កម្ពុជាធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃឈូសឆាយដីធ្វើផ្លូវថ្មីរំលោភចូលជ្រៅក្នុងទឹកដីកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ។
កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងធ្វើផ្លូវថ្មីចូលជ្រៅក្នុងទឹកដីកម្ពុជានៅចន្លោះបង្គោលព្រំដែនលេខ៨និងលេខ៩ និងបន្តឈូសឆាយនិងរាយបន្លាលួសនៅចន្លោះបង្គោលព្រំដែនលេខ១៩និងលេខ២០ ចន្លោះពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ និងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា បន្តបន្ទាប់គ្នានៅតំបន់តាទុំ ស្រុកអន្លង់វែង និងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រោងសំរោង ក្នុងខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងការបរទេសលើកឡើងថា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានកំណត់និងខណ្ឌសីមាតាមផែនទីខ្នាត១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្និសញ្ញាឆ្នាំ១៩០៧។
ក្រសួងការបរទេសកម្ពុជាបន្ថែមទៀតថា សកម្មភាពរបស់កងកម្លាំងថៃក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោល (MoU ឆ្នាំ២០០០) និងបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរព្រមព្រៀងប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC) ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ “កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃនោះឡើយ ហើយសកម្មភាពរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ”។
ជាមួយគ្នានេះដែរ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពបែបនេះនៅតំបន់ដែលបានលើកឡើងខាងលើនិងតំបន់កាន់កាប់ដោយខុសច្បាប់ផ្សេងទៀតតាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង ដែលឈានទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ហើយកម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះជាមួយប្រទេសថៃនិងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕
អត្ថបទដោយ៖ ស៊ន មេសា

