ជប៉ុនផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៣លានដុល្លារ ដល់កម្ពុជា

ដោយៈ

Press Start Cambodia Avatar

ប្រទេស​ជប៉ុន បាន​ផ្តល់ជំនួយនូវ​ទឹកប្រាក់ចំនួន ៥០០លាន​យ៉េន ឬស្មើ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក ដល់កម្ពុជា សម្រាប់​គម្រោង​ជំនួយ​សន្តិសុខ​ ដែលជា​ការលើក​កម្ពស់​សមត្ថ​ភាព​សន្តិ​សុខ និងជាការ​​​រួមចំណែក​ដល់សន្តិភាព និង​ស្ថិរភាព នៅក្នុង​សហគមន៍អន្តរជាតិ។

​ការ​ផ្តល់ជំនួយ​នេះ បាន​ធ្វើឡើង​តាមរយៈការ​ចុះហត្ថលេខា និង​ផ្លាស់​ប្តូរ​លើ​លិខិត​ប្តូរ​សារ​ ស្តីពី​ជំនួយ​សន្តិ​សុខ​ផ្លូវ​ការ (OSA)រវាង​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ សីហា និង​​ឯកអគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាព​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងការ​ពារ​ជាតិ។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូតជប៉ុន​ប្រចាំនៅ​កម្ពុជា។

ស្ថានទូតជប៉ុន បានឱ្យដឹងថា គម្រោ​ងស្តីពី​ជំនួយ​សន្តិសុខ​ផ្លូវ​ការ ដែល​មានទឹកប្រាក់​ចំនួន ៥០០​លាន​យ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក​) នេះ នឹង​ផ្តល់​នូវឧបករណ៍​បញ្ជូន​សារ ទៅកាន់​កង​ទ័ព​ជើង​គោក និង​នាវា​ល្បាត ទៅ​កាន់​កង​ទ័ព​ជើង​ទឹក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ស្ថានទូត​បានគូសបញ្ជាក់ក្នុងសំណេរ​ដើម​ថា៖ «យើងរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថ​ភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ»៕

អត្ថបទដោយ៖ គីម សុខលាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍