អាជ្ញាធរជាតិអប្សរា ណែនាំដល់ក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណនៅតំបន់រមណីយដ្ឋានអង្គរ បញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ឬសម្លៀកបំពាក់បុរាណដែលខុសពីទម្រង់ក្បួនខ្នាតខ្មែរ និងមិនអនុញ្ញាតឱ្យអ្នកដែលស្លៀកសម្លៀកបំពាក់បុរាណខុសទម្រង់នេះ ចូលទៅទស្សនាប្រាសាទអង្គរវត្តឡើយ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា តទៅ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាល និងអប់រំណែនាំដល់ក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៤ ខែកក្កដានេះ។ សកម្មភាពចុះអប់រំណែនាំនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងឱ្យត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងជៀសវាងការបម្រើឱ្យវប្បធម៌បរទេស។
ប្រភពដដែលបានស្រង់ប្រសាសន៍របស់អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ មកផ្សព្វផ្សាយថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួន នៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម មានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។
ការណ៍នេះ លោកសំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ ត្រូវកាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ដូចជា កំណាត់ដែលមានតម្លៃថោកៗ ដែលនាំចូលពីប្រទេសថៃទាំងស្រុង។
ជាមួយគ្នានេះ លោកថា អាជ្ញាធរជាតិអប្សរា បានដាក់កំហិតចំពោះសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់កំណាត់មកពីថៃ គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ។
ចំណែក លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូបនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ត្រូវបានស្រង់ប្រសាសន៍ដោយអាជ្ញាធរជាតិអប្សរា មកផ្សព្វផ្សាយដែរថា អាជីវករនៅមុខប្រាសាទអង្គរវត្តប្រមាណ ៧០% កំពុងជួលឈុតបុរាណខុសទម្រង់ដើម ដោយប្រើកំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ដែលប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរទាំងស្រុង។
លោកពន្យល់ថា សម្លៀកបំពាក់ខ្មែរបុរាណមានក្បួនខ្នាត និងបែងចែកតាមឋានៈយសសក្តិច្បាស់លាស់ ដូចជាហូលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រ ល្បើកសម្រាប់ឋានៈសេដ្ឋី និងកប្បាសសម្រាប់រាស្ត្រសាមញ្ញជាដើម។ ហេតុនេះ លោកបានអំពាវនាវឱ្យអាជីវករផ្លាស់ប្តូរមកប្រើប្រាស់ហូល សូត្រ និងគ្រឿងអលង្ការខ្មែរពិតប្រាកដវិញ ដើម្បីជួយគាំទ្រដល់ជាងទងនិងអ្នកតម្បាញក្នុងស្រុក ព្រមទាំងរួមគ្នាថែរក្សាវប្បធម៌ជាតិឱ្យគង់វង្ស។
លោក ចាន់ សោភ័ន បានលើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្កការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់៕
អត្ថបទដោយ៖ គីម សុខលាភ

