កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយ​គាំទ្រ​ការ​​ការពារតំបន់ប្រាសាទព្រះវិហារ

ដោយៈ

Press Start Cambodia Avatar

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈកម្ពុជា អំពាវនាវ​ឱ្យមានការ​បន្តគាំទ្រ​ពីសហគមន៍​អន្តរ​ជាតិ ដើម្បី​​​​ការ​ពារ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដែលជាសម្បត្តិ​បេតិកភណ្ឌ​​ពិភព​​លោក ក្រោយ​​ពី​តំបន់នេះ រួមទាំង​ប្រាសាទ បាន​រង​នូវ​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​កា​រប៉ះ​ទង្គិច​​ប្រដាប់អាវុធ​កាលពីខែ​កក្កដា និ​ងខែ​ធ្នូ ឆ្នាំ​២០២៥។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ចុះ​ថ្ងៃទី​២២ ខែ​កក្កដា​ ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹងថា នៅក្នុ​ងកិច្ច​ប្រជុំ​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ លោក​ស្រី ភឿង សកុណា និ​ងគណៈ​ប្រតិភូ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណ​ជន សហគមន៍​អន្តរ​ជាតិ និង​មជ្ឈ​មណ្ឌលបេតិក​ភណ្ឌ​ពិភព​លោក ICOMOS ដែល​បាន​គាំទ្រ និង​ជួយ​​ជ្រោម​ជ្រែង​ដល់កិច្ចខិតខំប្រឹងប្រែង​អភិរក្ស​ និង​កា​រពារ​រមណីយដ្ឋាន​​ប្រាសាទ​ព្រះវិហារ។

ក្រសួង​បន្តថា ក្នុ​ងកិច្ចប្រជុំ​នោះ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កា​រប៉ះទង្គិច​​ប្រដាប់​អាវុធនៅ​តាម​ព្រំដែន​ក្នុង​អំឡុង​ខែកក្កដា និង​ខែ​ធ្នូ ​ឆ្នាំ២០២៥ បាន​បណ្តាលឱ្យ​បេតិកភណ្ឌ​ពិភព​លោក​​នេះ ទទួល​រង​កា​រខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់តម្លៃលេចធ្លោជាសកល (OUV) សុក្រឹត​​ភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋានប្រាសាទព្រះវិហារ ព្រមទាំងធ្វើឱ្យ​សហគមន៍​មូល​ដ្ឋាន​ នៅតែ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​​ទីលំនៅ និ​ងមិន​អាច​ចូល​ទៅកាន់​ទីសក្ការ​បូជា​ដែលជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ វប្បធម៌ ប្រពៃណី សាសនា និង​អត្ត​សញ្ញាណ​របស់​​ពួកគេ​​បាន​ជា​ធម្មជាតិ​នៅឡើយ។

ក្នុង​ហេតុ​ផលនេះ គណៈប្រតិភូកម្ពុជា បាន​អំពាវនាវ​ឱ្យ​មានការ​បន្ត​គាំទ្រ​​ពី​សហគមន៍​អន្តរ​ជាតិ ដើម្បីការ​ពារ​តំបន់រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា ក៏បាន​​អំពាវនាវ​ឱ្យ​ប្រទេសថៃគោរពច្បាប់អន្តរជាតិ និង​​ស្វែង​រក​​ដោះ​ស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការ​ព្រំដែន​រួម​កម្ពុជា​-ថៃ ស្រប​តាម​សេចក្តីថ្លែង​ការណ៍​រួម ចុះ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

បើតាម​​សេចក្តីប្រកាសព័ត៌មាន​របស់អាជ្ញាធរជាតិព្រះវិហារ ចុះថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៦ ឱ្យ​ដឹងថា វិនាស​កម្ម​ដ៏ធ្ងន់​ធ្ងរ​ ដែលបាន​បង្កក្នុងការ​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់អាវុធ​ក្នុងជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​ ​កាលពីឆ្នាំ​២០២៥ បាន​​​បន្សល់ទុក​នូវ​ការ​ខូចខាត​ធ្ងន់ធ្ងរដល់​ប្រាសាទ​ព្រះវិហារសរុប​ចំនួន ៥៦២កន្លែង និងបាន​បង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រមាណ ១៦ ០០០នាក់ ភៀសខ្លួន​ចេញពីលំនៅឋាន​​ក្នុង​តំបន់​បេតិក​ភណ្ឌ​ពិភពលោក ការ​​ខូច​ខាត​​ផ្ទះ​សម្បែង សាលារៀន មណ្ឌល​សុខ​ភាព​ វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈជា​ច្រើនទៀត៕

អត្ថបទ​ដោយ៖ ធី វណ្ណា

អត្ថបទគួរឱ្យចាប់អារម្មណ៍