លោក​នា​យក​​រដ្ឋមន្ត្រី​​ណែ​នាំ​​ឱ្យ​​ស្ថា​ប័ន​​ពាក់​​ព័ន្ធ​​ត្រៀម​​​មធ្យោ​បាយ​​ចាំ​បាច់​​​ ដើម្បី​ឆ្លើយ​តប​​នឹង​​បាតុ​ភូត​អែល​នី​ញ៉ូ​​

ដោយៈ

Press Start Cambodia Avatar

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ណែនាំ​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​សហការគ្នា​​ត្រៀ​ម​​​​នូវ​​​មធ្យោ​បា​យ​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅនឹង​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ ​ដែល​​បង្ក​ឱ្យ​មាន​ស៊ី​​តុណ្ហភាព​ក្តៅ​ខ្លាំង​ ​និង​គ្រោះរាំង​​ស្ងួត។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គគណៈរដ្ឋ​មន្ត្រី​កាល​ពីថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៦​ បាន​ឱ្យ​ដឹងថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បានណែនាំ​ឱ្យ​​​ក្រសួង​ធនធាន​ទឹក​សហការជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ក្រ​សួង​ ស្ថាប័ន​និង​រដ្ឋបាល​រាជធានី ខេត្ត​បន្តតាម​ដាន​ការវិវត្តន៍ និង​ផ្សព្វផ្សាយ​ជា​ប្រចាំឱ្យ​ពល​រដ្ឋ​​បាន​ដឹងអំពី​ផល​វិបា​ក នៃបម្រែបម្រួល​អាកាសធាតុ​និង​ត្រៀម​មធ្យោបាយ​ចាំបាច់​ ​ដើម្បី​អន្ត​រា​គមន៍​ និង​​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​​ក្នុង​ករណីចាំបាច់។

​លោក​នាយករដ្ឋមន្ត្រីក៏បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម​​ រុក្ខាប្រមាញ់​ និង​នេសាទ​សហ​ការជា​មួយ​​​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ត្រៀម​​​បំរុង​ស្បៀង​សម្ភារៈនានា​ជួយ​ដល់​ប្រជា​កសិករ​ដែល​​រងផលប៉ះពាល់​ឱ្យ​បាន​ទាន់​ពេលវេលា ខណៈក្រសួង​សុខាភិបាល​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អំពី​វិធានការ​ការ​ពារខ្លួន​ពីផលប៉ះពាល់​។​ ដោយឡែក ​ក្រសួង​រ៉ែនិង​ថាមពល​ ត្រូវ​ត្រៀម​ថាម​ពល​អគ្គិសនី​ ដើម្បីផ្គត់ផ្គង់​ជូន​ប្រជា​ពលរដ្ឋ​។​

សេចក្តី​ប្រកាស​ព័ត៌មានក៏បាន​ឱ្យដឹង​ផងដែរថា ក្រ​សួង​ធនធានទឹក​បាន​ដាក់​ចេញនូវ​វិធាន​ការ​និង​ការ​ត្រៀម​លក្ខណៈមួយចំនូន​​ ដើម្បីឆ្លើយ​តប​ទៅនឹង​បាតុភូត​អែលនីញ៉ូនេះ​ ដូចជា​ការ​ជួសជុល ស្តារ​និង​ថែទាំប្រព័ន្ធ​ធារាសាស្ត្រ និង​ស្ថានីយជលសាស្ត្រ​និងឧតុនិយម​​ ការ​គ្រប់គ្រង​និង​អភិរក្សប្រ​ភពទឹក​ ត្រៀម​លក្ខណៈអន្ត​រា​គមន៍បន្ទាន់ ផ្សព្វផ្សាយការ​យល់ដឹង ​​សហ​ប្រតិបត្តិការ​ជា​មួយ​ក្រសួងនិង​​ស្ថាប័ន​ពាក់​ព័ន្ធ។​

សេចក្តីប្រកាសព័ត៌មាន​ដដែលបន្ថែម​ទៀត​ថា គិត​ត្រឹម​២០២៥ កម្ពុជាមាន​ប្រ​ព័ន្ធ​​ធារាសាស្ត្រ​​សរុប​ចំនួន​ ២៣៥៤ ប្រព័ន្ធ​ ដែល​មាន​លទ្ធភាព​ស្រោច​ស្រព​បាន​ប្រមាណ​ចំនួន ​២ ០០៦ ៧២២​ហិកតា ក្នុងនោះ​ស្រូវ​វស្សា​ ១ ៤០៤ ៧៩១ហិកតា និង​ស្រូវ​ប្រាំង ៦០១ ៩៣១​ហិកតា និង​ដំណាំ​រួម​ផ្សំចំនួន​ ១២ ២៤២ ​ហិកតា​។​ ដោយ​ឡែក​ គិត​ត្រឹម​ឆមា​ស​ទី​១ ឆ្នាំ​​២០​២៦​ កម្ពុជា​មាន​អាងស្តុក​ទឹក​ចំនួន ១ ៦៥៩អាង ដែល​មាន​សមត្ថ​ភាព​​ស្តុក​ទឹក​​អតិបរមា​ប្រ​មាណ​ ៤០០០​លាន​ម៉ែត្រ​គូប៕

អត្ថបទដោយ៖ តែម ស្រីណុច​

អត្ថបទគួរឱ្យចាប់អារម្មណ៍