ប្រមុខរាជរដ្ឋាភិបាល ឱ្យដឹងថា កម្ពុជាបានខាតបង់ចំណូលពន្ធប្រមាណពី ៥០ទៅ៦០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារការបន្ថយអត្រាពន្ធលើប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី ក្នុងកាលៈទេសដែលសេដ្ឋកិច្ចកំពុងជួបបញ្ហាប្រឈម។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យមួយ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត បានថ្លែងថា ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកំពុងប្រឈម រដ្ឋត្រូវចេញខាតផ្នែកពន្ធទៅលើប្រេងឥទ្ធនៈ និងឧបករណ៍ដែលប្រើថាមពលអគ្គិសនី។
លោកថា៖ «ក្នុងដំណាក់កាលដែលលំបាកនេះ សេដ្ឋកិច្ចដែលកំពុងប្រឈម យើងត្រូវបញ្ចេញលុយច្រើនទៀត សម្រាប់ទប់អតិផរណា មួយខែរដ្ឋត្រូវខាតពន្ធប្រហែលជា ៥០ទៅ៦០លានដុល្លារ តាមរយៈការបន្ថយពន្ធប្រេង បន្ថយពន្ធពីសម្ភារៈអគ្គិសនី ដែលប្រើថាមពលអគ្គិសនី ដើម្បីអី? ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២១ ខែកក្កដានេះ ឱ្យដឹងថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក សូន្យដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០ភាគរយ មក ១៥ភាគរយ និងប្រេងម៉ាស៊ូតពី ៤ភាគរយ មក ០ភាគរយ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០ភាគរយ មក ៤ភាគរយ និងប្រេងម៉ាស៊ូត ពី ១០ភាគរយ មក ០ភាគរយ ដោយរាជរដ្ឋាភិបាល ទទួលបន្ទុកជំនួសសរុបចំនួន ៦ភាគរយ សម្រាប់ប្រេងសាំង និង ១០ភាគរយ សម្រាប់ប្រេងម៉ាស៊ូត។
ការណ៍នេះ ក្រសួងថា តម្លៃប្រេងសាំងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដានេះ គឺត្រូវលក់ ៤៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតតម្លៃ ៤៩៥០រៀលក្នុងមួយលីត្រ។
ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេសង្កេតឃើញថា បានកើតឡើងក្រោយពីមានវិបត្តិសង្គ្រាមនៅមជ្ឈឹមបូព៌ា ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ដែលនាំឱ្យមានការបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារពិភពលោក៕
អត្ថបទដោយ៖ សុខ សារ៉េត

