កម្ពុជាទទួលចុះបញ្ជីគម្រោងវិនិយោគចំនួន២៧៦ ជាមួយនឹងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារប្រមាណ១៦០ពាន់កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងចំណោមគម្រោងសរុបចំនួន២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥គម្រោង គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ និងគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ២៩១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៥ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មានដដែលបង្ហាញថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆមាសទី១នេះ រួមមានផ្នែកឧស្សាហកម្មមានទំហំទុនវិនិយោគ ២,៥៦ប៊ីលានដុល្លារអាមេរិក ហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានទំហំទុនវិនិយោគ ១,៧២ប៊ីលានដុល្លារអាមេរិក ផ្នែកទេសចរណ៍មានទំហំទុនវិនិយោគ ៣០០លានដុល្លារ និងផ្នែកកសិកម្ម និងកសិឧស្សាហកម្មមានទំហំទុនវិនិយោគ ១១៣លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ប្រភពទុនវិនិយោគឈានមុខគេរួមមានកម្ពុជា មានទុនវិនិយោគ៤១,៧៤ភាគរយ ចំណែកប្រទេសចិនឈរនៅលេខរៀងទី២ មានទុនវិនិយោគ ៣៥,៧៥ភាគរយ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី៣ មានទុនវិនិយោគ១៥,៣៨ភាគរយ៕
អត្ថបទដោយ៖ ស៊ន មេសា

