ក្រុម​ហ៊ុន​​ម៉ូ​រី​សុន​កាក់​ប្រាប់​​ឱ្យ​​អតិ​ថិ​ជន​ធនាគារ​ផេនដា​​​ប្រុង​​ប្រ​យ័ត្ន​​ចំ​ពោះ​​ការ​​បោក​​ប្រាស់​​ជុំ​វិញ​ការ​​ទូ​ទាត់​​សង​ប្រាក់​​

ដោយៈ

Press Start Cambodia Avatar

ក្រុម​ហ៊ុន​ម៉ូរីសុនកាក់ អិមខេអេ​ ជា​ក្រុមហ៊ុន​ជម្រះ​បញ្ជី​ នៃ​ធនាគារ​ ផេនដា ប្រាប់​ឱ្យ​អតិថិជន​ទាំង​អស់​ប្រុង​ប្រ​យ័ត្ន​​ខ្ពស់​ចំពោះ​ការ​បោក​ប្រាស់​ពាក់​ព័ន្ធ​នឹង​ការ​ទូទាត់​សងប្រាក់​បញ្ញើ​របស់​ធនាគារ​ ផេនដា​ បន្ទាប់​ពី​រកឃើញ​មាន​ក្រុម​ជន​ទុច្ចរិត​មួយចំនួន​បាន​ធានា​អះអាង​ជួយ​ឱ្យ​អតិថិជនទទួលបាន​ប្រាក់​បញ្ញើ​​ជា​ថ្នូរ​នឹង​ការ​បង់​​កម្រៃ​​ជើង​សារ​​ពី​​៤៥​ភាគរយ​​ដល់​៥៥​ភាគរយ​។​

តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​២២​ ខែកក្កដា ឆ្នាំ​២០២៦​ ក្រុមហ៊ុន​ម៉ូរីសុន​កាក់​ អិមខេអេ បាន​រកឃើញថា ក្រុម​​​ជន​ទុច្ចរិត​ទាំងនោះថែម​ទាំង​ល្បួង​ឱ្យ​អ​តិថិជន​ចុះកិច្ច​ព្រមព្រៀង​ និង​ចេញមូល​ប្បទានបត្រ​ (Cheque) ជូន​អតិថិជន​ ដើម្បី​បង្កើន​ការ​ជឿ​ទុកចិត្ត​។​

សេចក្តីជូនដំណឹងដដែល​បាន​ចាត់ទុក​សកម្មភាព​ខាងលើ​ គឺជា​ការ​បោក​​ប្រាស់​ និង​ជា​ទង្វើ​ខុស​ច្បាប់​ដោយ​បុគ្គល​ ឬក្រុម​ជនទាំង​នោះ ពុំមាន​សិទ្ធិ​អំណាច​ឬសមត្ថកិច្ច​ផ្លូវ​ច្បាប់ណាមួយ​ក្នុង​ការ​ចាត់​ចែង​ ឬធានា​ការ​ទូ​ទាត់​សងប្រាបក់​បញ្ញើ​ពីធនាគារ ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ជម្រះបញ្ជី​ឡើយ​ ហើយ​រាល់​ការ​ទូទាត់​សង​ប្រាក់​​បញ្ញើ​ជូនអតិថិជន​​ត្រូវអនុវត្ត​តាម​នីតិវិធី ​ដែល​បាន​កំណត់​ ហើយ​ក្រុមហ៊ុន​ជម្រះ​បញ្ជី​ទំនាក់​ទំនង​ជា​មួយ​​ម្ចាស់​​ប្រាក់​បញ្ញើ​ដោយ​ផ្ទាល់​ ដោ​យ​មិន​មាន​ការ​តម្រូវ​ឱ្យ​បង់​ថ្លៃ​កម្រៃ​ជើង​សារ​ឬថ្លៃ​សេវាណាមួយជា​ដាច់​​ខាត​។​

ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ បាន​ក្រើន​រំឭក​ផងដែរ​ដល់​ម្ចាស់​ប្រាក់​បញ្ញើ​ទាំង​អស់​មិន​ត្រូវ​ផ្តល់​ព័ត៌មាន​ទាក់​ទង​​​នឹង​គណនី​ ព័ត៌មាន​ផ្ទាល់ខ្លួន​ លេខ​សម្ងាត់​ ឬចុះហត្ថលេខា​លើ​កិច្ច​សន្យា​ ឬឯក​សារ​ណាមួយ​ជា​មួយ​បុគ្គល​ ឬក្រុម​ជន​ ដែល​អះអាងថា អាចជួយ​ដក​ប្រាក់​បញ្ញើ​ ព្រោះអាច​ធ្លាក់​ក្នុង​ល្បិច​កល​ដែល​នាំ​ឱ្យ​បាត់​​បង់​ផល​ប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​។​

ស្របពេល​ជាមួយគ្នានោះដែរ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ ជា​ក្រុមហ៊ុន​ជម្រះបញ្ជី​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ ដើម្បី​ស្រាវ​ជ្រាវ​និង​ចាត់វិធាន​ការតាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​ជន​ទុច្ចរិត​ទាំងនោះ។​​

គួរ​បញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ធនាគារជាតិក៏​បាន​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​​ធនាគារ​ផេនដា​ និងដាក់​ឱ្យស្ថិតក្រោមការ​ជម្រះបញ្ជី​ដោយ​ក្រុមហ៊ុនម៉ូរីសុនកាក់នេះដោយ​អះអាង​​ថា ស្ថានភាពហិរញ្ញវត្ថុនៃធនា​គារនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវា​ធនាគារបានទៀត៕​

អត្ថបទដោយ៖ តែម ស្រីណុច

អត្ថបទគួរឱ្យចាប់អារម្មណ៍