ធនាគារជាតិ នៃកម្ពុជាជូនដំណឹងដល់អតិថិជន ដែលមានប្រាក់បញ្ញើនៅធនាគារចំនួនបី ឱ្យរៀបចំឯកសារ ដើម្បីស្នើសុំដកប្រាក់ បន្ទាប់ពីសម្រេចដកហូតអាជ្ញាបណ្ណនិងដាក់ឱ្យជម្រះបញ្ជី។
តាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនចំនួនពីរជាអ្នកជម្រះបញ្ជីផ្លូវការ ដោយក្នុងនោះ ក្រុមហ៊ុន រិចឆ៍ & ផាតនើរ ទទួលបន្ទុកជម្រះបញ្ជីធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកទទួលបន្ទុកជម្រះបញ្ជីធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក បន្ទាប់ពីសម្រេចដកហូតអាជ្ញាបណ្ណធនាគារទាំងបីនេះ។
សេចក្តីជូនដំណឹងដដែលនេះ ក៏បានណែនាំដល់អតិថិជនដែលមានប្រាក់បញ្ញើ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវទូទាត់ជូនតាមលំដាប់អាទិភាពដែលកំណត់ដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ដោយឡែក ចំពោះអ្នកខ្ចីប្រាក់វិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យាជាប្រក្រតី។
សេចក្តីជូនដំណឹងបន្ថែមទៀតថា ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តការជម្រះបញ្ជីនេះ ដើម្បីការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជនធនាគារផងដែរ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជាក៏បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ (Morisonkak MKA) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ក្រោយពីលោក ចេន ហ្ស៊ី ជាស្ថាបនិក ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិនពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា និងដាក់ឱ្យស្ថិតក្រោមការជម្រះបញ្ជីដោយក្រុមហ៊ុនម៉ូរីសុនកាក់នេះដូចគ្នា ដោយអះអាងថា ស្ថានភាពហិរញ្ញវត្ថុនៃធនាគារនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត៕
អត្ថបទដោយ៖ តែម ស្រីណុច

