សមត្ថកិច្ច​​​​បណ្ដេញ​ជនបរទេស​ជាង ៩០០នាក់​ចេញពី​កម្ពុជា ក្រោយ​រកឃើញ​ប្រព្រឹត្ត​បទ​ល្មើស​

ដោយៈ

Press Start Cambodia Avatar

អាជ្ញាធរកម្ពុជា បាន​បណ្ដេញជនបរទេសដែល​ប្រព្រឹត្ត​​បទល្មើសឆបោកបច្ចេកវិទ្យា (Online Scams) និង​បទល្មើស​ផ្សេងៗទៀត សរុប​ជាង ៩០០នាក់ ដែលមាន​ជាង ២០​សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

បើតាមការបញ្ជាក់ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​នៃ​ក្រសួង​ក្រសួង​មហាផ្ទៃ នៅថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៦នេះ បានឱ្យដឹងថា បន្ទាប់​ពី​​នាយកដ្ឋានធ្វើ​ការ​​ស៊ើបអង្កេត និង​អនុវត្តនីតិវិធី​បង្ក្រាប​ករណី​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​នៅកម្ពុជា ជាបន្តបន្ទាប់រួច​មក អាជ្ញាធរ​កម្ពុជា បាន​​សម្រេចបណ្ដេញជនបរទេសខុសច្បាប់​សរុប​ចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់​គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។

ប្រភពដដែល​បន្តថា ក្នុង​ចំណោម​ជនបរទេស​ខុសច្បាប់​ទាំង ៩៣២នាក់​​នោះដែលត្រូវបាន​បណ្តេញ​ចេញ​ មាន​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​ឆោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១៩៨នាក់ ​ក្នុងនោះមានជនជាតិចិន ១៦២​នាក់, ជនជាតិវៀតណាម ១៩នាក់ និងជនជាតិថៃ ១៧នាក់។ ចំណែក​​ ជនបរទេសចំនួន ៧៣៤នាក់ទៀត មានជាប់​ពាក់ព័ន្ធនឹងបទល្មើស​ផ្សេងៗ​ ដូចជា ការ​លួច​ឆ្លង​ដែន បន្លំ​ឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ(QR Code ក្លែងក្លាយ) ជួញដូរ ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ធ្វើការងារខុសច្បាប់ជាដើម។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ប្រតិបត្តិការបណ្ដេញ​​ចេញជន​ជាតិ​​បរទេសខុសច្បាប់​នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដែល​កន្លង​មក លោក​​បានប្រកាស​ថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬ​ជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕

អត្ថបទដោយ៖ គីម សុខលាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍