ខែកក្កដា មេធាវីតំណាងដោយអាណត្តិរបស់ក្រសួងបរិស្ថានបានចេញលិខិតអញ្ជើញលោក ម៉ា ចិត្រា ឱ្យចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងបន្ថែមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានផ្សាយវីដេអូមួយកាលពីថ្ងៃទី២៦ ខែកក្កដា ដោយចោទប្រកាន់ថា មានបុគ្គលមួយចំនួនរួមទាំងសាច់ញាតិរបស់មន្ត្រីបរិស្ថានផង បានធ្វើសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ ក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងបរិស្ថានក្រោយជំនួបជាង២ម៉ោងកាលពីរសៀលថ្ងៃចន្ទ លោក ម៉ា ចិត្រា បានចាត់ទុកការអញ្ជើញចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងពាក់ព័ន្ធនឹងវីដេអូ ដែលលោកបានផ្សាយកន្លងទៅនេះ គឺជារឿងល្អប្រសើរ ហើយថា វាមិនមានការដាក់សម្ពាធទេ ប៉ុន្តែជាការពិភាក្សាគ្នាអំពីអង្គហេតុដែលបានកើតឡើង។
លោក ចិត្រា និយាយថា៖ “មិនមានគំនាបទេ។ អ្វីដែលសំខាន់មួយទៀត គឺខាងក្រសួងបរិស្ថានគាត់បានផ្តល់ជាមេធាវីក្នុងករណីទៅការពារព្រៃឈើមានបញ្ហា”។
ទោះបីជាយ៉ាងណា លោកបានសម្តែងការសោកស្តាយនៅពេលឃើញបទល្មើសកាប់បំផ្លាញព្រៃឈើបន្តកើតឡើងហើយថា សកម្មភាពបែបនេះមិនគួរឱ្យកើតមានទៀតទេ ទោះក្នុងរូបភាពតូចតាចក៏ដោយ ដោយលោកស្នើឱ្យក្រសួងចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ឱ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ន។
លោក ចិត្រា និយាយទាំងអួលដើមកថា៖ “ទាហានសុខចិត្តស្លាប់ ដើម្បីការពារព្រំដែន ចឹងហេតុអ្វីយើងក្នុងនាមជាប្រជាពលរដ្ឋ ហេតុអ្វីបានជាយើងមិនអាចចូលរួមការពារព្រៃឈើបាន…ខ្ញុំយំនេះមិនមែនដោយសារខ្ញុំកំសាកទេ [ប៉ុន្តែ] ខ្ញុំយំដោយសារខ្ញុំអាណិតបងប្អូននៅព្រំដែន ”។ លោកបន្តថា៖ “ខ្ញុំលើកទឹកចិត្តឱ្យប្អូនៗយើង យុវជន NGO ឬក៏មន្ត្រីរាជការល្អៗ យើងបន្តបេសកកម្មរបស់យើង ចូលរួមការពារព្រៃឈើទាំងអស់គ្នា”។
ជុំវិញរឿងនេះ លោក សាន់ ម៉ាឡា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ ដែលបានចូលរួមឃ្លាំមើលនៅមុខក្រសួងបរិស្ថាន យល់ឃើញថា ការអញ្ជើញនេះ គឺជារូបភាពថ្មី ដែលអាចជាក្ដីព្រួយបារម្ភចំពោះអ្នកការពារព្រៃឈើផងដែរ។ លោកថា ក្រសួងគួរផ្ដល់ការលើកទឹកចិត្ត និងជួយគាំពារដល់អ្នកស្រលាញ់ និងការពារព្រៃឈើ។
លោកនិយាយថា៖ “ខ្ញុំយល់ឃើញថា អ្នកដែលគាត់ក្លាហានរាយការណ៍ពីបទល្មើសព្រៃឈើ គួរតែត្រូវបានលើកទឹកចិត្ត កោតសរសើរ ហើយជាពិសេសក្រសួងគួរស្វែងរកមធ្យោបាយណាមួយ ដើម្បីផ្ដល់នូវភាពកក់ក្ដៅនិងសុវត្ថិភាព ហើយបង្កបរិយាយកាសល្អ សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលោក ម៉ា ចិត្រា”។
ស្រដៀងគ្នានេះ លោក ម៉ើ ចាន់ដារ៉ា នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា បានឲ្យដឹងថា ជាមួយនឹងកិច្ចសហការពីក្រុមអ្នកការពារបរិស្ថាន ក្រសួងគួរតែវែកមុខអ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ និងចាត់វិធានការតាមផ្លូវច្បាប់ប្រកបដោយតម្លាភាព។
លោកនិយាយថា៖ “ខ្ញុំស្នើសុំទៅក្រសួងបរិស្ថានជាពិសេស ធ្វើបែបមិចស្រាវជ្រាវវែកមុខជន ដែលបានប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ និងបរិស្ថានឲ្យបានតម្លាភាព និងចាត់វិធានការផ្លូវច្បាប់ស្វែងរកអ្នកពាក់ព័ន្ធរុញទៅតុលាការ ”។
ភ្លាមៗក្រោយពីជំនួបនេះ ក្រសួងបរិស្ថានក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រសួងគាំទ្រ និងពង្រីកកិច្ចសហការជាមួយអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។
សារដដែលនេះបានដកស្រង់ប្រសាសន៍របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា៖ “កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ”៕
អត្ថបទដោយ៖ ធួន ស្រីពៅ

