អង្គការសង្គមស៊ីវិល និងសមាគមសារព័ត៌មានចំនួន ១៦ស្ថាប័ន ចេញលិខិតចំហជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ស្នើសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់អ្នកសារព័ត៌មាន ២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ។
ក្នុងលិខិតចំហរបស់អង្គការ-សមាគមជាតិ និងអន្តរជាតិចំនួន១៦ ដែលអង្គការសិទ្ធិមនុស្សលីកាដូយកមកផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ពួកគេមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចនាពេលថ្មីៗនេះ របស់តុលាការទៅលើអ្នកសារព័ត៌មានពីរនាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល ១៤ឆ្នាំ ពីបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។
លិខិតចំហរ បន្តថា នេះជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុត ចំពោះអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងបង្កឱ្យមានក្តីកង្វល់យ៉ាងខ្លាំងអំពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការប្រើប្រាស់ច្បាប់ស្តីពីសន្តិសុខជាតិមកលើអ្នកសារព័ត៌មាន ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុវត្តអនុសាសន៍ដែលខ្លួនបានទទួលយក ក្នុងអំឡុងពេលនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR) ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
ការណ៍នេះ អង្គការ សមាគមទាំងនោះ បានស្នើថា៖ «យើងខ្ញុំទាំងអស់គ្នាសូមស្នើសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាស្នើសុំព្រះមហាក្សត្រលើកលែងទោសដល់អ្នកសារព័ត៌មានទាំងពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យមានសេរីភាពបានជួបជុំក្រុមគ្រួសារសាច់ញាតិ និងកូនតូចៗជាទីស្រឡាញ់របស់ពួកគាត់វិញ និងអាចឱ្យពួកគាត់ទាំងពីរបន្តការងារជាអ្នកសារព័ត៌មានបន្តទៀត»។
អង្គការសង្គមស៊ីវិល និងសមាគមទាំង១៦នោះ មានដូចជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) និងសមាគមអ្នកសារព័ត៌មានទីម័រខាងកើត(AJTL)ជាដើម។
អ្នកសារព័ត៌មានទាំង ២រូប លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានសាលាដំបូងខេត្តសៀមរាប ផ្តន្ទាទោសឱ្យជាប់ពន្ធធនាគារ ១៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាប ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូល ក៏បានសម្រេចតម្កល់សាលដីកាទុកជាបានការដដែល។
នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកស្រី ឆន សុគន្ធា មានប្រសាសន៍ថា ការដែលសង្គមស៊ីវិល ចេញលិខិតចំហរនេះ ដោយសារតែសំណុំរឿងនេះ តុលាការកំពូលដែលជាតុលាការជាន់ខ្ពស់ បានសម្រេចក្តីដោយផ្តន្ទាទោសអ្នកសារព័ត៌មានទាំងពីររូបនេះហើយ ដូច្នេះតាមរដ្ឋធម្មនុញ្ញមានតែនាយករដ្ឋមន្ត្រីទេ ដែលមានបុព្វសិទ្ធិ ក្នុងការស្នើសុំទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសទៅដល់អ្នកសារព័ត៌មានទាំងពីររូបនេះបាន។
លោកស្រីថា៖ «ដោយសារទី១ យើងយល់ថា មានតែនាយករដ្ឋមន្ត្រីទេ ដែលគាត់មានសិទ្ធិនៅក្នុងការស្នើសុំការលើកលែងទោស ឬក៏ការដោះលែង មានន័យថា គឺជាតួនាទី ឬក៏ជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ដែលគាត់ស្នើទៅព្រះមហាក្សត្រ ចឹងហើយបានជាខាងអង្គការសង្គមស៊ីវិលហ្នឹង យើងមានគំនិតនៅក្នុងការផ្តួចផ្តើម ឱ្យមានការដាក់លិខិតជាចំហរ ស្នើសុំទៅនាយករដ្ឋមន្ត្រី ដោយសារវាជាលើកទី១ហើយ ដែលមានអ្នកសារព័ត៌មានចំនួន២រូប ដែលគាត់រាយការណ៍ពាក់ព័ន្ធនឹងរឿងបញ្ហាព្រំដែនហ្នឹង ត្រូវដាក់ឱ្យជាប់ពន្ធនាគាររហូតដល់ទៅ ១៤ឆ្នាំ វាជាទោសមួយដែលធ្ងន់ធ្ងរ ហើយអត់ដែលមានទេសម្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា»។
លោកស្រី ឆន សុគន្ធ សង្កេតឃើញថា ចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដោយសារតែការឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ អ្នកសារព័ត៌មានក៏មានការប្រឈមខ្លាំងផងដែរ នៅពេលដែលពួកគេរាយការណ៍ព័ត៌មានបែបរស៊ើប ពាក់ព័ន្ធនឹងរឿងព្រំដែន ឬរឿងបទឧក្រិដ្ឋឆបោកតាមអនឡាញជាដើម។
អ្នកស្រីថា៖ «ចឹងនៅពេលដែលអ្នកសារព័ត៌មានដែលគាត់រាយការណ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឬក៏រឿងបញ្ហាឧក្រិដ្ឋកម្មតាមអនឡាញហ្នឹង វាទៅជាគោលដៅនៃការចាប់ ឬការចោទប្រកាន់តាមផ្លូវតុលាការ ចឹងវាធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតមានការខ្លាចរអា ហើយជាពិសេសវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសកម្ពុជាដែរ នៅពេលដែលមានការចាប់ ការចោទទៅដល់អ្នកសារព័ត៌មានដូច្នេះ»។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ការចេញលិខិតចំហររបស់អង្គការសង្គមស៊ីវិលនោះ ជាសិទ្ធិរបស់ពួកគេ ហើយលោកពុំអាចឆ្លើយតបទៅនឹងលិខិតចំហរនេះបានទេ ដោយសារតែមាននាយករដ្ឋមន្ត្រីទេ ដែលលោកមានបុព្វសិទ្ធិក្នុងការសម្រេច។
លោកថា៖ «តុលាការគឺជាស្ថាប័នឯករាជ្យ គាត់កាត់ក្តីទៅតាមច្បាប់ ការអនុវត្តច្បាប់ ហើយគេរកឃើញទោសគាត់ គេផ្តន្ទាទោសគ្រប់គ្នាចឹង ពលរដ្ឋគ្រប់គ្នាតែងតែនៅក្រោមច្បាប់ អាហ្នឹងចំណុចទី១។ ហើយចំណុចទី២ លិខិតចំហរដើម្បីអី ដើម្បីសុំលើកលែងទោស[…] ស្នើលើកលែងទោស មានតែអង្គព្រះមហាក្សត្រទេដែលលោកមានព្រះរាជសិទ្ធិក្នុងការលើកលែងទោស ហើយក្រោមសំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហើយរឿងហ្នឹង វាអត់មានអ្នកណាអត្ថាធិប្បាយបានទេ មានតែសម្តេចនាយករដ្ឋមន្ត្រី លោកសម្រេចយ៉ាងណាជារឿងរបស់គាត់ ហើយព្រះមហាក្សត្រលោកសម្រេចព្រះរាជហារទ័យយ៉ាងណា ក៏ជាព្រះរាជសិទ្ធិផ្តាច់មុខរបស់លោក»។
មាត្រា២៧ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាចែងថាព្រះមហាក្សត្រទ្រង់ មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ មានតែនាយករដ្ឋមន្រ្តីម្នាក់ប៉ុណ្ណោះដែលមានបុព្វសិទ្ធិ ស្នើព្រះមហាក្សត្រលើកលែងទោស ដោយយោងតាមមាត្រា៧៧ នៃច្បាប់ស្តីពី ពន្ធនាគារ។
លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និងលោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP68 TV Online ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយត្រឡប់ពីធ្វើបទយកការណ៍ពីបញ្ហាព្រំដែនវិញ។ មុនការចាប់ខ្លួន អ្នកសារព័ត៌មានទាំងពីរនេះ ត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានកម្ពុជានៅពីមុខប្រាសាទតាក្របី និងមានជាប់រូបគ្រាប់មីននៅខាងក្រោយ ហើយរូបភាពនោះ ត្រូវបានថតក្រោយពីបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រូបភាពទាំងនោះ ត្រូវបានគេយកបង្ហោះចែកចាយឡើងវិញ ដោយសារព័ត៌មានថៃ ដោយមានរូបភាពមីន នៅផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង។
យ៉ាងណា បើតាមលិខិតចំហររបស់អង្គការសង្គមស៊ីវិលទាំង១៦ ក្នុងអំឡុងពេលសវនាការនៅសាលាឧទ្ធរណ៍បាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក ផន សុភាព និងលោក ភាព ភារ៉ា បានប្រាប់តុលាការថា មុននឹងថតរូប ពួកគេបានសុំការអនុញ្ញាតពីកងទ័ពដែលឈរជើងនៅទីនោះ និងបានបង្ហាញបណ្ណសារព័ត៌មានចេញដោយក្រសួងព័ត៌មានដល់ទាហានផងដែរ។ ក្រោយមកពួកគេបានបង្ហោះរូបភាពដែលមានជាប់គ្រាប់មីននៅផ្ទៃខាងក្រោយនៅលើបណ្តាញសង្គម ដែលរូបភាពនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ យកទៅចុះផ្សាយយ៉ាងទូលំទូលាយ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងពីរ បានអះអាងប្រាប់តុលាការថា ពួកគេមិនមានចេតនាផ្តល់ព័ត៌មាន ឱ្យបរទេសឡើយ និងបានស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់នេះ៕
អត្ថបទដោយ៖ ជា ចិន

