លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងមានសេរីភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីទទួលបានការលើកលែងទោសចំពោះការហាមឃាត់ចាកចេញទៅក្រៅប្រទេសរយៈពេល៥ឆ្នាំ ខណៈនៅបន្តជាប់បម្រាមធ្វើនយោបាយ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់លើកលែងទោសចំពោះទោសបន្ថែមដល់លោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជារយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាទូទៅនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃសុក្រនេះ។
ព្រះរាជក្រឹត្យដដែលក៏បានបញ្ជាក់ផងដែរថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោសដាក់ពន្ធនាគារដល់លោក លោក កឹម សុខា អាយុ៧២ ម្តងរួចមកហើយ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងបានផ្តន្ទាទោសបន្ថែមដោយហាមឃាត់ការចាកចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ។
លោក ផែង ហេង ជាសហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានបញ្ជាក់ប្រាប់ Press Start Cambodia នៅល្ងាចថ្ងៃសុក្រនេះថា លោក កឹម សុខា ពិតជាទទួលបានការលើកលែងទោសបន្ថែមចំពោះបម្រាមចេញទៅក្រៅប្រទេសមែន ប៉ុន្តែថា ទោសបន្ថែមផ្សេងទៀតរួមទាំំងបម្រាមធ្វើសកម្មភាពនយោបាយនៅរក្សាដដែល។
លោក ផែង ហេង មានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ ខ្ញុំយល់ថា ដល់ពេលខ្មែររួបរួមគ្នា ចឹងហើយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ឯកឧត្តម កឹម សុខា គួរតែត្រូវបានលើកលែងទាំងស្រុងសម្រាប់ឯកឧត្តម កឹម សុខា មានឱកាសក្នុងការចូលរួមបម្រើជាតិ ការពារទឹកដី អធិបតេយ្យជាតិតាមដែលអាចធ្វើបាន” ។
ស្រដៀងគ្នានេះដែរ លោកស្រី ម៉េង សុភារី ជាសហមេធាវីការពារក្តីម្នាក់ទៀតក៏បានបង្ហោះព្រះរាជក្រឹត្យដដែលលើទំព័រហ្វេសប៊ុករបស់លោកស្រីផ្ទាល់នៅល្ងាចថ្ងៃសុក្រដោយសរសេរថា លោក កឹម សុខា មានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសបាន ចាប់ពីថ្ងៃព្រះមហាក្សត្រឡាយព្រហស្ថលេខាតទៅ។
លោក កឹម សុខា ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនកាលពីរំលងអាធ្រាត្រក្នុងខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ថា បានត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ គណបក្សរបស់លោក ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ៕

