កម្ពុជា និង FBI បន្តកិច្ច​សហ​ប្រតិប​ត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​​កម្ម​ឆ្លង​ដែន និងការ​​​ឆបោក​​តាម​​​ប្រព័ន្ធ​​បច្ចេក​​វិទ្យា

ដោយៈ

Press Start Cambodia Avatar

រាជ​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់​ងារ​ស៊ើបអង្កេ​ត​សហព័ន្ធ (FBI) បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិ​សុខ សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន កា​រជួញដូរ​គ្រឿង​ញៀន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយករ​ដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពី​ជំនួប​​ពិភាក្សា​ការ​ងារ និងសម្តែង​ការ​គួរសម​ រវាងលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែត និង​នាយក​ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក​​ Kash Patel នៅវិមាន​សន្តិភាព។

​ប្រភព​ដដែល បានឱ្យដឹង​ថា ក្នុង​ជំនួប​នោះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា កម្ពុជា និងសហ​រដ្ឋ​អាមេរិក មានកិច្ច​សហប្រតិបត្តិ​ការ​ល្អ​ប្រសើរ​ក្នុង​វិស័យ​សន្តិសុខ ព្រមទាំង​បាន​បញ្ជាក់​ជា​ថ្មី​នូ​វកា​រប្តេជ្ញា​ចិត្ត​​របស់​កម្ពុជា ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​គ្រឿ​ង​​ញៀន និង​កា​រឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។

ចំណែក លោក​​ Kash Patel បាន​ថ្លែង​ក្នុងជំនួប​នោះដែរថា ការ​ឆបោក​​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ មិនមែន​ជា​បញ្ហា​​ដាច់ដោយឡែក​របស់​ប្រទេស​ណាមួយ​ឡើយ ​ហើយ​គន្លឹះ​ដ៏សំខាន់​​ក្នុង​កា​រដោះស្រាយ​បញ្ហា​នេះ គឺ​កា​រប្តេ​ជ្ញា​ចិត្ត​ និងកិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ និង​សកល​លោក ដើម្បីរួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​នេះ ជំនួស​ឱ្យ​កា​រ​ដាក់បន្ទុក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ក៏បាន​បង្ហាញពីកា​រប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ក្នុងកា​របន្តកិច្ច​សហប្រតិ​បត្តិ​ការ​ គាំទ្រ​ និង​ធ្វើជា​ដៃ​គូជាមួយ​ស្ថាប័ន​​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

បើតាម​សេចក្តីប្រកាសព័ត៌មាន កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ​អន្តរជាតិ ស្តីពី ការប្រយុទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីរួម​ចំណែក​​ពង្រីង​​កិច្ច​សហប្រតិបត្តិ​​ការ​អន្តរ​​ជាតិ ក្នុ​ងការ​ដោះស្រាយ​បញ្ហា​ប្រឈម​តំបន់​ និង​សកល​លោក៕

អត្ថបទដោយ៖ ស៊ន មេសា

អត្ថបទគួរឱ្យចាប់អារម្មណ៍