តំណាងកម្ពុជា បានប្រាប់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ពីស្ថានភាពរបស់ជនភៀសសឹកជាង ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរារាំងពីសំណាក់យោធាថៃ ដោយថា នេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ស្តីពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋហ្វីលីពីន។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ តំណាងរងកម្ពុជាប្រចាំអាយឆា លោក ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងពីស្ថានភាពរបស់ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋាននៅឡើយ ដោយសារតែការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។
លោកបញ្ជាក់ថា៖ «ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
បើតាមសេចក្តីប្រកាសព័ត៌មាន តំណាងកម្ពុជារូបនេះ ក៏បានបញ្ជាក់ឡើងវិញពីកិច្ចព្រមព្រៀងឈប់បាញ់ចុះពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ ជាពិសេសចំណុច៤ ដែលចែងថា ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
លោក ប៉ា ប៉ុណ្ណារ៉ាដា ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព ហើយការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នាដោយអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនជាង ៦សែន៤ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន និងភូមិកររបស់ពួកគេ។ ហើយគិតមកដល់បច្ចុប្បន្ន នៅមានជនភៀសសឹកចំនួន ២ ០២៨១នាក់ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ បន្ទាប់ពីភូមិករ និងផ្ទះសម្បែងរបស់ពួកគេ ត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៕
អត្ថបទដោយ៖ ធី វណ្ណា

