កម្ពុជា​​អំ​ពាវ​​នាវ​​ឱ្យ​ថៃ​ឈប់​ពន្យារ​ពេល​ហើយ​​វិល​​មក​​ដំ​ណើរ​​ការ​​ខណ្ឌ​សី​មា​​ព្រំ​ដែន​ដោយ​សុច្ឆន្ទៈ​

ដោយៈ

Press Start Cambodia Avatar

កម្ពុជាអះអាងថា ព្រំដែន​សមុទ្រ​និង​ព្រំដែន​គោក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រប​ខណ្ឌ​ច្បាប់និង​យន្ត​ការ​ទ្វេភាគី​​ផ្សេង​គ្នា ដោយ​​​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ​ឈប់​ពន្យា​រពេល ​និង​វិលត្រឡប់​មក​ដំណើរ​ការ​ខណ្ឌ​សីមា​ព្រំដែន​ដោយ​សុច្ឆន្ទៈ តាម​​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោម​លក្ខខណ្ឌនៃអនុស្សរណៈនៃការ​យោគយល់​​គ្នា​​ឆ្នាំ​២០០០​និង​បទ​ឈប់​បាញ់​ខែ​ធ្នូ​ ឆ្នាំ​២០២៥​។​

ការ​អះអាង​របស់​កម្ពុជា​​ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេសថៃ លោកឧបនាយក​រដ្ឋ​មន្ត្រី សីហៈសក្តិ​ ភួងកេតកែវ រដ្ឋ​មន្ត្រីការបរទេស​ថៃ បាន​អះអាង​នៅទីក្រុង​ប៉េ​កាំង​នៅសប្តាហ៍នេះ​ថា ការ​សម្រេច​ចិត្ត​របស់​​​កម្ពុជា​​ដំណើរការ​​យន្ត​ការ​ផ្សះ​ផ្សារ​ដោយ​បង្ខំ​ ក្រោម​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្តីពីនីតិ​សមុទ្រ​ (UNCLOS) បាន​ “បិទទ្វារ” ចំពោះ​ការចរចាលើ​ព្រំដែនគោក។ ប៉ុន្តែ​កម្ពុជា​បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​នេះ​ ​ហើយ​ថា មិន​​មែន​ជា​​ការ​​ពិត​​ទាល់​តែ​​សោះ​​។​ នេះបើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​និង​សហ​ប្រតិបត្តិការអន្តរជាតិ​ ចុះថ្ងៃទី​២០​ ខែ​កក្កដា ឆ្នាំ​២០២៦​។​

សេចក្តីថ្លែង​ការណ៍​សរសេរថា៖ “​កម្ពុជា​សូមអំពាវ​នាវ​ឱ្យ​ថៃ​ឈប់​បង្កើត​លេស​សម្រាប់​ការ​ពន្យារ​ពេល​ដោយ​​ចេតនា​របស់ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ដំណើរ​ការ​ខណ្ឌសីមា​ព្រំដែន​វិញ​ដោយ​សុច្ឆ​ន្ទៈ​ តាម​ការ​​ព្រម​ព្រៀង​គ្នា​រួច​ហើយ​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោម​លក្ខខណ្ឌ​នៃអនុស្សរណៈនៃការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០​ និង​បទឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥”។​​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​​ថា កម្ពុជា​ជ្រើ​សរើស​ផ្លូវ​ដោះ​ស្រាយ​តាម​ UNCLOS គឺពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​សមុទ្រតែ​មួយគត់​ហើយ​ថា ​​UNCLOS គឺជា​មធ្យោបាយ​សន្តិវិធី។​

សេចក្តីថ្លែង​ការណ៍នេះ​បន្ត​​ថា ​ជម្រើស​​ផ្លូវ​ដោះ​ស្រាយ​តាម​នីតិ​សមុទ្រមិន​អាច​ចាត់ទុក​ជា​មូលដ្ឋាន​សមស្រប​សម្រាប់ផ្អាក​ការ​ងារ​​កំ​ណត់​ខណ្ឌ​សីមាព្រំដែន​គោក​តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ព្រមព្រៀង​ព្រៀង​គ្នា​​ស្រប​តាម​អនុស្ស​រណៈ​ នៃ​ការ​យោគយល់​គ្នា​​ឆ្នាំ​២០០០ និង​​បទ​ឈប់បាញ់​នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០​២៥​។​

ក្រសួង​ការបរទេស​កម្ពុជា​បាន​លើកឡើង​ថា ប្រទេស​ថៃ​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគី​ចេញ​ពីយន្តការ​ទ្វេភាគី​ដែល​បាន​ព្រមព្រៀង​គ្នា​ ទោះបីជា​កម្ពុជា​បាន​ស្នើ​សុំ​មិន​ឱ្យ​ធ្វើ​ដូច្នេះក៏ដោយ​​ ហើយ​កន្លងមកប្រទេស​ថៃ​ខ្លួន​ឯង​បាន​បង្ហាញ​ចេតនា​របស់ខ្លួន​ម្តងហើយ​ម្តងទៀត​ ក្នុង​ការ​ពឹង​ផ្អែក​លើ​ UNCLOS ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ។​

ក្រសួង​ការ​បរទេសបាន​បញ្ជាក់ទៀត​ថា ការ​ពន្យា​រពេល​ដំណើរ​ការ​ងារ​ខណ្ឌសីមា​ព្រំដែន​ដោយ​គ្មាន​កំណត់​ ដើម្បី​កាន់​កាប់​ជា​អចិន្ត្រៃយ៍​ និង​កាត់​យក​ទឹកដីកម្ពុជា​ ដែល​ថៃកំពុង​កាន់កាប់ដោយ​ខុស​ច្បាប់​ គឺជា​ការ​រំ លោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ​ និង​ធម្មនុញ្ញា​អាស៊ាន​ ដែល​មិន​អាចអនុញ្ញាត​ឱ្យ​បន្ត​បាន​ឡើយ​៕​

អត្ថបទដោយ​៖ គង់ សុខណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍